កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ម្ចាស់ផ្ទះស៊ីហ្គេមកម្ពុជា មិនតម្រូវឱ្យប្រតិភូកីឡាទាំងអស់បង់៥០ដុល្លារម្នាក់ក្នុងមួយថ្ងៃឡើយ
18, Apr 2023 , 5:49 pm        
រូបភាព
ដោយ:
ម្ចាស់ផ្ទះកម្ពុជា សម្រេចមិនទទួលយកការបង់ប្រាក់ពីប្រតិភូកីឡា មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាឡើយ។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC) ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

 
បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ប្រតិភូកីឡានៃបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំង១០ ដែលមកចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសកម្ពុជា មិនតម្រូវឱ្យបង់ប្រាក់ថ្លៃស្នាក់នៅ ហូបចុក ក្នុងម្នាក់ៗ៥០ដុល្លារក្នុងមួយថ្ងៃ ដូចម្ចាស់ផ្ទះមុនៗនោះទេ។


 
លោក វ៉ាត់ ចំរើន និយាយថា៖«នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះ យើង​ទាំងអស់​គ្នា​ទទួល​បាន​អនុសាសន៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ ដែល​បាន​លើក​ឡើង​ពី​ការ​សម្រេច​របស់​សម្តេច ហ៊ុន សែន ថាប្រតិភូកីឡា​មក​ពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំងអស់ នឹងមិនត្រូវបង់ថ្លៃចំនួន ៥០ដុល្លារម្នាក់ក្នុង១ថ្ងៃៗ ដល់ម្ចាស់ផ្ទះ​កម្ពុជានោះទេ»។
 
លោកអគ្គលេខាធិការបន្ថែមថា គោលបំណងនៃការសម្រេចមិនយកប្រាក់ សម្រាប់ការស្នាក់នៅហូបចុក របស់ប្រតិភូកីឡា ដើម្បីបង្កើនចំណងមិត្តភាព និងឈានទៅរកភាពជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
លោក វ៉ាត់ ចំរើន លើកឡើងថា៖«យើង​នឹង​មិន​ទទួល​យក​ប្រាក់​កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន​ ៥០ដុល្លារ ក្នុង​១​ថ្ងៃៗ​នោះទេ។ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុង​បំណង​ចម្បង​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ទាំង​មូល​នៅ​កម្ពុជា ​ទទួលបានភាពកក់ក្តៅ និងជោគជ័យទាំងអស់គ្នា»។
 
ស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្តើមការប្រកួតផ្លូវការនៅថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា។ ដោយឡែក ប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្តើមក្រោយបញ្ចប់ស៊ីហ្គេម១ខែ៕
 

Tag:
 វ៉ាត់ ចំរើន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com