ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពីសាស្រ្តាចារ្យភាសាអង់គ្លេស លោក រស់ សុវាចា ក្លាយជាអ្នកនាំពាក្យក្រសួងអប់រំ
17, Apr 2023 , 7:09 pm        
រូបភាព
លោក រស់  សុវាចា  អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា    រូបភាពរបស់សារព័ត៌មានថ្មីៗ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបភាពរបស់សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ អតីតនិស្សិតផ្នែកអប់រំមកពី សហរដ្ឋអាម៉េរិក លោក រស់ សុវាចា បច្ចុប្បន្នជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ហើយលោកក៏ជាអតីតសាស្រ្តាចារ្យផ្នែកភាសាអង់គ្លេស នៅ RUPP ផងដែរ។  តាមរយៈបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មានថ្មីៗ លោកបញ្ជាក់ថា ការទទួលបានតំណែងនេះដំបូង លោកហាក់ភ្ញាក់ផ្អើល ហើយក៏ធ្លាប់គេងមិនសូវលក់ជាងពីរអាទិត្យដែរ ។ តែដោយសារស្រឡាញ់វិស័យអប់រំ និងតែងធ្វើកាងារមុតមាំនោះ បានជួយឱ្យលោក រស់ សុវាចា ឆ្លងកាត់ឧបសគ្គ និងឈរជើងក្នុងកិច្ចការដ៏សំខាន់នេះ។

 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ជាមួយ កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖



 
កញ្ញា សុង សុធាវី៖ ជម្រាបសួ លោក រស់ សុវាចា ហើយក៏សូមអរគុណចំពោះការផ្តល់បទសម្ភាសផ្តាច់មុខ ជាមួយសារព័ត៌មានថ្មីៗ ក្នុងកម្មវិធី «គំនិតថ្មី» ពីសាស្រ្តាចារ្យផ្នែកភាសាអង់គ្លេស តែក្រោយមកលោកបានក្លាយជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា តើត្រូវបត់បែបជាមួយការងារថ្មីនេះដូចម្តេច?
 
លោក រស់ សុវាចា៖  សូមអរគុណសារព័ត៌មានថ្មីៗ!  បាទនេះជាដំណើរវែងឆ្ងាយ នៃការរៀនសូត្រ និងជីវិតការងាររបស់ខ្ញុំ ដែលខ្ញុំមានភ័ព្វសំណាងបានជួប សាស្រ្តាចារ្យល្អៗជាច្រើន ហើយខ្ញុំតែងយកគ្រប់គ្នាធ្វើជាគ្រូ។ អ៊ីចឹង នៅពេលមួយដែលខ្ញុំបានចូលក្នុងក្របខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា ហើយក្រោយមកខ្ញុំក៏បានទទួលនូវទំនុកចិត្តខ្ពស់មែនទែនពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានឱ្យខ្ញុំធ្វើជាអ្នកនាំពាក្យ។ អ៊ីចឹង កៀកថ្ងៃតែងតាំងនោះតែម្តងរូបខ្ញុំគឺមិនបានដឹងខ្លួនមុនទេ ប៉ុន្តែក្រោយពីថ្ងៃតែងតាំងភ្លាម មានករណីឱ្យរូបខ្ញុំផ្ទាល់ទៅបំភ្លឺដេល់មហាជន ដើម្បីឱ្យជា្របពីការប្រឡងបាក់ឌុប ក្នុងស្ថានភាពមួយនោះ។ រួចហើយកាលនោះ កញ្ញា សុធាវី និយាយតាមត្រង់ទៅ ខ្ញុំគេងមិនសូវលក់ទេជាងពីរសប្តាហ៍ដំបូង!  ដោយសារតែកិច្ចការជាអ្នកនាំពាក្យហ្នឹងជាការងារថ្មីសម្រាប់ខ្ញុំ។ អ៊ីចឹង ការសម្ភាសផ្ទាល់តាមរយៈទូរសព្ទដៃ ឬ តាមទូរទស្សន៍ផ្សេងៗមានការទាក់ទងមកច្រើននៅក្នុងថ្ងៃទី១ រហូតដល់សប្តាហ៍ទី២ នៃការងារជាអ្នកនាំពាក្យតាំងពីដើមទីនោះតែម្តង។ អ៊ីចឹង ខ្ញុំគេងអត់លក់ទេ ស្រមៃឃើញតែទូរសព្ទរោទិ៍មករហូត ហើយឃើញតែបងៗសារព័តមានសួរ! ទាល់ទែអាទិត្យទី៣ ទី៤មក ទើបរូបខ្ញុំរាងស៊ាំ។ អរគុណជាមួយនឹងឱកាស ដែលយើងបានរៀនសូត្រ ក្នុងការឆ្លើយតបជាមួយបងប្អូនអ្នកសារព័ត៌មាន។ 
 
