ជាតិ
វីដេអូ ៨០ភាគរយ លើបណ្តាញសង្គម ជះផលអាក្រក់ដល់យុវជន តែក្រសួងវប្បធម៌បានអប់រំហើយ
17, Apr 2023 , 11:09 am        
រូបភាព
លោក ប៉ុក បូរក្ស  ប្រធាននាយកដ្ឋាន សិល្បៈភាពយន្ត  និង ផ្សព្វផ្សាយវប្បធម៌ រូបភាពរបស់សារព័ត៌មានថ្មីៗ
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋាន សិល្បៈភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ រូបភាពរបស់សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ប្រធាននាយកដ្ឋាន សិល្បៈភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ លោក ប៉ុក បូរក្ស បាននិយាយថា សមិទ្ធផលភាពយន្ត ទាំងនៅក្នុងរោងភាពយន្ត លើកញ្ចក់ទូរទស្សន៍ និង ភាពយន្តឯករាជ្យ មានការគ្រប់គ្រងលើខ្លឹមសារ កាយវិការ ពិសេសរូបភាពអាសអាភាស ឬ ពាក្យពេចន៍មួយចំនួន ពីអ្នកជំនាញវប្បធម៌បានច្រើនគួរសម។ ប៉ុន្តែកត្តាប្រឈមគឺវីដេអូសឹងតែ ៨០ភាគរយ លើបណ្តាញសង្គមផ្សេងៗ ដែលវាជះផលអាក្រក់ដល់សង្គម ពិសេសយុវជនខ្មែរសព្វថ្ងៃ។ ការណ៍នេះ ក្រសួងវប្បធម៌ បានសហការជាមួយក្រសួងកិច្ចការនារី និង ក្រសួងប្រៃសណីយ៍ តែងអប់រំ ដល់អ្នកធ្វើខុសទាំងនោះ និងត្រូវបញ្ជូនទៅប៉ុស្តិ៍ក្នុងករណីធ្ងន់ធ្ងរ។ លោក បូរក្ស បញ្ជាក់ថា ក្រសួងវប្បធម៌មិនអាចចាត់វិធានការណ៍ក្តៅពេកទេ ព្រោះគោរពដល់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ តែក៏ត្រូវស្ថិតនៅក្រោមច្បាប់ដែរ។

 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង លោក ប៉ុក បូរក្ស  ប្រធាននាយកដ្ឋាន សិល្បៈភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌  ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖ 



 
កញ្ញា សុង សុធាវី៖ កន្លងមកនាងខ្ញុំបានជួបសម្ភាសលោកម្តងហើយ ថា សមិទ្ធផល ដែលបានផ្សាយចេញទៅកាន់ទីផ្សារ រមែងមានគុណវិបត្តិខ្លះ ពិសេសរូបភាពអាសអាភាស និងពាក្យសំដីមិនសូវសមរម្យមួយចំនួននៅក្នុងវីដេអូ តើក្រសួងវប្បធម៌ មានការពង្រឹង និងចាត់វិធានការណ៍បែបណាទៅកាន់ពួកគេ ដើម្បីឈានទៅរកភាពប្រសើរ?
 
លោក ប៉ុក បូរក្ស៖  ពាក់ព័ន្ធលើចំនុចនេះ បើយើងមើលទៅលើភាពយន្តដែលចាក់បញ្ចាំងរាល់ថ្ងៃ  ទាំងនៅតាមបណ្តារោងភាពយន្ត តាមកញ្ចក់ទូរទស្សន៍ និង ភាពយន្តឯករាជ្យ ដែលបានចូលក្នុងមហោស្រព ចំពោះផលប៉ះពាល់ឃើញថា យើងអាចគ្រប់គ្រងបានច្រើន ដោយសារការពិនិត្យម៉ត់ចត់។ បច្ចុប្បន្ននៅក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ យើងមានការផ្លាស់ប្តូរប្រព័ន្ធក្នុងការត្រួតពិនិត្យ  ទៅជាការធ្វើចំណាត់ថ្នាក់វិញ។ អ៊ីចឹង យើងមានការបើកទូលាយឱ្យផលិតករមានសេរីភាពក្នុងការផលិត ហើយរឿងខ្លះ មនុស្សគ្រប់វ័យអាចមើលបាន តែរឿងខ្លះ ទាល់តែយុវវ័យលើសពី ១៨ឆ្នាំទើបអាចមើលបាន! ព្រោះមាតិការខ្លះ វាអាចប្រើពាក្យពេចន៍ដែលបង្ហាញពីហឹង្សា ឬ អាចប៉ះពាល់ដល់អារម្មណ៍ ។ល។ ទាំងនេះជាការបើកឱ្យមានភាពទូលាយ ដើម្បីឱ្យផលិតករមានសេរីភាពក្នុងការផលិត ដែលយើងក៏បានធ្វើរឿងទាំងហ្នឹងច្រើន។ 
 
