ជាតិ
កម្ពុជា ចង់នាំចេញស្វាយទៅបារាំង ខណៈបារាំង ចង់នាំចូលផ្លែប៉ោមមកកម្ពុជាវិញ
20, Apr 2023 , 8:59 pm        
រូបភាព
លោក ងិន ឆាយ ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកស្រី Marion Chaminade ទីប្រឹក្សាកសិ-អាហារ (Agri-Food Counsellor) ថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូ។ រូបភាព៖ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម
លោក ងិន ឆាយ ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកស្រី Marion Chaminade ទីប្រឹក្សាកសិ-អាហារ (Agri-Food Counsellor) ថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូ។ រូបភាព៖ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម
ភ្នំពេញ៖ កម្ពុជា-បារាំងបានពិភាក្សាអំពីការនាំចូលផ្លែប៉ោមស្រស់ពីបារាំងមកកម្ពុជា​និងការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសបារាំងវិញ។ ភាគីទាំងពីរបានដាក់លក្ខខណ្ឌតម្រូវភូតគាមអនាម័យរៀងៗខ្លួន និងសង្ឃឹមថាដំណើរការផ្លាស់ប្ដូរកសិផលនេះ អាចលេចចេញជារូបរាងឆាប់ៗ។ 



ការពិភាក្សានេះ ត្រូវបានធ្វើឡើងរវាង លោក ងិន ឆាយប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រុមការងារនាយកដ្ឋានការពារដំណាំ អនាម័យនិងភូតគាមអនាម័យ ជាមួយ លោកស្រី តូ ម៉ាលីនដាអនុព័ន្ធនៃការិយាល័យសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជានៅអគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី ១៩ ខែមេសា។ 
  


លោកស្រី MarionChaminade ទីប្រឹក្សាកសិ-អាហារ (Agri-Food Counsellor) ថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូ ប្រទេសវៀតណាម បានលើកឡើងថាប្រទេសបារាំងមានបំណងនាំចូលផ្លែប៉ោមស្រស់ ដែលជាកសិផលសក្ដានុពលរបស់ខ្លួនមកកម្ពុជា។
 
ដើម្បីបង្កភាពងាយស្រួលដល់ដំណើរការនាំចូលផ្លែប៉ោម លោកស្រីស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម បង្ហាញអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់កម្ពុជានិងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញ។
 
ទីប្រឹក្សាកសិ-អាហារថ្នាក់តំបន់រូបនេះ សង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះ នឹងកើតឡើងឆាប់រហ័ស ជាមួយការចែករំលែកព័ត៌មានឱ្យបានល្អនិងទាន់ពេលវេលា។ លោកស្រី Marion Chaminade ថា បារាំងនឹងអនុវត្តតាមការណែនាំរបស់កម្ពុជាដើម្បីឱ្យដំណើរការនាំចូលផ្លែប៉ោមស្រស់ពីបារាំងមកកម្ពុជាអាចចេញជារូបរាងក្នុងរយៈពេលដ៏ខ្លី។ 
 
ជាការឆ្លើយតប លោក ងិន ឆាយ ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនិងក្រុមការងារ បានពន្យល់ពីលក្ខខណ្ឌតម្រូវការចាំបាច់មួយចំនួន ទៅកាន់លោកស្រី Marion Chaminade។ដោយឡែក ឯកសារលម្អិតអំពីលក្ខខណ្ឌតម្រូវទាំងនេះ លោក នឹងផ្ញើជូននៅពេលក្រោយ។ 
 
ក្នុងជំនួបនោះ លោក ងិន ឆាយក៏បានលើកឡើងពីបំណងពង្រីកវិសាលភាពនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារបរទេសជាពិសេសអឺរ៉ុប។ ពាក់ព័ន្ធនឹងរឿងនេះ លោក បានស្នើឱ្យលោកស្រី Chaminade បញ្ជាក់អំពីលក្ខខណ្ឌដែលត្រូវបំពេញសម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសបារាំង។
 
ចំពោះសំណើនេះ ត្រូវបានលោកស្រី Marion Chaminade ពន្យល់ថាក្នុងការនាំចេញកសិផលទៅកាន់ប្រទេសបារាំងគឺត្រូវឆ្លងកាត់នីតិវិធីដូចគ្នាទៅនឹងប្រទេសផ្សេងទៀតដែរ។ 
 
ក្នុងនោះ ដើម្បីបានការនាំចេញផ្លែស្វាយទៅបារាំង កសិផលទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវនានាពាក់ព័ន្ធនឹងកម្រិតសំណល់ថ្នាំកសិកម្ម  មានវិញ្ញាបនប័ត្រភូតគាមអនាម័យមាកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយគ្នានិងសេចក្តីជូនដំណឹងស្តីពីការពុំមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ(មានភ្ជាប់ជាមួយនូវសត្វល្អិតចង្រៃហាមឃាត់ និងសំណល់ថ្នាំកសិកម្មលើសកម្រិតអនុញ្ញាត)។ចំពោះ លក្ខខណ្ឌតម្រូវលម្អិត លោកស្រីនឹងផ្ញើជូនអគ្គនាយកដ្ឋានកសិកម្មនៅពេលក្រោយ។
 
ជាមួយគ្នានេះ លោក ងិន ឆាយ បានស្នើដល់លោកស្រី Marion Chaminade ពិចារណាអំពីការផ្តួចផ្តើមបង្កើតគម្រោងផលិតកម្មដំណាំកសិកម្ម(ផ្តោតសំខាន់ទៅលើដំណាំស្រូវ) ដែលធ្វើឱ្យមានការសាយភាយឧស្ម័នក្នុងបរិមាណតិចតួចបំផុត។ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរូបនេះក៏បានស្នើឱ្យមានការសិក្សាទៅលើវិធីសាស្ត្រដើម្បីវាស់ស្ទង់ពីកម្រិតបំភាយនៃឧស្ម័នផ្ទះកញ្ចក់ រួមទាំង មេតាន ឧស្ម័នកាបូនិចនិងកាបូន។ វត្តមាននៃគម្រោងនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកស្រី Marion Chaminade ថានឹងពិចារណាចំពោះសំណើនេះ៕ 
 

Tag:
 កសិកម្ម
  ក្រសួងកសិកម្ម
  ផ្លែប៉ោម
  ផ្លែស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com