កញ្ញា សុង សុធាវី៖ ទម្រាំតែថ្នាក់ដឹកនាំកំពូលនៃក្រសួងអប់រំ ដូចជារដ្ឋមន្រ្តីទុកចិត្ត មិនមែនជារឿងសាមញ្ញាទេ តើលោកតែងសាងស្នាដៃដោយខ្លួនឯងបែបណា ដែលពីមុនមកមិនដែលធ្វើការងារមួយនេះទេ?
 
លោក រស់ សុវាចា៖ គ្រប់ការងារដែលខ្ញុំទទួល ក៏ដូចជាកាន់តួនាទី  ខ្ញុំត្រូវតែធ្វើឱ្យអស់ពីលទ្ធភាព មានន័យថា ត្រូវប្រឹងប្រែងធ្វើឱ្យអស់ពីកម្លាំងចិត កម្លាំងកាយ និងកម្លាំងប្រាជ្ញា! អ៊ីចឹងកាលពីដំបូងក្នុងការបំពេញការងារនៅក្រសួងអប់រំ យុវជន និងកីឡា រូបខ្ញុំជា អគ្គនាយករងគោលនយោបាយ និងផែនការ។ 

លោក រស់  សុវាចា  អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ  រូបភាពរបស់សារព័ត៌មានថ្មីៗ
 
ខ្ញុំទទួលបានការចាត់តាំងគ្រប់បែបយ៉ាងពីក្រសួង ហើយតែងតែធ្វើឱ្យអស់ពីចិត្ត និងក្តីស្រឡាញ់ចំពោះការងារអប់រំនេះ។ វាក៏ជាការទទួលបានឥទ្ធិពលពីប៉ាខ្ញុំដែរ ព្រោះលោកជាគ្រូភាសាបារាំង នៅឯខេត្តស្វាយរៀង។ បន្ទាប់មកលោកបានទទួលតួនាទីក្នុងក្រសួងអប់រំ យុវជន និងកីឡាដែរ មុនពេលលោកចែកឋាន។ 
 
អ៊ីចឹងពាក្យថាអប់រំនេះ ជាពាក្យមួយ ដែលមានន័យជ្រាលជ្រៅនៅក្នុងអារម្មណ៍ ក៏ដូចជាគំនិតរបស់ខ្ញុំដែរ។ អ៊ីចឹងក្រោយពេលទទួលបានតួនាទីជាអ្នកនាំពាក្យនោះ សម្រាប់ខ្ញុំទោះបីជាការងារនេះថ្មីចំពោះខ្ញុំមែន តែខ្ញុំប្រាប់ខ្លួនឯងថា នេះជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពទាំងឡាយ ដែលខ្ញុំបានទទួលការទុកចិត្តពីថ្នាក់ដឹកនាំ។ 
 
កញ្ញា សុង សុធាវី៖ នេះជាការងារថ្មីសម្រាប់លោក តែទំនួលខុសត្រូវក៏មិនអាចឆ្លើយតបខុសទេទៅកាន់ស្ថាប័នពាក់ព័ន្ធនានា! តើលោកត្រូវរៀនខ្លួនឯង និង ធ្វើការឱ្យមានប្រសិទ្ធភាពក្នុងពេលតែមួយដូចម្តេច?
 