តែអ្វី យើងបារម្ភ និងជាកត្តាប្រឈមច្រើន ដែលតែងកើតឡើង ដូចកញ្ញា បានដឹងហើយ ពិសេសនៅតាមបណ្តាញសង្គមមួយចំនួន ដោយសារតែមានភាពទូលាយពេក! អ្នកខ្លះមានទូរសព្ទតែមួយ ក៏គាត់អាចយកទៅកាត់ចេញជារឿង ដើម្បីផ្សព្វផ្សាយបានដែរ ហើយមាតិកាភាគច្រើន រមែងជះឥទ្ធិពលមិនល្អដល់សង្គម! ខ្ញុំអាចវាយតម្លៃបានថា មាតិកានៅលើបណ្តាញសង្គមរាល់ថ្ងៃ សឹងតែ៨០%ហើយ ដែលមិនមានខ្លឹមសារអប់រំ តែបែជាប៉ះពាល់ដល់សង្គមវិញ ពិសេសយុវជន។ សូម្បីតែកុមាររាល់ថ្ងៃក៏ទទួលរងផលប៉ះពាល់ខ្លាំង តាមរយៈការប្រើប្រាស់ទូរសព្ទមិនបានត្រឹមត្រូវផងដែរ។ អ៊ីចឹង ការចូលមើលបាននេះ តែមាតិកាខ្លះ វាមិនត្រូវជាមួយពួកគាត់ទេ! អ៊ីចឹង វាទាមទារឱ្យមានការអប់រំពីអ្នកអាណាព្យបាល ទៅលើកូនរបស់ខ្លូនជាចាំបាច់ ព្រោះអនិតិជន វាត្រូវឋិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ។ អ៊ីចឹង អាណាព្យាបាលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងកូនរបស់ខ្លួន តាមរយៈការរឹតក្បិត ចំពោះមាតិកា ដែលមិនត្រូវនឹងអាយុរបស់ពួកគាត់។ 


លោក ប៉ុក បូរក្ស  ប្រធាននាយកដ្ឋាន សិល្បៈភាពយន្ត  និង ផ្សព្វផ្សាយវប្បធម៌ ក្នុងបទសម្ភាស ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ 
 
កញ្ញា សុង សុធាវី៖ ក្រៅពីនេះ តើក្រសួងវប្បធម៌មានចំណាត់ការបែបណាទៅកាន់អ្នកផលិតវីដេអូទាំងនោះ?
 
លោក ប៉ុក បូរក្ស៖  ជាមួយគ្នានេះ គឺការអប់រំ អ្នកផលិតមាតិកាវីដេអូទាំងអស់ហ្នឹង! ហើយវិធានការណ៍ ដែលយើងតែងអនុវត្តន៍កន្លងមកគឺ ក្រសួងវប្បធម៌ តែងតែសហការជាមួយ ក្រសួងកិច្ចការនារី និង ក្រសួងប្រៃសណីយ៍។ យើងបានកោះហៅអ្នកដែលផលិតមាតិកាហ្នឹងទាំងអស់មកធ្វើការអប់រំណែនាំ ថា អ្វីខ្លះគួរធ្វើ ឬ អ្វីខ្លះដែលមិនគួរធ្វើ! និង លទ្ធភាពប៉ុន្មាន ដែលអាចឱ្យគាត់ធ្វើការ? ប៉ុន្តែ យើងឃើញមានការខុសឆ្គង និង ការប្រឈមជាច្រើនទៀត។ ក្នុងករណីអប់រំណែនាំហើយ តែនៅកើតមាន នោះយើងនឹងមានវិធានការណ៍បន្តទៀត តាមរយៈការប្តឹងទៅសមត្ថកិច្ច ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់ ទៅលើបុគ្គលដែលមិនរាងចាល ហើយតែងប្រព្រឹត្តវាដដែលៗហ្នឹង ដែលមានរូបភាពគ្រោធគ្រាត អាសអាភាស ។ល។ 
 
