ជាតិ
សេដ្ឋកិច្ច
រដ្ឋសភាអនុម័ត សេចក្ដីព្រាងច្បាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជានិងវៀតណាម ​
20, Apr 2023 , 11:39 am        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាល ​ឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា-វៀតណាម។ រូបពីហ្វេសប៊ុករដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាល ​ឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា-វៀតណាម។ រូបពីហ្វេសប៊ុករដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋសភា មានសំឡេងគាំទ្រ៩៤ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា-វៀតណាម។

 
សម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ មានលោក ហេង សំរិន ជាប្រធាន និងសមាជិកសមាជិការរដ្ឋសភា៩៧រូប បានពិភាក្សា និងសម្រេចលើសេចក្ដីព្រាងច្បាប់ចំនួនបី ។ នេះបើតាមលទ្ធផលប្រជុំរបស់រដ្ឋសភា។ 
 
ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា-វៀតណាម លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម និងរៀបចំដែនដីនៃរដ្ឋសភា ជាអ្នកឡើងរាយការណ៍ ពីលទ្ធផលសិក្សាលើសេចក្តីព្រាងច្បាប់។ ចំណែក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកឡើង​ ការពារសេចក្តីព្រាង​ ច្បាប់។ ជាមួយគ្នាដែរ លោក ឈាង វុន សមាជិករដ្ឋសភា បានឡើងមានមតិ លើកិច្ចពិភាក្សាសេចក្ដីព្រាងច្បាប់មួយនេះ។ 
 
សេចក្តីព្រាងច្បាប់ខាងលើ មានចំនួន២មាត្រា។ សេចក្ដីព្រាងច្បាប់នេះ នឹងរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត ពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច លើកកម្ពស់ភាពជាគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ។ លើសពីនេះ នឹងជួយបង្កើនឱកាស មុខទំនិញនាំចេញ និងជំរុញផលិតកម្មនិងអាជីវកម្មគ្រួសារផងដែរ។ កត្តាទាំងអស់នេះ នឹងធ្វើឱ្យជីវភាពប្រជាជនរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម មានភាពប្រសើរឡើង។ 
 
ចំណែក សេចក្តីព្រាងច្បាប់ពីរទៀត ក៏ត្រូវបានអនុម័តដែរ។ សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ ត្រូវបានអនុម័តដោយសំឡេង ៩៥លើ ហើយសេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ បានអនុម័តដោយសំឡេង៩៤។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំងបីខាងលើ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ កាលពីថ្ងៃទី៣១​មីនា​ ឆ្នាំ២០២៣៕ 
 

Tag:
 រដ្ឋសភា
  កម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com