លោក រស់ សុវាចា៖  តួនាទីមានច្រើនសម្រាប់អ្នកនាំពាក្យ ហើយក្នុងនោះសម្រាប់ខ្ញុំផ្ទាល់បានរៀនវគ្គបណ្តុះបណ្តាល ដែលមានលោក ផៃ ស៊ីផានជាប្រធានអ្នកនាំពាក្យរបស់រដ្ឋាភិបាល។ កិច្ចការមួយ ដែលខ្ញុំតែងយកចិត្តទុកដាក់ក្នុងចំណោមកិច្ចការងារជាច្រើនរបស់អ្នកនាំពាក្យគឺ   អ្នកនាំពាក្យមានតួនាទីការពារស្ថាប័ន។ អ៊ីចឹង មានន័យថា យើងត្រូវប្រើចំណេះដឹង ចំណេះធ្វើ  និងសហការជាមួយប្រភពព័ត៌មានយ៉ាងជិតស្និទបំផុត ព្រោះសំណួររបស់បងប្អូនអ្នកសារព័ត៌មានមានច្រើនមុម។ អ៊ីចឹង ការឆ្លើយតបទៅកាន់អ្នកសារព័ត៌មានវិញ ក៏ដូចជាមហាជនត្រូវប្រមូលប្រភពព័ត៌មានពីបងៗនៅក្រសួងអប់រំនេះផង និងពីទំព័រហ្វេសប៊ុកផ្លូវការមហាជនផង។ល។ ទើបយើងបអាចធ្វើការឆ្លើយតបទៅកាន់ពួកគាត់ទាំងអស់ ក៏ដូចជាការផ្សាយផ្ទាល់ផងដែរ។ 
 
កញ្ញា សុង សុធាវី៖ យើងដឹងហើយ អ្នកនាំពាក្យ មានការងារច្រើនត្រូវបំពេញ ចុះបើភាគីជាច្រើនសម្រុកទំនាក់ទំនងក្នុងពេលតែមួយ តើលោកអាចគ្រប់គ្រងអារម្មណ៍ និងឆ្លើយតបវិញដោយរលូនដូចម្តេច?
 
លោក រស់ សុវាចា៖ បាទ សម័យបច្ចេកវិទ្យា វាមានមុខពីរ កាលណាប្រើត្រូវវាមានប្រយោជន៍ តែបើប្រើខុសវាក៏នាំឱ្យជួបបញ្ហាដូចគ្នា។ ក្នុងការងារជាអ្នកនាំពាក្យនេះ ខ្ញុំបានទាញប្រយោជន៍ពីសារព័ត៌មានបែបឌីជីថលច្រើន។ ជាក់ស្តែង ខ្ញុំបានប្រើប្រាស់ទូរសព្ទដៃ ក្នុងការឆ្លើយតបទៅកាន់គ្រប់បណ្តាញព័ត៌មាន ក៏ដូចជាគ្រប់មជ្ឈដ្ឋាន ដែលត្រូវការព័ត៌មាន។ មួយទៀត ប្រព័ន្ធឌីជីថល ក៏បានជួយវិស័យអប់រំឱ្យធ្វើដំណើរបានលឿន ។ល។ អ៊ីចឹង ខ្ញុំផ្ទាល់ដែលជាអ្នកនាំពាក្យ ក៏បានប្រើឌីជីលទាំងអស់ហ្នឹងឱ្យសមស្របគ្រប់ភាគីពាក់ព័ន្ធផងដែរ។ 
 
កញ្ញា សុង សុធាវី៖  ថ្ងៃនេះបានមកសម្ភាសលោកផ្ទាល់ជាករណីពិសេសមួយ តែរាល់ថ្ងៃលោកត្រូវឆ្លើយតបជាមួយស្ថាប័នព័ត៌មានរាប់រយទូទាំងប្រទេស  តើត្រូវបែងចែកការងារជាអាទិភាពដូចម្តេចខ្លះលោក?
 
លោក រស់ សុវាចា៖ ការទទួលសំណួរពីបណ្តាសារព័ត៌មាន មានច្រើនទម្រង់ ខ្លះតាមទូរសព្ទដៃ តាមតេឡេក្រាម អ៊ីម៉េល។ល។ អ៊ីចឹង ក្នុងការទទួលសំណួរនោះមានបីដំណាក់កាលគឺ មុន កំឡុងពេលធ្វើ និងក្រោយពេលធ្វើ។ ក្រោយពីបានសំណួរមក មានសំណួរខ្លះ ខ្ញុំបានឆ្លើយតបរួចហើយ នោះយើងបានដឹងជាមុន។ សំណួរខ្លះកើតឡើងជាយថាហេតុ នៅតាមទីតាំងភូមិសាស្រ្ត ឬ បណ្តាខេត្តផ្សេងៗពីគ្នានៅទូទាំងប្រទេស។ អ៊ីចឹង ខ្ញុំត្រូវធ្វើការងារនេះយ៉ាងស្អិតរមួតមែនទែនជាមួយបងៗ មន្ទីរអប់រំ យុវជន និងកីឡាតាមបណ្តាខេត្តនៃប្រទេសកម្ពុជា។ បន្ទាប់មកយើងផ្តល់ព័ត៌មាន ដែលបានមកពីការស្រាវជ្រាវគ្រប់គ្រាន់។ 
 
