ជាតិ
វិស័យកសិកម្ម រួមចំណែក ៦៧ភាគរយ នៃGDP ខេត្តស្ទឹងត្រែង
24, Apr 2023 , 9:59 pm        
រូបភាព
 លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមេសា។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមេសា។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
ភ្នំពេញ៖ ស្ទឹងត្រែង ជាខេត្តដាច់ស្រយាល ដែលពុំទាន់មានការអភិវឌ្ឍជារោងចក្រ ឬសិប្បកម្មខ្នាតធំនៅឡើយ ដូច្នេះ ភាគច្រើន នៃពលរដ្ឋ ត្រូវពឹងរស់នៅផ្អែកលើវិស័យកសិកម្ម។ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា បច្ចុប្បន្ន វិស័យកសិកម្ម បានចូលរួមចំណែកចំនួន ៦៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ជាពិសេស បានតួនាទីសំខាន់ក្នុងការធានាសន្ដិសុខស្បៀង និងការលើកកម្ពស់កម្រិតជីវភាពពលរដ្ឋក្នុងខេត្តស្ទឹងត្រែង។



ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមេសា លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង បានលើកឡើងថា កសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលមានតួនាទីសំខាន់ក្នុងការធានាសន្ដិសុខស្បៀង និងការលើកកម្ពស់កម្រិតជីវភាពពលរដ្ឋក្នុងខេត្តស្ទឹងត្រែង។ វិស័យមួយនេះ បានផ្ដល់ចំណូលដល់ខេត្តស្ទឹងត្រែងចន្លោះពី ៧០០ទៅ៨០០លានដុល្លារ ដែលគិតជាកំណើន GDP មានចំនួន ៦៧ភាគរយ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ 
 
ខេត្តភូមិភាគឦសានមួយនេះ មិនមានសក្ដានុពលលើដំណាំស្រូវ និងសាកវប្បកម្មនោះទេ។ បច្ចុប្បន្ន ស្ទឹងត្រែងមានពលរដ្ឋ ១៧ម៉ឺននាក់ និងដីស្រែសម្រាប់ដាំដុះស្រូវ ក្នុងរង្វង់ ២៧ ០០០ហិកតា ដែលផលិតកម្មស្រូវ គឺសម្រាប់តែការផ្គត់ផ្គង់ពលរដ្ឋក្នុងខេត្តប៉ុណ្ណោះ។ 
 
ដំណាំ ដែលបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចខេត្តខ្លាំងជាងគេ គឺកសិ-ឧស្សាហកម្ម ដូចជា ស្វាយចន្ទី, ដំឡូងមី និងកៅស៊ូ ជាដើម។ នេះជាការបញ្ជាក់របស់ ទុំ នីរ៉ូ ដោយបន្ថែមដូច្នេះថា៖«ខេត្តស្ទឹងត្រែង ជាខេត្តមួយ មិនមាននូវតំបន់ឧស្សាហកម្ម រោងចក្រ ឬសិប្បកម្មខ្នាតធំនោះទេ។ ដូច្នេះ ពលរដ្ឋទាំងអស់ត្រូវពឹងផ្អែកលើវិស័យកសិកម្ម ជាស្នូល។ សរុបរយៈពេល ៥ឆ្នាំមកនេះ កសិផល ដែលផលិតបាន យើងមានប្រមាណ ៧០០​ទៅ៨០០លានដុល្លារដែរ ដែលចាក់បញ្ជូលទៅក្នុងខេត្តទាំងមូល»។ 
 
បច្ចុប្បន្ន ខេត្តស្ទឹងត្រែង មានដំណាំស្វាយចន្ទីចន្លោះពី៤ទៅ៦ម៉ឺនហិកតា ដែលអាចផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ ១០០ពាន់តោន និងរកចំណូលបានជាង ១០០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ។ ដំឡូងមី មានផ្ទៃដីដាំដុះ ២៥០០០ ហិកតា ដែលអាចផលិតដំឡូងមីបាន ១លាន៦សែនតោន និងរកចំណូលបានជាង ២០០លានដុល្លារ។ 
 
ចំពោះ កៅស៊ូ ក៏មានកំណើន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង ខេត្តស្ទឹងត្រែង មានផ្ទៃដីដាំកៅស៊ូ ប្រមាណ ១៣០០០ហិកតា ​និងបានផលជាង ២ម៉ឺនតោន ដែលគិតជាទឹកប្រាក់ជាង ២០លានដុល្លារ។ ស្វាយ មានផ្ទៃដាំដុះ ៣៩០០ហិកតា អាចផ្ដល់ផលបាន ១សែន ១០០ពាន់តោន និងរកចំណូលបាន ៤០លានដុល្លារ។ ការចិញ្ចឹមសត្វ ក៏កំពុងកើនឡើងជាលំដាប់ផងដែរ ភាគច្រើនជាការចិញ្ចឹមលក្ខណៈគ្រួសារ និងអាជីវកម្ម។ សត្វក្នុងខេត្តស្ទឹងត្រែងមានជិត១លានក្បាល ដែលរកចំណូលជិត២០០លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំមកនេះ។ 
 
ចំណែក ជលផលវិញ ក៏ជាវិស័យសក្ដានុពលមួយសម្រាប់ខេត្តស្ទឹងត្រែង ព្រោះថា ខេត្តមួយនេះ មានទន្លេចំនួន៤ ដែលមានប្រវែងរហូតដល់ ៤៤០គីឡូម៉ែត្រ។ គួបផ្សំជាមួយ អាងស្តុកទឹកវារីអគ្គិសនីសេសាន ២ផ្សេងទៀត បានធ្វើឱ្យធនធានជលផលសម្បូរបែប និងកាន់តែទូលំទូលាយ។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ វិស័យជលផល បានហុចផលក្នុងវង្វង់ ៤ពាន់តោន និងផ្ដល់ចំណូលបាន ១៥០លានដុល្លារ៕ 
 

Tag:
 កសិកម្ម
  ស្ទឹងត្រែង
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com