អន្តរជាតិ
កង្វល់ពីបញ្ហាមនុស្សធម៌កើនឡើង ខណៈប្រជាជនស៊ូដង់ភៀសខ្លួនដោយថ្មើរជើង
27, Apr 2023 , 3:59 pm        
រូបភាព
ចាប់តាំងពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងនៅស៊ូដង់កាលពីថ្ងៃទី១៥ ខែមេសា មនុស្ស​ប្រមាណ២ម៉ឺននាក់បានធ្វើដំណើរទៅឆាដដែលនៅក្បែរ ហើយយ៉ាងហោចណាស់ក៏១០ម៉ឺននាក់បន្ថែម​ទៀតនឹង​ទៅដល់បន្តបន្ទាប់ទៀត ដែលការណ៍នេះបង្កើនការព្រួយបារម្ភ​អំពីស្ថិរភាពនៃតំបន់​ដែល​កំពុង​មានភាពផុយស្រួយតាំងពីដើមមក។

 
ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​បាន​​កំពុង​កើត​ឡើង​ក្នុង​រដ្ឋធានីខាទុំ ​ការបាញ់បោះក៏បាន​រាលដាល​ដល់​តំបន់ Darfur ដែលជាតំបន់ភាគ​ខាងលិច​​ស៊ូដង់ផងដែរ។ ស្ថិត​នៅ​តាម​ព្រំដែន​ភាគ​ខាង​លិច​ស៊ូដង់ ឆាដ​បាន​រាយការណ៍​ពីការកើនឡើង​ចំនួន​ជនភៀសខ្លួន​ខ្ពស់​ជាងគេ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត​។
 
តាម​ UN ចាប់តាំងពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងនៅស៊ូដង់ មនុស្សប្រមាណ២ម៉ឺននាក់​បាន​ធ្វើដំណើរទៅដល់ទឹកដីឆាដ ហើយយ៉ាងហោចណាស់ក៏ ១០ ម៉ឺននាក់បន្ថែមទៀតនឹងទៅដល់តាមក្រោយ​។ ភាគច្រើននៃជនភៀសខ្លួន បានទៅពីទីប្រជុំជនទីក្រុង​ Nyala និងទីក្រុង El Geneina ដែល​ជាកន្លែងមានការប្រយុទ្ធគ្នាកាន់តែតានតឹង។ បច្ចុប្បន្ន ប្រជាជនភាគច្រើនកំពុងស្នាក់នៅក្នុងខេត្ត Ouadai និង Sila ភាគខាងកើតឆាដ។
 
«ពួកគេបានមកដោយអស់កម្លាំង និងស្ថិតក្នុងស្ថានភាពភ័យស្លន់ស្លោ បន្ទាប់ទុកចោលទ្រព្យសម្បត្តិ​របស់ពួកគេទាំងអស់»។ ប្រធានគណៈកម្មាការជាតិសម្រាប់ការទទួលសមាហរណកម្ម និង​អ្នក​ទទួលម​កវិញនៅឆាដ (CNARR) លោក Idriss Mahmat Ali Abdallah Nassouri បានលើក​ឡើង​បែបនេះ​រួចបន្តថា ចំនួន​អ្នក​ទៅ​ដល់ឆាដកំពុង​កើន​ឡើង​រាប់​ពាន់​នាក់ ហើយ​កំពុងបង្កឱ្យមានការ​ព្រួយ​បារម្ភលើបញ្ហាមនុស្សធម៌។
 
បើតាមមន្រ្តីដដែល ធនធានរបស់ឆាដកំពុងស្ដួចស្ដើងខ្លាំងដើម្បីជួយជនភៀសខ្លួន ស្របពេលប្រទេសនេះផ្ដល់ជម្រកដល់មនុស្ស៦០ម៉ឺននាក់ដែលស្ថិតតាមជំរំចំនួន១៣នៅភាគខាងកើតប្រទេសស្រាប់ហើយនោះ។
 
CNRR និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាន​ចាប់​ផ្តើម​ចុះឈ្មោះជនស៊ីវិលដែលបានចូលទៅឆាដកាលពីថ្ងៃទី២៤ ខែមេសា ដោយកំណត់​តម្រូវការ​បន្ទាន់ និង​វាយតម្លៃពីតម្រូវការជំរំថ្មី ឬត្រូវផ្លាស់ទៅកាន់​មជ្ឈមណ្ឌល​ទទួល​ភ្ញៀវ​ដែល​មាន​ស្រាប់។ UNHCR ក៏​ប្រញាប់ប្រញាល់ផ្គត់ផ្អង់សម្ភារៈចាំបាច់មានកម្រាលគេងរហូតដល់ទឹកទៅ​ភូមិ​ដែល​នៅ​ជិត​ព្រំដែន។ បើតាមបុគ្គលិកផ្ដល់ជំនួយ ជនភៀសខ្លួនដែលភាគច្រើនជាស្ត្រី និងកុមារ បា​ន​ដើរជាច្រើនថ្ងៃ​ដោយ​មិន​មានអ្វីលើសពីសម្លៀកបំពាក់ និងអាហារបន្តិចបន្តួច៕
 

Tag:
 ស៊ូដង់
© រក្សាសិទ្ធិដោយ thmeythmey.com