ជាតិ
បោះឆ្នោត
រដ្ឋាភិបាល ត្រៀមថវិកាជាង ៥០លានដុល្លារ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
28, Apr 2023 , 8:59 am        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ រូបពីហ្វេសប៊ុក គជប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ រូបពីហ្វេសប៊ុក គជប
ដោយ:
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឱ្យដឹងថា រដ្ឋាភិបាល ត្រៀមថវិកាជាង៥០លានដុល្លារ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។



គិតត្រឹមថ្ងៃទី ២៧មេសានេះ ពុំទាន់មានបណ្ដាប្រទេសណា ផ្ដល់ជំនួយថវិកាដល់កម្ពុជា សម្រាប់ដំណើរការនៃការបោះឆ្នោតនោះទេ ក្រៅពី​ប្រទេស​ជប៉ុន​ ​បាន​ផ្ដល់​​ជំនួយឧបករណ៍ និង​​អ្នកជំនាញ​ការបោះឆ្នោត​ ​ខាងផ្នែកអប់រំដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ។ នេះបើតាមលោក ហង្ស ពុទ្ធា បានប្រាប់សារព័ត៌មានថ្មីៗ ។
 
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ៖«ជំនួយមិនមានខាងប្រទេសណាជួយជំនួយទេ តែផ្ទុយទៅវិញគឺ ថវិកាជាតិមានបម្រុងជានិច្ច ជារៀងរាល់ការបោះឆ្នោត។ ខ្ញុំចង់បញ្ជាក់លក្ខណៈបច្ចេកទេសថា ឧទាហរណ៍ គម្រោងបោះឆ្នោតមួយអាណត្តិបម្រុង ៥០លាន បើមានប្រទេសណាផ្ដល់ជំនួយ គឺត្រូវដកបង្វិលបញ្ចូលទៅឱ្យរដ្ឋវិញ»។
 
បើតាមលោក ហង្ស ពុទ្ធា មកដល់ពេលនេះ មានគណបក្សនយោបាយ ដែលបានស្នើសុំ​ចុះបញ្ជី​គណបក្ស​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ចំនួន ៧ហើយ។ ក្នុងនោះរួមមាន គណបក្សប្រជាជន​កម្ពុជា​ ​គណបក្ស​យុវជន​កម្ពុជា​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​គណបក្ស​ធម្មាធិបតេយ្យ​​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​ ​និង​គណបក្ស​ខ្មែរ​តែមួយ​។​
 
ចំពោះអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិក្នុងដំណើរការបោះឆ្នោត ពុំទាន់មានតួលេខជាក់លាក់នោះទេ ព្រោះរយៈពេលចុះឈ្មោះនៅយូរទៀត។ អ្នកនាំពាក្យ គ.ជ.ប បានប្រាប់បែបនេះ ដោយរំពឹងថា នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ នឹងមានអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិច្រើនជាងការបោះឆ្នោតកន្លងមក។
 
លោក ហង្ស ពុទ្ធា បានបន្ថែមថា មកដល់ពេលនេះ មានប្រជាពលរដ្ឋជាង ៩,៧លាននាក់ ដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់៕
 
 
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com