កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការិនី ស្រួង ភាវី៖ នាំកីឡាការ៉ុមមកកម្ពុជា ដើម្បីជួយអត្តពលិកខ្មែរអាចប្រកួតក្រៅប្រទេស និងលើកមុខមាត់ជាតិ
26, Apr 2023 , 5:39 pm        
រូបភាព
កីឡាការិនី ស្រួង ភាវី ផ្ដល់បទសម្ភាស
កីឡាការិនី ស្រួង ភាវី ផ្ដល់បទសម្ភាស
អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុម ជឿថា អត្ដពលិកទាំងអស់ នៅពេលមានសមត្ថភាពគ្រប់គ្រាន់ ពួកគេ នឹងអាចនាំយកកេរ្ដ៍ឈ្មោះប្រទេសជាតិផ្សព្វផ្សាយទៅកាន់បរទេសតាមរយៈជ័យជម្នះលើឆាកអន្ដរជាតិ។ កីឡាការិនីរូបនេះ បន្ដថា ជោគជ័យរបស់អត្តពលិក មិនត្រឹមនាំមុខមាត់មកឲ្យកម្ពុជាទេ ប៉ុន្ដែថែមទាំងជួយដល់គ្រួសារផងដែរ។


កីឡាការិនី ស្រួង ភាវី បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថា រូបអ្នកនាង មានឆន្ទៈចង់នាំយកកីឡាប៊ីយ៉ាការ៉ុម មកកាន់ប្រទេសកម្ពុជា ដោយសារចង់ផ្សព្វផ្សាយឲ្យទូលំទូលាយ និងចង់ឲ្យកម្ពុជា មានធនធានកីឡាករ កីឡាការិនីកាន់តែច្រើនឡើងៗ ក្នុងវិស័យមួយនេះ។ កីឡាការិនីវ័យ ៣៤ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំ យកវិស័យកីឡាប៊ីយ៉ាការ៉ុម មកប្រទេសកម្ពុជា គឺដើម្បីជួយលើកស្ទួយ ឲ្យប្រជាពលរដ្ឋខ្មែរ មានឱកាសបានទៅប្រកួតនៅក្រៅប្រទេស ដើម្បីយកមោទកភាព ជូនជាតិផង និងបានថវិកាខ្លះ ដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ពីមុនវិស័យកីឡាប៊ីយ៉ាការ៉ុមនេះ ធ្លាប់ត្រូវបានគេយកទៅប្រើជាប្រភេទល្បែងស៊ីសង ប៉ុន្ដែ គេក៏បានលុបបំបាត់ ដែលជាគំនិតអវិជ្ជមានអស់។»។


កីឡាការិនី ស្រួង ភាវី កំពុងប្រកួត
 
កីឡាការិនី ភាវី ក៏បានបង្កើតពានរង្វាន់ប៊ីយ៉ាការ៉ុម ស្រួង ភាវី ឆ្នាំ២០២៣ ដែលជាកម្មវិធីប្រកួតដំបូងរបស់ខ្លួន នៅទឹកដីកម្ពុជា។ កីឡាការិនីរូបនេះ ចាត់ទុកថា នេះ គឺជាសមិទ្ធផលមួយរបស់ខ្លួន ដែលបានខំកសាង ហ្វឹកហាត់ អស់រយៈពេលជាង ១០ឆ្នាំ នៅទឹកដីកូរ៉េខាងត្បូង។ គោលបំណង ក្នុងការបង្កើតពានរង្វាន់នេះ គឺដើម្បីផ្សព្វផ្សាយ នូវកីឡាប៊ីយ៉ាការ៉ុម និងជំរុញឲ្យមានការហ្វឹកហាត់ឲ្យកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន កីឡានេះ មានតែអ្នកនាងស្រួង ភាវី ម្នាក់ប៉ុណ្ណោះជាស្ដ្រី និងជាកីឡាការិនីតំណាងកម្ពុជាផង។
 
«ខ្ញុំ បង្កើតការប្រកួតពានរង្វានស្រួង ភាវី គឺដើម្បីឲ្យវិស័យកីឡាប៊ីយ៉ាការ៉ុម ទទួលបានការគាំទ្រឲ្យបានច្រើន ហើយក៏ជាការជួយផ្សព្វផ្សាយ នូវកីឡាប៊ីយ៉ាការ៉ុម ដែលខ្ញុំ កំពុងប​ង្ហាត់បង្រៀននេះ ដើម្បីឲ្យពុកម៉ែបងប្អូន បានដឹង បានឮ បានស្គាល់កីឡាប៊ីយ៉ាការ៉ុមនេះ ផងដែរ។»។ កីឡាការិនីវ័យ ៣៤ឆ្នាំរូបនេះ បានប្រាប់ពីឆន្ទៈរបស់ខ្លួនបែបនេះ។
 
គួរបញ្ជាក់ថា កីឡាការិនី ស្រួង ភាវី គឺជាស្ដ្រីកម្ពុជាតែម្នាក់ ដែលបានលេងក្នុងវិស័យកីឡាប៊ីយ៉ាការ៉ុម និងបានលើកមុខមាត់ប្រទេសកម្ពុជា។ បច្ចុប្បន្ន កីឡាការិនីរូបនេះ ឈរនៅចំណាត់ថ្នាក់លេខ១ នៅប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម៕
 

Tag:
 ប៊ីយ៉ាការ៉ុម
  ស្រួង ភាវី
© រក្សាសិទ្ធិដោយ thmeythmey.com