ជាតិ
អបអរសាទរ! កូនផ្សោតថ្មីមួយក្បាលទៀត កើតនៅអន្លង់កាំពីខេត្តក្រចេះ
18, Apr 2023 , 6:59 pm        
រូបភាព
 រូបភាព៖ WWF
រូបភាព៖ WWF
ភ្នំពេញ៖ កូនផ្សោត ដែលទើបមានអាយុ៣ថ្ងៃត្រូវបានគេប្រទះឃើញហែលទឹកជាមួយហ្វូងផ្សោតពេញវ័យនៅអន្លង់កាំពី ស្ថិតក្នុងភូមិកាំពីឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះជាកូនផ្សោតទី២ ដែលបានកើតក្នុងឆ្នាំ២០២៣។

 
តាមការផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែមេសា អ្នកបើកទូកទេសចរប្រចាំអន្លង់កាំពី បានប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល ដែលកំពុងហែលទឹកលេងជាមួយហ្វូងផ្សោតពេញវ័យផ្សេងទៀត នៅត្រង់ចំណុចអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅពេលនោះ អ្នកបើកទូកទេសចរបានរាយការណ៍ជូនប្រធានឆ្មាំទន្លេ  និងមន្ត្រីជលផលខេត្តក្រចេះ និងបុគ្គលិកអង្គការ WWFដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្តទៀត។ 
  


ក្រោយទទួលបានដំណឹង នៅថ្ងៃទី១៨ ខែមេសាក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មីនិងបានប៉ាន់ប្រមាណថា កូនផ្សោតនេះទើបតែមានអាយុ ៣ថ្ងៃប៉ុណ្ណោះ។ នេះជាកូនផ្សោតទី២ដែលត្រូវបានរកឃើញនៅឆ្នាំ ២០២៣។ 
 
គួរបញ្ជាក់ថា នៅឆ្នាំ ២០២២ មានកូនផ្សោតបានកើត ចំនួន ៦ក្បាលនិងឆ្នាំ២០២១ មានចំនួន ៦ក្បាល ដូចគ្នា។ សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។
 
លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផលនិង អង្គការ WWFបានបង្ហាញថាមានសត្វផ្សោតចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះដែលកំពុងរស់នៅក្នុង ទន្លេមេគង្គកម្ពុជា៕ 
 
 

Tag:
 ផ្សោត
  អន្លង់កាំពី
  WWF
© រក្សាសិទ្ធិដោយ thmeythmey.com