ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រធានសសសក៖ ការផ្សាយគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាជម្រើស តែកុំបំផុស
17, Apr 2023 , 9:09 pm        
រូបភាព
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ( សសសក)  រូបភាពរបស់សារព័តមានថ្មីៗ
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ( សសសក) រូបភាពរបស់សារព័តមានថ្មីៗ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ការផ្សាយស្រាបៀឬ គ្រឿងស្រវឹងនានា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា គឺជាជម្រើសរបស់ស្ថាប័នសារព័ត៌មាន ទូរទស្សន៍ វិទ្យុ ។ល។ ក្នុងការទទួលផ្សាយ ឬ ក៏បដិសេធ តែវាក៏បំផ្លាញសុខភាពរបស់មនុស្សជាតិផងដែរ។  ប៉ុន្តែស្ថាប័នមួយចំនួន ដែលទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងនោះ មិនគួរបន្ថែមការបំផុស ឬ ជំរុញឱ្យផឹកទៀតទេ។ ទាំងនេះជាការបញ្ជាក់ពីលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។

 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី្ម» នៃសារព័ត៌មានថ្មីៗ ជាមួយ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដូចតទៅ៖ 
 


 
កញ្ញា សុង សុធាវី៖  ឯកឧត្តម រឿងមួយសំខាន់ណាស់ គឺរូបភាពនៃការផ្សាយសុរានៅកម្ពុជា សឹងតែទូទាំងប្រទេសហើយ តែសម្រាប់យើងជាអ្នកសារព័ត៌មាន តើលោកមានចំណាត់ការបែបណា ក្នុងការលើកមុខមាត់ប្រទេសជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្នុងនាមលោកជាប្រធាន សសសក ស្រាប់តែម្តង?
 
លោក ហ៊ុយ វណ្ណៈ៖ បាទ រឿងនេះ យើងផ្តល់ការសម្រេចចិត្តទាំងស្រុងទៅលើស្ថាប័នទាំងនោះ តែត្រូវគិតថា អ្វីដែលសំខាន់ និង ចំពោះមុខ? មួយទៀត ត្រូវថ្លឹងថា ពេលដំណើរការព្រឹត្តិការណ៍ស៊ីហ្គេម តើយើងរំលេចអ្វីជាភាពចាំបាច់? ជៀសវាងទាញការចាប់អារម្មណ៍របស់ប្រជាជាតិយើងឱ្យភ្លេចនូវគុណតម្លៃ ដែលកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេមទៅកាន់ពិភពលោក ក៏ដូចជាការបង្ហាញពីសមត្ថភាពជាតិរបស់យើងផងដែរ។ 
 
កញ្ញា សុង សុធាវី៖ យើងឃើញថា ការលេងកីឡានាំមកនូវសុខភាព តែការបរិភោគគ្រឿងស្រវឹង វាប៉ះពាល់ដល់សុខភាព  តើក្នុងនាមលោកជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ពង្រឹងសមត្ថភាពសមាជិកខ្លួនដូចម្តេចក្នុងបរិបទនេះ ដើម្បីចូលរួមទប់ស្កាត់ការផ្សាយគ្រឿងស្រវឹងឱ្យមានប្រសិទ្ធភាព? 

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ រូបភាពរបស់សារព័តមានថ្មីៗ
 
លោក ហ៊ុយ វណ្ណៈ៖  ចំពោះខ្ញុំ គិតថាកីឡាករមិនទទួលទានគ្រឿងស្រវឹងក្នុងការប្រកួតទេ ហើយកីឡាករទាំងអស់នឹងផ្តោតទៅលើការហ្វឹកហាត់ និងបំប៉នសមត្ថភាពលើការប្រកួត។ ការប្រកួតនេះក៏ដោយ សូមប្រជាជាតិយើងកុំគិតតែទៅលើថា ប្រកួតដើម្បីតែឈ្នះមេដាយ តែពេលនេះគឺជាតិយើងឈ្នះ។ ដូច្នេះ បញ្ហាគ្រឿងស្រវឹងនេះ វាពិតជាប៉ះពាល់សុខភាពមែន! ហើយក្នុងឱកាសនៃការផ្សព្វផ្សាយស៊ីហ្គេមនេះ ខ្ញុំជឿថា មានក្រុមហ៊ុនជាច្រើន ឆ្លៀតឱកាសដាក់ផ្សព្វផ្សាយ ប៉ុន្តែនៅក្នុងបរិបទប្រទេសកម្ពុជាមានការផ្សព្វផ្សាយតាមផ្លូវ តាមរយៈផ្ទាំងផ្សាយណាណិជ្ជកម្មហ្នឹងឃើញច្រើន! អ៊ីចឹង ខ្ញុំសំណូមពរម្ចាស់ក្រុមហ៊ុនស្រាហ្នឹងក៏ដោយ ទូរទស្សន៍ បណ្តាញសារព័ត៌មាន  បណ្តាញអនឡាញន៍។ល។ សូមធ្វើការច្នៃប្រឌិត ដែលយើងមិនអាចធ្វើការទាត់ចោលទាំងអស់បានទេ នូវតម្រូវការ ដែលយើងយកមកប្រើប្រាស់រាល់ថ្ងៃ ហើយមិនអាចបដិសេធបានទេ។ វាជាប្រពៃណីតែម្តង បើថាធ្វើបុណ្យ ឬ ពិធីការ គឺមានគ្រប់កម្មវិធី ប៉ុន្តែត្រូវមានការច្នៃប្រឌិត ហើយយើងមិនអាចនិយាយថា ត្រូវតែបិទមិនឱ្យផ្សាយទាំងស្រុងនោះទេ។ 
 
