កីឡាជាតិ
ជាតិ
គុនខ្មែរ៖ សម្ដេច ហ៊ុន សែន ហាមមិនឱ្យផ្គូផ្គងកីឡាករត្រៀមស៊ីហ្គេម ឡើងសង្វៀនញឹកញាប់ឡើយ
17, Apr 2023 , 9:46 am        
រូបភាព
មន្រ្តីអាជ្ញាកណ្តាលលោក ជា រិទ្ធ កាត់ក្តីក្នុងការប្រកួតរវាងបង្គោលក្រហម ឈឿង ល្វៃ និងបង្គោលខៀវ សាមី បេនឆាមេក។
មន្រ្តីអាជ្ញាកណ្តាលលោក ជា រិទ្ធ កាត់ក្តីក្នុងការប្រកួតរវាងបង្គោលក្រហម ឈឿង ល្វៃ និងបង្គោលខៀវ សាមី បេនឆាមេក។
ដោយ:
សម្ដេច ហ៊ុន សែន ហាមមិនឱ្យអ្នករៀបចំកម្មវីធីប្រកួតប្រដាល់គុនខ្មែរ ផ្គូផ្គងកីឡាករដែលត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឡើងសង្វៀនញឹកញាប់ឡើយ។ សម្ដេច ថ្លែងបែបនេះ ក្រោយពីកីឡាករប្រដាល់គុនខ្មែរ ឈឿង ល្វៃ បានរងរបួសជើង ក្រោយរងបរាជ័យក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយកីឡាករថៃ សាម៊ី ប៊ែនឆាមេត។

 
តាមរយៈសារសំឡេងពិសេសជាង១២នាទីនោះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការរៀបចំផ្គូផ្គងឱ្យកីឡាករត្រៀមប្រកួតស៊ីហ្គេម ឡើងសង្វៀនញឹកញាប់ មិនមែនជារឿងល្អឡើយ ព្រោះវាអាចឱ្យកីឡាកររូបនេះ បាត់បង់ឱកាសទៅវិញទេ។ ជាក់ស្ដែងដូចកីឡាករ ឈឿន ល្វៃ ដែលកំពុងមានបញ្ហារបួសជើងនេះ។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់បែបនេះ៖«  កីឡាករដែលត្រៀមប្រកួតនៅស៊ីហ្គេម មិនគួរឱ្យចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ណាមួយនោះទេ ត្រូវរង់ចាំឱ្យការប្រកួតស៊ីហ្គេមបានចប់។ បើមិនដូច្នោះទេ កីឡាករដែលបានផ្គូផ្គងសម្រាប់ស៊ីហ្គេម នឹងត្រូវបាត់បង់ឱកាសនៅពេលនោះ បើសិនជាមានហេតុការណ៍ណាមួយកើតឡើង ដូចជាកីឡាករ ឈឿន ល្វៃ ថាតើជើងរបស់គាត់ អាចជាសះស្បើយមុនការប្រកួតស៊ីហ្គេម បានដែរឬទេ?» ។
 
សម្ដេច បញ្ជាឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ យកចិត្តទុកដាក់លើចំណុច ដោយមិនត្រូវឱ្យផ្គូផ្គងកីឡាករត្រៀមប្រកួតស៊ីហ្គេម ឡើងលើសង្វៀនណាមួយឡើយ។
 
