កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ ស៊ីហ្គេមនៅកម្ពុជា នឹងរៀបចំឱ្យមានស្តង់ដាដូចអូឡាំពិក
24, Apr 2023 , 1:57 pm        
រូបភាព
លោក វ៉ាត់ ចំរើន ថ្លែងក្នុងពិធីបណ្តុះបណ្តាលពិធីការ និងបដិសណ្ឋារកិច្ច ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម២០២៣។ រូបពីCAMSOC
លោក វ៉ាត់ ចំរើន ថ្លែងក្នុងពិធីបណ្តុះបណ្តាលពិធីការ និងបដិសណ្ឋារកិច្ច ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម២០២៣។ រូបពីCAMSOC
ដោយ:
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) លើកឡើងថា ម្ចាស់ផ្ទះកម្ពុជា នឹងរៀបចំស៊ីហ្គេមឱ្យមានភាពអស្ចារ្យ និងមានលក្ខណៈស្តង់ដារដូចកីឡាអូឡាំពិក។



នាពិធីបើកវគ្គបណ្តុះបណ្តាលពិធីការ និងបដិសណ្ឋារកិច្ច ត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅទីស្ដីការក្រសួងការពារជាតិ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ មានអ្នកស្ម័គ្រចិត្តចំនួន ៥០០នាក់ចូលរួមក្នុងនោះក៏មានការចូលរួមពីវាគ្មិនជំនាញផ្នែកពិធីការ លោក ផាត វិបុលសុភ័ក្ត្រ អនុប្រធានគណៈកម្មការពិធីការ លោក ផន យិនយូរ៉ា អនុប្រធានពិធីការ និងកញ្ញា តែ លីដា អនុប្រធានប្រចាំការពិធីការរបស់CAMSOC។
 
លោកអគ្គលេខាធិការ CAMSOC-CAMAPGOC បញ្ជាក់ថានៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាត្រូវតែបង្ហាញនូវអ្វីដែលមានភាពអស្ចារ្យ និងមានលក្ខណៈស្តង់ដាអន្តរជាតិបែបអូឡាំពិកលើសស៊ីហ្គេមមុនៗ ដែលប្រទេសផ្សេងរៀបចំ ហើយរក្សាបាននូវគុណផលដែលបញ្ចប់ទៅដោយភាពជោគជ័យ និងរលូនល្អ។
 
លោក វ៉ាត់ ចំរើន និយាយថា៖«នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម មាន២ចំណុចជោគ​ជ័យខ្លាំង គឺ​ទីមួយ ពិធីបើក-បិទ ជាពិសេសពិធីបើក គឺត្រូវធ្វើឱ្យ​មានភាពអស្ចារ្យ ដែលមិនធ្លាប់មាន ធ្វើកម្រិតស្តង់ដាអូឡាំពិកពិភពលោក មិនមែនកម្រិតតំបន់ដូចគេនោះទេ ហើយ​ជោគជ័យទីពីរ គឺបច្ចេកទេសកន្លែងប្រកួតកីឡាស្តង់ដារៀបចំបានល្អ ការប្រកួតប្រព្រឹត្តទៅដោយរលូន »។ 
 
លោក វ៉ាត់ ចំរើន បានបន្ថែមថា សារពិសេសៗរបស់ប្រមុខថ្នាក់ដឹកនាំប្រទេស ប្រតិភូស៊ីហ្គេមក្នុងតំបន់អាស៊ានបានប្រសិទ្ធនាមស៊ីហ្គេមនៅកម្ពុជាថា«Free Game» ដែលចង់បញ្ជាក់ពីសមានចិត្តរបស់ម្ចាស់ផ្ទះ «ប្រទេសតូច បេះដូងធំ» ធ្វើឱ្យប្រទេសដែលអញ្ជើញចូលរួមអបអរសាទរ!ចំពោះម្ចាស់ផ្ទះកម្ពុជា។
គួបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងប្រកាសបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមវត្តមានអធិបតេយភាព សម្តេច ហ៊ុន សែន៕
 

Tag:
 វ៉ាត់ ចំរើន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com