កញ្ញា សុង សុធាវី៖  មានការលើកឡើងថា ស៊ីហ្គេមជិតមកដល់ហើយ និងចង់ឱ្យមានបរិយាកាសល្អ ដោយមិនមានការផ្សាយគ្រឿងស្រវឹង តើឧត្តមគិតថាយើងរួមគ្នាយ៉ាងម៉ិច ដើម្បីឱ្យមួយឆ្នាំហ្នឹងមានការវាយតម្លៃល្អ សម្រាប់កម្ពុជា? 
 
លោក ហ៊ុយ វណ្ណៈ៖ ខ្ញុំគិតថា សំណួរនេះល្អ បើសិនជាយើងអាចធ្វើបាន! មានន័យថា យើងទុកឱ្យផ្នែកហ្នឹងអាចទៅមុខដោយមិនមានការរំខាន តែត្រង់ថាធ្វើបាន ឬ មិនបានជាលទ្ធភាព ដែលយើងត្រូវរួមគ្នាទាំងអស់ ហើយត្រូវការបកស្រាយច្រើនណាស់។ ខ្ញុំឧទាហរណ៍បុណ្យគ្រីស្មាស់ ឬ បុណ្យឆ្លងឆ្នាំ នៅក្នុងសង្គមសេដ្ឋកិច្ចបុណ្យទាំងនេះ ជាទិវាមួយសម្រាប់លក់ផលិតផល គឺលក់លាងឃ្លាំងតែម្តង! ខ្ញុំមិនបន្ទោសបានទេ ដែលនេះគឺជាការយល់ដឹងរបស់មនុស្សម្នាក់ៗ។ សូម្បីតែកម្មវិធីសាសនាក៏អាចក្លាយជាកម្មវិធីបែបសេដ្ឋកិច្ច ហើយគ្មានកម្មវិធីកីឡាណាមួយ ដែលទាត់ចោលសេដ្ឋកិច្ចទេ បើមិនដូច្នេះក្លឹបនីមួយៗមិនមានលទ្ធភាពទិញកីឡាករល្អៗដែរ។ ខ្ញុំមិនអាចនិយាយមួយម៉ាត់ឱ្យយល់បានទេ! ប៉ុន្តែ គ្រប់វិស័យ គ្រប់ចរន្ត សុទ្ធតែផ្សាភ្ជាប់គ្នាជាមួយកម្មវិធី បូកស្មារតី បូកថវិកា សេដ្ឋកិច្ច ដើម្បីគាំទ្រគ្រប់ទាំងអស់! គ្រាន់តែគេចេះច្នៃ ប៉ុន្តែខ្ញុំចង់បញ្ជាក់សារថ្មីថា បើសិនជាអាចធ្វើបានដូចការសំនូមពរ ក្នុងន័យថា ចង់ទប់ស្កាត់រូបភាពអវិជ្ជមាននោះ កុំឱ្យលាយឡំជាមួយព្រឹត្តិការណ៍ស៊ីហ្គេមហ្នឹង ខ្ញុំគិតថា យើងជួយគ្នាបានច្រើនណាស់។ 
 
កញ្ញា សុង សុធាវី៖ ទាក់ទងនឹងវិស័យសារព័តមានគឺច្រើនមែនទែន ហើយបើសិនស្ថាប័នសារព័ត៌មានមួយចំនួនផ្សាយសុរា ឃើញថាមានមហាជនមួយចំនួនរិះគន់ខ្លាំង តែបើមិនផ្សាយសោះក៏ពិបាករឿងចំណូលដែរ ដែលទន្ទឹមគ្នានឹងក្រុមហ៊ុនស្រាមួយចំនួនហ៊ានឱ្យថ្លៃមួយគុណជាពីរ ឬ បីដង ខុសពីពេលធម្មតា តើលោកមានជាការដាស់ស្មារតីដល់ស្ថាប័នព័ត៌មានដូចម្តេច ដើម្បីជំរុញឱ្យចូលរួមទាំងអស់គ្នា?
 