កញ្ញា សុង សុធាវី៖ ឃើញថា លោកជាអ្នកនាំពាក្យមួយរូបដែលមានវ័យក្មេង ហើយសមត្ថភាពក្នុងការឆ្លើយតបជាមួយភាគីពាក់ព័ន្ធក៏មានការទទួលស្គាល់ពីមហាជនភាគច្រើន តែមានអ្នកសារព័ត៌មានមួយចំនួនហាក់អន់ចិត្ត  ពេលដែលមិនអាចទាក់ទងសុំការឆ្លើយតបពីលោកនៅពេលខ្លះ។ តើលោកមានការបកស្រាយបែបណា?
 
លោក រស់ សុវាចា៖  នៅក្នុងការងាររបស់យើង ក៏ដូចជាជីវិតបុគ្គលដែរ ហើយខ្ញុំផ្ទាល់ជាមនុស្សធម្មតា មិនមែនជាអាទិទេពទេ។ ប៉ុន្តែអ្វីដែលខ្ញុំអាច បញ្ជាក់បងប្អូនបានថា ខ្ញុំបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងប្រវត្តិកិច្ចការជាអ្នកនាំពាក្យ  ក៏ដូចជាប្រវត្តិកិច្ចការងារទូទៅរបស់ខ្ញុំផងដែរ។ ខ្ញុំតែងទទួលខុសត្រូវនូវកិច្ចការដែលខ្ញុំបានទទួល ក៏ដូចជាការឆ្លើយតបទៅកាន់អង្គសារព័ត៌មានគ្រប់និន្នាការនេះផងដែរបាទ។ 
 
កញ្ញា សុង សុធាវី៖ ចុះរឿងក្រោយឆាកវិញ ទាំងរឿងដែលលោកបានដឹងមុន ឬ មិនទាន់ដឹងច្បាស់ តែត្រូវឆ្លើយតបទៅកាន់អ្នកសារព័ត៌មានដោយមិនអាចបង្អង់យូរ តើអ្វីជាផលលំបាកសម្រាប់អាជីពអ្នកនាំពាក្យ?
 
លោក រស់ សុវាចា៖ បាទ សម្រាប់ខ្ញុំផ្ទាល់ តែងតែបង្វែបញ្ហាប្រឈមឱ្យទៅជាឱកាស! នៅក្នុងជីវិតយើងនេះ តែងតែមានឱកាស និងការប្រឈមនៅទន្ទឹមគ្នាផងដែរ។ អ៊ីចឹង រាល់ពេលជួបបញ្ហាប្រឈមនានានោះ ខ្ញុំតែងគិតបែបវិជ្ជមានទៅវិញទេ។ ជីវិតយើងនេះ មាន២៤ម៉ោងក្នុងមួយថ្ងៃ ហើយមាន៧ថ្ងៃក្នុងមួយសប្តាហ៍។ អ៊ីចឹង យើងតែងមានអាទិភាពផ្សេងៗក្នុងការឆ្លើយតប។ ក្រៅពីការងារជាអ្នកនាំពាក្យនេះ រូបខ្ញុំផ្ទាល់ក៏មានការងារសំខាន់មួយទៀតនៅ «អគ្គលេខាធិការដ្ឋានផ្តល់ការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា» ហៅកាត់ថា ACC  ហើយក្នុងនោះ ខ្ញុំក៏មានការងារមួយចំនួនជាអាទិភាព រួមទាំងជីវិតឯកជន និងគ្រួសារ។  ដូចនេះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងនាមជាមនុស្ស ដែលមិនមែនជាអាទិទេពនេះ ខ្ញុំក៏ឆ្លៀតឱកាសអរគុណដល់បងប្អូនសារព័ត៌មាន ដែលមានការសហការល្អជាទូទៅ ហើយកិច្ចសហការនោះគឺត្រូវការគ្នាទៅវិញទៅមក មានន័យថា អ្នកសារព័ត៌មាន និងអ្នកនាំពាក្យជាចរន្តពីរផ្លូវ ដើម្បីជូនព័ត៌មានទាំងអស់ទៅកាន់បងប្អូនសាធារណេជន៕
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com