កញ្ញា សុង សុធាវី៖  ត្រង់ចំនុចនេះ មានមតិមួយចំនួនគាត់ស្នើឱ្យក្រសួង មានការអនុវត្តន៍នូវវិធានការណ៍មុតមាំ ហើយកុំគ្រាន់តែឱ្យសុំទោសហើយ ចប់រឿងនោះ។ តើមានវិធានការណ៍ក្តៅបែបណាទៀត ដើម្បីឱ្យមហាជន កាន់តែមានភាពកក់ក្តៅជាងនេះ?
 
លោក ប៉ុក បូរក្ស៖  បាទ មកដល់ពេលនេះ យើងក៏កំពុងសិក្សាលើចំនុចហ្នឹង និង ទទួលយកមតិស្ថាបនាពីសាធារណជន ហើយយើងតែងតែអរគុណ ដល់សាធារណជន ដែលលោកតែងតែខ្វល់ខ្វាយ យកចិត្តទុកដាក់ ចំពោះផលប៉ះពាល់ទៅលើប្រពៃណី ក៏ដូចជាវប្បធម៌។ យើងទទួលយក ហើយការធ្វើការរបស់យើងគឺសហការជាមួយសា្ថប័នពាក់ព័ន្ធ ពិសេសកម្លាំងនគរបាល ដែលជាអ្នកមានសមត្ថកិច្ចលើការងារនេះ។ យើងក៏ធ្វើការងារនេះជាមួយ ក្រសួងប្រៃសណីយ៍ ដែលលោកមានតួនាទីក្នុងការគ្រប់គ្រងលើបណ្តាញសង្គមថា មាតិការមួយហ្នឹង ឬ ផេកមួយហ្នឹង ដែលធ្វើឱ្យមានការប៉ះពាល់ នោះអាចនឹងឈានទៅដល់ការបិទផេករបស់គាត់។ យើងក៏ឈានទៅដល់ការប្តឹងគាត់ថែមទៀត ហើយករណីកន្លងមកក៏យើងបានប្តឹងទៅកាន់បុគ្គលមួយចំនួន ដែលគាត់បានប្រព្រឹត្តលើសលួសខ្លាំង។ ប៉ុន្តែ ខ្ញុំចង់ជម្រាបជូនថា នៅក្នុងពេលបច្ចុប្បន្ននេះ អ្វីដែលយើងបានធ្វើជាប្រចាំក្នុងក្របខណ្ឌក្រសួងគឺ ព្យាយាមអប់រំណែនាំ ដោយសារយើងនៅតែគោរពនូវសេរីភាពក្នុងការបញ្ចេញមតិ ដែលមាននៅក្នុងអនុសញ្ញារបស់អង្គការយូណេស្កូរ ហើយើងត្រូវតែគោរពសិទ្ធបញ្ចេញមតិរបស់ពួកគាត់ ប៉ុន្តែក៏ត្រូវឋិតនៅក្រោមច្បាប់ដែរ។ សិទ្ធក្នុងការបញ្ចេញមតិនោះក៏មិនត្រូវលើសពីច្បាប់ដែលប្រទេសនោះគ្រប់គ្រងទេ។ អ៊ីចឹង យើងនឹងព្យាយាមអនុវត្តន៍វាអោយបានច្រើន ហើយមធ្យោបាយ ដែលល្អបំផុត មិនមែនទាល់តែប្រើធម៌ក្តៅទាំងអស់នោះទេ ហើយការអប់រំ ណែនាំឱ្យប្រជាជនយល់ ដូចការលើកឡើងពីខាងដើមហ្នឹង ទាំងអាណាព្យាបាល យុវជនខ្លួនឯង និងអ្នកមានតួនាទីក្នុងការផលិតហ្នឹងយល់ទាំងអស់គ្នាទៅ នោះនឹងអាចកាត់បន្ថយបានច្រើន៕
 
 

Tag:
 វិស័យសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com