លោក ហ៊ុយ វណ្ណៈ៖ យើងត្រូវទទួលស្គាល់ថា យើងរស់នៅក្នុងបរិបទសេរី! ពាក្យថាសេរីហ្នឹងគឺគ្រប់យ៉ាង ក្នុងបរិបទសាកលភាវូបនីយកម្មនេះ។ អ៊ីចឹង វាជាសេរីភាពក្នុងការជ្រើសរើស គ្រាន់តែថា យើងកុំទាត់ចោលការច្នៃប្រឌិត ហើយចំពោះខ្ញុំ យើងមិនអាចទាត់ចោលការដែលថា ត្រូវតែបិទមួយនេះ ឬ មួយនោះទេ បើធ្វើបែបនេះគឺយើងបាត់ជម្រើសហើយ ព្រោះទីផ្សារសេរី ស្មើយើងបិទដង្ហើមខ្លួនយើង។ ចំពោះផលិតផលដែលមានតម្រូវការប្រចាំថ្ងៃនេះ គ្មានអ្នកណាទាត់ចោលបានទេ។ ប៉ុន្តែខ្ញុំនៅតែទាញការចាប់អារម្មណ៍ទៅកាន់អង្គភាពផ្សព្វផ្សាយទាំងអស់ត្រូវមានការច្នៃប្រឌិត ដោយមិនត្រូវបំផុសការយកចិត្តទុកដាក់ហ្នឹងទៅរកភាពអវិជ្ជមានខ្លាំង។ ដូចឥឡូវនេះ ក្រុមហ៊ុនស្រាទាំងអស់ត្រូវសម្រុកទៅរកអង្គភាពផ្សព្វផ្សាយឱ្យជួយហើយ  ដែលមិនត្រឹមតែផ្នែកកម្សាន្តទេ តែក៏ជាផ្នែកសារព័ត៌មានហ្នឹងផងដែរ។ គេត្រូវយកឱកាស ព្រោះពេលនេះមិនមែនជាពេលកម្សាន្តបែបសិល្បៈទេ តែជាការកម្សាន្តបែបកីឡា អ៊ីចឹងគេរត់ទៅរកទីផ្សារណា ដែលជាការផ្សាយបែបព័ត៌មាន ដើម្បីបញ្ជ្រាបផលិតផលរបស់គេ។ អ៊ីចឹងបានថា យើងកុំបដិសេដ តែត្រូវមានការច្នៃប្រឌិត នៅក្នុងបរិបទនៃទីផ្សារសេរីហ្នឹង។ 


លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ រូបភាពរបស់សារព័តមានថ្មីៗ
 
កញ្ញា សុង សុធាវី៖ សារព័ត៌មានថ្មីៗ ដែលក្នុងបរិបទស៊ីហ្គេមនេះ យើងបានបដិសេដមិនទទួលផ្សាយស្រាទេ ត្រង់ចំណុចនេះ តើលោកចង់ឱ្យមានស្តង់ដាររួមគ្នាដូចម្តេច? 
 
