កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការិនី ខាន់ ចេសា៖ ខ្ញុំនឹងធ្វើឱ្យកម្ពុជាមានមោទកភាពចំពោះខ្ញុំ ដូចខ្ញុំមានមោទកភាពចំពោះកម្ពុជា
26, Apr 2023 , 6:59 pm        
រូបភាព
កីឡាការិនី ខាន់ ចេសា ក្នុងការប្រកួតនៅព្រឹត្តិការណ៍ Asian Games 2019 នៅប្រទេសឥណ្ឌូណេស៊ី។ រូបពី Reuter
កីឡាការិនី ខាន់ ចេសា ក្នុងការប្រកួតនៅព្រឹត្តិការណ៍ Asian Games 2019 នៅប្រទេសឥណ្ឌូណេស៊ី។ រូបពី Reuter
ដោយ:
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា(Jessa Jada Khan) ប្តេជ្ញាដណ្តើមមេដាយស៊ីហ្គេមឆ្នាំ២០២៣ ជូនកម្ពុជា។ ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣០ សន្យានាំមោទកភាពជូនជាតិ ដូចដែលកម្ពុជាមានមោទកភាពចំពោះខ្លួនអ៊ីចឹងដែរ។

 
ក្នុងវីដេអូខ្លីមួយរបស់ផេកផ្លូវការ Beyond the games ដែលបានបង្ហោះកាលពីថ្ងៃទី២២ ខែមេសា កីឡាការិនីកូនកាត់ខ្មែរ-អាម៉េរិក ខាន់ ចេសា បញ្ជាក់ថា ការប្រកួតរបស់ខ្លួនតែងតែមានទង់ជាតិកម្ពុជាអមមកជាមួយ និងការលើកទឹកចិត្តពីប្រជាជនកម្ពុជា ជានិច្ច។ «នៅពេលដែលខ្ញុំប្រកួត​ ប្រជាជាតិទាំងមូល នឹងនៅជាមួយខ្ញុំជានិច្ច»។ ចេសា និយាយដូច្នេះ។
 

កីឡាការិនី ខាន់ ចេសា ក្រោយឈ្នះការប្រកួត The Championship នៅក្នុងការប្រកួតជម្រើសសាលានៅសហរដ្ខអាម៉េរិក។ រូបពី Jessa jada Khan
 
ម្ចាស់មេដាយមាស Asian Games ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី កីឡាការិនី Jessa Khan បន្តថា លោកប៉ា និងម៉ាក់របស់គេធ្លាប់ប្រាប់រឿងរ៉ាវពីកម្ពុជាជាច្រើន ប៉ុន្តែស្គាល់មិនច្បាស់រហូតដល់នាងបានមកដល់ទឹកដីកម្ពុជាផ្ទាល់។ «កម្ពុជា ខ្ញុំនៅទីនេះជាមួយអ្នក។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើឱ្យអ្នកមានមោទកភាពចំពោះខ្ញុំ ដូចខ្ញុំមានមោទកភាពចំពោះអ្នក»។ នេះជាការអះអាងរបស់ ចេសា មុនកីឡាការិនីឆ្នើមរូបនេះបន្ថែមថា៖«ខ្ញុំសឹងតែមិនជឿថា ពេលនេះខ្ញុំអាចកាន់ទង់ជាតិចេញទៅប្រកួត វាគឺជាក្តីស្រមៃក្លាយជាការពិត។ ទោះខ្ញុំនៅទីណាក៏ដោយ ខ្ញុំនៅតែជាខ្មែរ ហើយខ្ញុំដឹងថា នៅពេលដែលខ្ញុំប្រកួតប្រជាជាតិទាំងមូល នឹងនៅជាមួយខ្ញុំជានិច្ច»។
 
កីឡាការិនីកូនកាត់ខ្មែរ-អាម៉េរិក ខាន់ ចេសា កើតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០១ នៅរដ្ឋ Texas សហរដ្ឋអាម៉េរិក។ កញ្ញា ខាន់ ចេសា បានសិក្សាផ្នែកកីឡាដោយបានហាត់លើ កីឡាការ៉េតេដូ របាំបាលេ កីឡាបាល់ទាត់ និងបានហាត់រៀនកីឡា ជឺជីតស៊ូនៅអាយុ១២ ឆ្នាំរហូតដល់បច្ចុប្បន្ន។ សម្រាប់វិញ្ញាសាចូលរួមប្រកួតស៊ីហ្គេម ចេសា ចូលរួមប្រជែងមេសាយលើវិញ្ញាសា នេ វ៉ាហ្សា(Ne-wasa) ក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាម។
 
គួបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ ដែលលើកមកឆ្នាំ២០២២ នៅប្រទេសវៀតណាម កីឡាការិនី ខាន់ ចេសា មិនបានចូលរួមប្រកួតនោះទេ ដោយសារបញ្ហាលើសទម្ងន់។ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ប្រភេទកីឡាជឺជីតស៊ូ នឹងប្រកួតនៅមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៌អន្តរជាតិជ្រោយចង្វារ(OCIC)៕
 
 

Tag:
 កីឡាជឺជីតស៊ូ
 ខាន់ ចេសា
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com