ជាតិ
អតីតអ្នកកាប់ឈើក្នុងព្រៃ លោក ពួច វ៉ា ក្លាយជាកសិករគំរូខាងដាំតាសក់
24, Apr 2023 , 9:19 am        
រូបភាព
ដោយសែម ប្រាក់ដាវ

ភ្នំពេញ៖ លោក ពួច វ៉ា ជាអ្នកកាប់ឈើក្នុងព្រៃ បានងាកមកដាំតាសក់ជាលក្ខណៈគ្រួសារ ព្រោះយល់ពីការបំផ្លាញព្រៃឈើ និងចង់អភិរក្សព្រៃឈើ។  លោក ពួច វ៉ា សម្រេចចិត្ត ដាំតាសក់ដោយសារតែដាំណាំនេះ ឆាប់បានប្រមូលផល។ ជាពិសេស ដំណាំសុវត្ថិភាពដែលដំាជាលក្ខណៈគ្រួសារ តាសក់ដែលប្រមូលផលបានពី ២០០០រៀល ក្នុងមួយគីឡូក្រាម។


 
លោក ពួច វ៉ា បានសម្រេចចិត្តចំណាយប្រាក់ ៤លានរៀល លើដាំតាសក់ ព្រោះមិនចង់បន្តកាប់ឈើក្នុងព្រៃទៀត។ កសិករដែលរស់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់រូបនេះ បានដាំតាសក់នៅលើផ្ទៃដីប្រមាណ ១ហិកតា  អាចប្រមូលផលក្នុង១ថ្ងៃ ១០០គីឡូ និងអាចរកចំណូលបានជាង ២០ម៉ឺនរៀលក្នុងមួយថ្ងៃ នៅពេលវេលាប្រមូលផលដំណាំតាសក់នេះ។ 

លោក ពួច វ៉ា កសិករគំរូដាំណាំតាសក់ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
 
សព្វថ្ងៃរូបលោក គឺជាកសិករដាំតាសក់គំរូមួយរូប ដែលដាំដុះ និងការប្រើប្រាស់ជី-ថ្នាំសុវត្ថិភាពពីធម្មជាតិ។ លោកបានបន្តបន្ថែមទៀតថា៖« មុនពេលដែលរូបខ្ញុំដាំតាសក់នេះ ខ្ញុំហាក់បីដូចជាមិនសូវហុចផល ដោយសារយើងកង្វះបច្ចេកទេសដាំ  និងថែរក្សា»។ 
 
ដំណាំតាសក់ មានទីផ្សារណាស់ ហើយសឹងតែផ្គត់ផ្គង់មិនទាន់តម្រូវការផង។ លោក ពួច វ៉ា ក៏បានបន្ថែមយ៉ាងដូច្នេះថា៖ «ជំហានដំបូង យើងបានទទួលជោគជ័យ តែយើងមិនអាចផ្គង់ផ្គង់ទីផ្សារគ្រប់គ្រាន់នោះទេ»។ ជាមួយគ្នានេះ  លោក ពួច វ៉ា លើកទឹកចិត្តដល់កសិករដទៃទៀត ដាំដុះតាសក់ ក៏ដូចជាបន្លែផ្សេងទៀត ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម  ទទួលបានបន្លែសុវត្ថិភាពបរិភោគ និងអាចកាត់បន្ថយចំណាកស្រុក និងកាប់ព្រៃឈើផងដែរ។ 
 
បច្ចុប្បន្ន ទីផ្សារលក់តាសក់ល្អ ក៏ដូចជាបន្លែដទៃផ្សេងទៀតផងដែរ ធ្វើឱ្យកសិករមានទឹកចិត្តដាំដុះបន្តទៀត។ បន្ថែមពីនេះ កសិករ វ័យ៥៣ឆ្នាំរូបនេះ បញ្ជាក់ដែរថា រយៈពេលដែលទទួលផលនៃដាំតាសក់នេះ ១ខែ ៥ថ្ងៃ។ តាំងពីដាំតាសក់នេះមក យើងពិតជាសប្បាយចិត្តណាស់ ព្រោះទទួលបានចំណូលរាល់ថ្ងៃ និងបាននៅក្បែរផ្ទះ ងាយស្រួលជុំគ្រួសារ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ពួច វ៉ា កសិករដាំតាសក់នៅខេត្តពោធិ៍សាត់។ 
 
ក្រៅពីការតាសក់ លោក ពួច វ៉ា ក៏បានដាំដុះសណ្តែកទ្រើង និងម្ទេសដែរ។ សូមបញ្ជាក់ដែរថា ដាំណាំសណ្តែកទ្រើង ក្នុងមួយគីឡូ លោក ពួច វ៉ា អាចលក់បានក្នុងមួយគីឡូក្រាម តម្លៃ៤ ៥០០រៀល ទៅទីផ្សារ
 

លោក ពួច វ៉ា កសិករគំរូដាំណាំតាសក់ 











Tag:
 លោក ពួច វ៉ា
  តាសក់
© រក្សាសិទ្ធិដោយ thmeythmey.com