អន្តរជាតិ
ប្រធានាធិបតីម៉ិកស៊ិកសន្យារឹតបន្តឹងព័ត៌មានយោធា ក្រោយធ្លាយព័ត៌មានមន្ទីរបញ្ចកោណលួចស៊ើបការណ៍
19, Apr 2023 , 2:14 pm        
រូបភាព
ក្រោយមានការលេចធ្លាយពីការលួចស៊ើបការលើសមភាគីនានារបស់អាមេរិក ប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador ក៏ចោទក្រសួងការពារជាតិអាមេរិកថា បានស៊ើបការណ៍ជាសម្ងាត់​លើរដ្ឋាភិបាលរបស់លោកផងដែរ។ លោក Obrador នឹងចាប់ផ្តើមចាត់ថ្នាក់ព័ត៌មាន​ពីកង​កម្លាំង​ប្រដាប់​អាវុធដើម្បីការពារសន្តិសុខជាតិ។

 
«ឥឡូវនេះយើងនឹងការពារព័ត៌មានពីកងទ័ពជើងទឹក និងក្រសួងការពារជាតិពីព្រោះយើងកំពុង​ក្លាយ​ជាគោលដៅនៃចារកម្មដោយមន្ទីរបញ្ចកោណ»។ លោក Lopez Obrador បានប្រាប់​សន្និសីទ​សារព័ត៌មានប្រចាំថ្ងៃទី១៨ ខែមេសា។
 
ការអត្ថាធិប្បាយរបស់លោកបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកាសែត Washington Post រាយការណ៍​អំពីភាពតានតឹងជាក់ស្តែងរវាងកងទ័ពជើងទឹករបស់ម៉ិកស៊ិក និងកងទ័ពអាមេរិក។ ប៉ុន្តែកាសែត Washington Post មិនបានបង្ហាញពីឯកសារដែលបានដកស្រង់ចេញពីការលួចស្ដាប់ការ​ជជែក​រឿង​ផ្ទៃក្នុងរបស់មន្ត្រីម៉ិកស៊ិកនោះទេ។
 
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការពារជាតិ​អាមេរិក​មាន​ភាព​ជាដៃគូការពារដ៏រឹងមាំជាមួយយោធា និងកងទ័ពជើងទឹករបស់ម៉ិកស៊ិក ក៏ដូចជាអង្គភាពនានាក្នុងការ ដោះស្រាយបញ្ហាប្រឈមរួមគ្នាខណៈពេលដែលគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមកនិងរបៀបវារៈគោលនយោបាយការបរទេសរៀងៗខ្លួន។
 
កាលពីថ្ងៃទី១៧ ខែមីនា លោក Lopez Obrador បានពណ៌នាការបែកធ្លាយការស៊ើបការណ៍សម្ងាត់​ជាការឈ្លានពានដ៏អាក្រក់មួយដែលមិនគួរត្រូវបានទទួលយកក្នុងកាលៈទេសៈណាក៏ដោយ។ ប៉ុន្តែ​លោកមិនមានគម្រោងប្រឆាំងនឹងអាមេរិកដាច់ណាត់នោះដែរ៕
 

Tag:
 អាម៉េរិក
  ម៉ិកស៊ិក
© រក្សាសិទ្ធិដោយ thmeythmey.com