ងាកមកបញ្ហាអាជ្ញាកណ្ដាលលើសង្វៀន នាការប្រកួតរវាង ឈឿន ល្វៃ និង សាម៊ី វិញ សម្ដេច ហ៊ុន សែន យល់ថា ការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលពេលនោះ គឺជារឿងត្រឹមត្រូវ។ ការលើកឡើងរបស់សម្ដេចនេះ ក្រោយពេលសាធារណជន រិះគន់លើអាជ្ញាកណ្ដាល ពេលចូលឃាត់ ឈឿន ល្វៃ ដែលសម្រុកវាយលើ សាម៊ី ។ គ្រានោះ ឈឿន ល្វៃ បានទាត់មួយជើង ចូលកញ្ចឹងក របស់ សាម៊ី នៅទឹកទី៣ ហើយបម្រុងនឹងចូលទៅវាយបន្ថែមទៀត ខណៈពេល សាម៊ី កំពុងវង្វេងវង្វាន់ស្មារតី តែត្រូវបានអាជ្ញាកណ្ដាលចូលឃាត់ ឈឿន ល្វៃ ភ្លាមៗ។ ក្រោយមក សាម៊ី ក៏មានឱកាសវាយបន្តរហូតដល់ទឹកទី៤ ដោយយកឈ្នះលើ ឈឿន ល្វៃ វិញ តាមរយៈការទាត់ធ្ងន់ៗ ធ្វើឱ្យ ល្វៃ មានបញ្ហារបួសជើង មិនអាចប្រកួតបាន។
 
ដោយសារសកម្មភាពអាជ្ញាកណ្ដាលបែបនេះហើយ ទើបធ្វើសាធារណជន រិះគន់យ៉ាងខ្លាំង។ តែយ៉ាងណាមន្រ្តីអាជ្ញាកណ្តាល លោក ជា រិទ្ធ បានបកស្រាយថា មូលហេតុដែលលោក ចូលឃាត់ ឈឿន ល្វៃ មិនឱ្យវាយបន្ថែមលើ សាម៊ី នោះ ដោយសារបារម្ភពីគ្រោះថ្នាក់ដល់ជីវិតរបស់កីឡាករ ព្រោះ សាម៊ី កំពុងបាត់បង់ស្មារតី ពេលត្រូវមួយជើងចំកញ្ជឹងក នោះ។ 
 
មន្រ្តីអាជ្ញាកណ្តាលដែលកាត់សេចក្តីក្នុងការប្រកួតនោះ បានសរសេរបកស្រាយថា៖«ល្វៃ ទាត់ចូលគេ(សាមី) ធ្វើឱ្យគាត់វង្វេង ហើយគាត់ត្រូវផ្តាច់ តែផ្តាច់គេអត់បាន។ ពេលនោះកីឡាករថៃបាត់បង់ជំហរតដៃលែងរួច ក្នុងនាមយើងជាអាជ្ញាកណ្តាល យើងត្រូវការពារកីឡាករកុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត»។
 
សម្តេច ហ៊ុន សែន ចាត់ទុកការបកស្រាយរបស់អាជ្ញាកណ្ដាលរូបនេះ ជារឿងត្រឹមត្រូវ ព្រោះមិនអាចបណ្ដោយឱ្យវាយគ្នា ដល់គ្រោះថ្នាក់ជីវិតនៅលើទឹកដីកម្ពុជានោះទេ។ «ចំណុចនេះខ្ញុំយល់ស្របជាមួយនឹងការបកស្រាយរបស់អាជ្ញាកណ្តាល ដោយយើងមិនអាចយកឈ្នះ ព្រោះតែចង់បានឈ្នះ ហើយអាចនឹងសម្លាប់គូប្រកួតបាននោះឡើយ។ នេះគឺជារឿងអគុណធម៌ ហើយវាខុសទៅនឹងបញ្ហាក្រឹត្រក្រមនៃកីឡាផងដែរ នៅពេលដែលដៃគូម្ខាងទៀតបាត់បង់នូវការតបតហើយ បែរជាមានការវាយសង្កត់ បន្ថែមគឺអាចឱ្យមានការស្លាប់ក៏ថាបាន។ ហើយសិនជារឿងនេះ បានកើតឡើងនៅលើទឹកដីកម្ពុជា គឺវាធ្ងន់ធ្ងរជាងអ្វីដែលបានជជែកគ្នានេះទៅទៀត»។
 
យ៉ាងណាម្ចាស់សាម៉ីខ្លួនកីឡាករ ឈឿង ល្វៃ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកថា៖«យើងមិនបន្ទោសអូសដំណើរ ព្រោះដោយសារយើងចាញ់ហើយ អ៊ីចឹង!មិនមានអ្វីដែលត្រូវបកស្រាយនោះទេ»៕ 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ឈឿង ល្វៃ
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com