លោក ហ៊ុយ វណ្ណៈ៖ យើងយកអីទៅបង្កើតស្តង់ដារ? គំនិតយោបល់នេះល្អណាស់ តែត្រូវគិតថា តើវិធីធ្វើរបៀបម៉ិច?កន្លងមកយើងធ្លាប់ឃើញក្រសួងព័ត៌មានចេញសេចក្តីហាមឃាត់ការផ្សាយស្រា ក្នុងចន្លោះម៉ោង១រសៀល ដល់ ម៉ោង ៨យប់ តែបើផុតពីនោះគឺអាចផ្សាយបាន។ អ៊ីចឹង ខ្ញុំជឿថា វាអាស្រ័យលើការច្នៃប្រឌិតរបស់ស្ថាប័ននីមួយៗថាអាចច្នៃប្រឌិតក្នុងកំរិតណា? ខ្ញុំក៏មិនទាន់ដឹងដែរថា ខាងគណៈកម្មការរៀបចំស៊ីហ្គេម និង ខាងក្រសួងព័ត៌មានចេញសេចក្តីណែនាំកំរិតប៉ុណ្ណាទេ ហើយនេះគឺជាសមត្ថកិច្ច ព្រោះវាទាក់ទងនឹងនិតិវិធីច្បាប់ និងការណែនាំមួយចំនួនពីស្ថាប័នផ្លូវការ។ រីឯស្ថាប័នសារព័ត៌មានវាជាការភ្ញាក់រលឹកដោយស្មារតី ស្មារតីជាតិនិយម ស្មារតីស្រឡាញ់សុខភាព ហើយរឿងធំ សូមទាញការចាប់អារម្មណ៍ជាមនសិការ ឱ្យឃើញពីតម្លៃកីឡាឱ្យច្រើន  កុំឱ្យវាជាការបំផុសគ្រឿងស្រវឹងទាំងនោះច្រើនអី។ ពួកគាត់ត្រូវចេះថ្លឹងអាហ្នឹង ហើយខ្ញុំជឿថា សារព័ត៌មានទាំងអស់មានបញ្ញាណាស់ ហើយយកឱកាសនេះធ្វើអ្វី ដែលជាការលើកតម្កើងសមត្ថភាពជាតិ ហើយក៏ជាមរតក ព្រោះថារឿងថ្ងៃនេះដែលយើងបានធ្វើ ១០ឆ្នាំ ២០ឆ្នាំក្រោយ វានឹងប្រាប់យើងថា រឿងហ្នឹងជារឿងត្រឹមត្រូវ។ ឯរឿងខ្លះយើងគិតថាធ្វើវាឱ្យបានសិនទៅ តែកុំភ្លេចថាវានឹងជះផលត្រឡប់មកវិញ ហើយបង្ហាញឱ្យឃើញថា ការធ្វេសប្រហែសក្នុងថ្ងៃនេះ វានាំឱ្យយើងលំបាក។ 
 
កញ្ញា សុង សុធាវី៖ វាជារឿងសំខាន់ណាស់ ដោយយោងតាមទិន្នន័យចំណូលរបស់ក្រុមហ៊ុនគ្រឿងស្រវឹង នាពេលថ្មីៗនេះ គឺខ្ទង់រាប់សិបលានដុល្លារ តែអ្នកខូចសុខភាពដោយសារគ្រឿងស្រវឹងវិញក៏ច្រើនណាស់ដែរ តើលោកមានការយកចិត្តទុកដាក់ និងថ្លឹងថ្លែងគ្នាបែបណាបន្ថែមទៀតលើការងារទាំងអស់នេះ?
 
លោក ហ៊ុយ វណ្ណៈ៖ ទាំងហ្នឹង ខ្ញុំយល់ស្របតាមការអប់រំរបស់វិស័យសុខាភិបាល គឺគ្រឿងស្រវឹងធ្វើឱ្យមានបញ្ហាទៅដល់សុខភាព ហើយគេអប់រំដែរថា ពេលស្រវឹងកុំបើកបរ។  យើងគួរយកពាក្យខ្មែរយើងទៅប្រើទៅ ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី ហើយឥឡូវមិនថាតែអ្នកទីក្រុងទេ សូម្បីតែអ្នកនៅជនបទក៏រើសចំណីដែរ។ អ៊ីចឹង ខ្ញុំជឿថា ទាំងអស់គ្នានឹងយកជំរើសមួយ ដែលស្រឡាញ់ដល់សុខភាពខ្លួន ហើយក៏មានជំរើសមួយទៀតដែលជួយដល់មោទនភាពជាតិយើង។ ចំពោះខ្ញុំ ទៅណាមកណាតែងតែកាន់ទង់ជាតិកម្ពុជានៅជិតខ្លួន ហើយអ្វីដែលយើងតែងធ្វើ តើវាមានតម្លៃអ្វី ក៏ដូចជាបញ្ជាក់ថាយើជានរណាដែរ។  សារព័តមានទាំងអស់ហ្នឹងគាត់អាចយល់បានហើយ និងចូលរូមបែបណាទៀតដើម្បីសាងនូវគុណតម្លៃតាមរយៈស៊ីហ្គេមនេះ ហើយសំខាន់សម្រាប់ជាតិយើង អនាគតយើង កូនចៅយើង និងមោទនភាពយើងទាំងអស់គ្នា៕
 

Tag:
 បទសម្ភាសសេដ្ឋកិច្ច
  វិស័យសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com