ជាតិ
ពលរដ្ឋសង្កាត់ស្វាយដង្គំ រួមគ្នាជួសជុលផ្លូវលំមួយខ្សែ​ និងសង់សាលាឆទានមួយខ្នង
24, Apr 2023 , 6:59 pm        
រូបភាព
ដោយ៖ ថោង ប្រណី
 
ប្រជាពលរដ្ឋដែលរស់នៅក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប បានរួមមតិនិងរៃអង្គាសថវិកា​គ្នា ដើម្បីជួសជុលផ្លូវលំមួយខ្សែ​ប្រវែងប្រមាណ ៣គីឡូម៉ែត្រ គិតចាប់ពីទំនប់៧៨ កាត់តាមវាលស្រែត្រោះ ឆ្លងចូលមកឃ្លាំងកន្សែង រហូតចូលដល់បឹងកន្សែង។ ជាមួយគ្នានេះ អ្នកភូមិ ក៏មូលមតិគ្នា កសាងសាលាឆទានសាមគ្គីមួយខ្នងនៅ​ថ្នល់កន្សែង សម្រាប់បម្រើជាប្រយោជន៍ប្រជាកសិករ និងអ្នកនេសាទនៅតំបន់ជុំវិញនោះផងដែរ។ 
 
លោក អ៊ុ ឈុំម៉ៅ ជាចាស់ព្រឹទ្ធាចារ្យមួយរូប ដែល​ជា​អ្នកផ្តួចផ្តើមគំនិត និងបានដឹកនាំការជួលជុលនេះ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗកាលពីថ្ងៃ​ទី២១មេសាថា ផ្លូវមួយខ្សែនេះ ទើបតែ​ធ្វើ​បានរយៈពេល៥ឆ្នាំប៉ុណ្ណោះ។ មួយឆ្នាំក្រោយមក ពលរដ្ឋ​ក៏ធ្លាប់ជួលជុលវាម្តងដែរដោយប្រើពលកម្មមនុស្សសុទ្ធសាធ ជាមួយនឹងសម្ភារដូចជា ចបកាប់ ប៉ែល បង្គីជាដើម។ បើតាម លោក អ៊ុ ឈុំម៉ៅ​ គម្រោងជួសជុលផ្លូវនេះបន្តត្រូវខកខានដោយសារតែវិបត្តិកូវីដ-១៩។ 
 


ដោយឡែក នៅក្នុងឆ្នាំ២០២៣នេះ ដោយមានការស្រុះស្រួលគ្នាពីប្រជាពលរដ្ឋ ការជួសជុលផ្លូវលំនេះ ក៏បានចាប់ផ្តើមម្តងទៀត ដោយពលរដ្ឋម្នាក់ៗ បរិច្ចាគថវិកាតាមលទ្ធភាព។ គម្រោងជួសជុលផ្លូវនេះ គ្រោងចំណាយថវិកាជាង៥០០ដុល្លារ ដែលជាការចាក់បំពេញចំណុចខូចខាត និងទីតាំងមានជង្ហុក។ 
 
​លោក អ៊ុ ឈុំម៉ៅ បានបន្តថា  មួយឆ្នាំក្រោយមក ក៏មាន​គម្រោងនឹងជួសជុលម្តងទៀតដែរ តែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ទើបផ្អាក​ការជួលជុលវិញ។ ដោយឡែកឆ្នាំនេះ តាមរយៈការស្រុះស្រួលមូលមតិគ្នា​របស់បងប្អូនកូនចៅក្នុងស្រុកភូមិ និងលោកអ៊ុផ្ទាល់ បានរៃអង្គាសថវិកា​តាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួនជាថ្មីម្តងទៀត ដើម្បីទិញដីឥដ្ឋចាក់បំពេញបន្ថែមរាល់ចំណុចណាដែលខូចខាត អស់ចំនួន២៥ឡាន ដោយក្នុងមួយឡានតម្លៃ ៨៨០០០រៀន ឬ ២២$។ 
 
ក្រៅពីជួសជុលផ្លូវមួយខ្សែនេះ លោក អ៊ុ ឈុំ ម៉ៅ ក៏បាន​ផ្តួចផ្តើមគំនិតកសាង​សាលា​ឆទានសាមគ្គីមួយខ្នង នៅថ្នល់កន្សែង ​សម្រាប់បងប្អូនកសិករ​ដែលមកមើលថែ​ស្រែស្រូវរបស់ខ្លួន ​និងអ្នកឃ្វាលគោក្របី សម្រាក​យកកម្លាំង ឬទទួលទានអាហារបាន។ សាលា​ឆទាននេះ ក៏នឹងក្លាយជាទីស្នាក់ ឬជម្រកសម្រាប់ប្រជានេសាទគេចពីភ្លៀងខ្យល់ នៅខែវស្សាផងដែរ៕









 

Tag:
 ជួសជុលផ្លូវ
  សាលាឆទាន
  សាមគ្គី
© រក្សាសិទ្ធិដោយ thmeythmey.com