កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភ្លើងគប់ស៊ីហ្គេម ទៅដល់ឡាវ ជាប្រទេសចុងក្រោយ នឹងត្រៀមពិធីហែថ្ងៃទី២៥មេសា
24, Apr 2023 , 10:07 am        
រូបភាព
លោក ហោ សារុន (ឆ្វេង) ទទួលបាច់ផ្កាពីលោក Sengphone Phonamath(ស្តាំ)។ រូបពី CAMSOC
លោក ហោ សារុន (ឆ្វេង) ទទួលបាច់ផ្កាពីលោក Sengphone Phonamath(ស្តាំ)។ រូបពី CAMSOC
ដោយ:
ព្រះអគ្គិជ័យកីឡា​ និង ភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានទៅដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ និងត្រៀមដង្ហែនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ឡាវជាប្រទេសចុងក្រោយ ដែលទទួលគប់ភ្លើងកីឡាចំណោមប្រទេសអាស៊ីអាគ្នេយ៍ មុនធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង។
 
ទីក្រុងវៀងចន្ទន៍ គឺជាក្រុងចុងក្រោយគេបង្អស់ ក្នុងចំណោមប្រទេសទាំង ១០ ដែលភ្លើងគប់ស៊ីហ្គេមបានបណ្តែតខ្លួនអស់រយៈពេល១ខែ គិតចាប់តាំងពីថ្ងៃ២១ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។​
 
ដំណើរគោចរដឹកនាំដោយប្រធានប្រតិភូនាយបេសកម្ម លោក ហោ សារុន ជានាយបេសកជនពិសេស CAMSOC ទទួលបានការស្វាគមន៍ពី លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ និងលោក Sengphone Phonamath អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកឡាវ។ 
 
ពិធីដង្ហែភ្លើងគប់ស៊ីហ្គេមនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ក្នុងទីក្រុងវៀងចន្ទន៍ មុនវិលមកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង។
 
ក្រៅពីម្ចាស់ផ្ទះកម្ពុជា ប្រទេស៩ មានវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវប៉ុណ្ណោះ ដែលទទួលពិធីរត់ភ្លើងគប់ ដោយឡែកព្រុយណេ មិនបានទទួលពិធីរត់នេះទេ ដោយសារហេតុផល មិនអាចរៀបចំពិធីជួបជុំអំឡុងពិធីរ៉ាម៉ាឌន។
 
ក្រោយត្រឡប់មកដល់កម្ពុជា ភ្លើងគប់ស៊ីហ្គេម-ប៉ារ៉ាហ្គេម នឹងបន្តដង្ហែជុំវិញខេត្តជាប់បឹងទន្លេសាបរួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ធំ និងបន្តទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ តែម្តងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីប្រកាសបើកកម្មវិធីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣៕
 

Tag:
 ភ្លើងគប់ស៊ីហ្គេម
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com