កីឡាជាតិ
ជាតិ
លីគខាប់៖ គ្រូគិរីវង្សសុខសែនជ័យ ទទួលស្គាល់ភ្នំពេញក្រោនខ្លាំង​ ក្រោយចាញ់ ៣-០ ជើងទី១
24, Apr 2023 , 4:39 pm        
រូបភាព
លោក សាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ ទទួលស្គាល់ថាម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន ខ្លាំងទាំងយុទ្ធសាស្ដ្រ និងកម្រិតកីឡាករ។ បើទោះជាចាញ់ភ្នំពេញក្រោន ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ខេមប៊ូឌាលីគខាប់ ឆ្នាំ២០២៣ កាលពីថ្ងៃ២៣ ខែមេសា នៅទីលានបាល់ទាត់គិរីវង់សុខសែនជ័យ លោកគ្រូបង្វឹកវិនតា យល់ថា កូនក្រុមខ្លួន ធ្វើបានល្អ និងប្រកដោយសមត្ថភាព។ យ៉ាងណា លោក វិនតា ក៏បានប្រាប់ពីចំណុចខ្វះខាត ដែលក្រុមត្រូវបំពេញបន្ថែមផងដែរ។



លោក សាប៊ូន វិនតា បានប្រាប់ពីចំណុចខ្វះខាត និងការលំបាកមួយចំនួន សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ ក្ដីបារម្មណ៍ និងចំណុចខ្វះខាតទាំងនោះ មានការអវត្តមានកីឡារសំខាន់ៗ និងចំណុចខ្សោយនៅតំបន់ការពារ។ គ្រូបង្វឹករបស់ក្លិបគិរីវង់សុខសែនជ័យរូបនេះ បញ្ជាក់ថាកីឡករ ដើរតួនាទីសំខាន់ៗ នៅក្នុងក្រុមមួយចំនួន មានរបួស និងជាប់ពិន័យ ដែលជាហេតុធ្វើឲ្យក្រុមបរាជ័យ។ កីឡាករ ជាប់ពិន័យចំនួន៣រូប ក៏នឹងមិនមានវត្តមានក្នុងជំនួបជើងទី២ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ កីឡាករសំខាន់៣រូបនោះ មាន៖ សំ តារា, ឆឹង សុខផាន្នី និង Elsayad Mahmoud។
  


គ្រូបង្វឹកនេះ ក៏បានប្រាប់នៅចំណុចខ្វះខាត ដែលត្រូវបំពេញបន្ថែមនៅតំបន់ការពាររបស់ក្រុម ផងដែរ។ ខ្សែការពារ និងអ្នកចាំទី មិនទាន់យល់ចិត្តគ្នា និងការលេងពីតំបន់ខាងក្រោមមិនទាន់បានល្អ។ ក៏ប៉ុន្ដែ លោក សាប៊ូន វិនតា ក៏ឃើញនូវភាពវិជ្ជមានរបស់កូនក្រុមខ្លួន ដោយសារ ពួកគេភាគច្រើនជាយុវជន ហើយមិនសូវមានបទពិសោធន៍ ដូច្នេះ នេះ គឺជាឱកាសសម្រាប់អ្នកទាំងនោះ បានបញ្ចេញសមត្ថភាព និងរៀនយកអ្វីដែលថ្មី។
 
«ភ្នំពេញក្រោនជាក្រុមខ្លាំង ទម្រង់លេងគេ ល្អយូហើយ។ សម្រាប់ក្រុមយើង យើងទើបចាប់ផ្ដើម កំណែទម្រង់ជាថ្មី និងការលេងជាក្រុម ដែលមានការយល់ចិត្តគ្នា ទើបតែបាន៤ខែ។ ពួកគាត់ភាគច្រើនជាយុវជន។ អ្នកចាំទី និងខ្សែការពារ អត់ទាន់ហ៊ានលេងបាល់ពីក្រោមទៅ ហើយភ្នំពេញក្រោន ដាក់សម្ពាធខ្លាំងនៅតំបន់ប្រយុទ្ធរបស់ពួកគេទៀត។ យ៉ាងណាក៏ដោយ កីឡាករយើងធ្វើបានល្អច្រើនហើយ ម្យ៉ាងវិញទៀត នេះ គឺជាឱកាសសម្រាប់ពួកគេដកស្រង់បទពិសោធន៍។ យើង តែងប្រឹងដើម្បីជ័យជម្នះ។ នោះ មិនមែនមានន័យថា យើងប្រកួតដើម្បីចាញ់ទេ ប៉ុន្ដែយើងអភិវឌ្ឍជាបន្ដបន្ទាប់។»។ លោក សាប៊ូន វិនតា បាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ដូច្នេះ។
 
ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១នេះ ណាហ្គាវើលដ៍ បានឈ្នះ វិសាខា ក្នុងលទ្ធផល ១-០ នៅក្នុងកីឡដ្ឋានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ហើយ ភ្នំពេញក្រោន យកឈ្នះ គិរីវង់សុខសែនជ័យ លើលទ្ធផល ៣-០ នៅកីឡដ្ឋានគិរីវង់។ រីឯការប្រកួតជើងទី ២ វិសាខា ត្រូវទទួល ណាហ្គាវើលដ៍ នៅថ្ងៃទី២៧ ខែឧសភា នៅកីឡដ្ឋានព្រីនស៍ ចំណែក ភ្នំពេញក្រោន ត្រូវស្វាគមន៍ គិរីវង់សុខសែនជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Smart RSN៕
 

Tag:
 បាល់ទាត់
  Cambodian League Cup
  សាប៊ូន វិនតា
© រក្សាសិទ្ធិដោយ thmeythmey.com