ជាតិ
លោក ស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការថវិកា៣០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់
28, Apr 2023 , 7:59 pm        
រូបភាព
ពិធិសម្ពោធគម្រោងការតភ្ជាប់ក្នុងតំបន់អាស៊ី នាព្រឹកថ្ងៃទី២៨ ខែមេសា នៅសណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ពិធិសម្ពោធគម្រោងការតភ្ជាប់ក្នុងតំបន់អាស៊ី នាព្រឹកថ្ងៃទី២៨ ខែមេសា នៅសណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
រដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ ចំនួន១៥០ ដើម្បីលើកម្ពស់សេដ្ឋកិច្ចជាតិ និងសម្រេចតាមផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030(CIT-MP) ។ គម្រោងទាំងនេះ ត្រូវការទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន បានថ្លែងក្នុងព្រឹត្តិការណ៍សម្ពោធគម្រោងការតភ្ជាប់ក្នុងតំបន់អាស៊ី នាថ្ងៃទី២៨ ខែមេសា។

 
លោក ស៊ុន ចាន់ថុល បានលើកឡើងថា ព្រឹត្តិការណ៍នេះ នឹងបង្ហាញទិដ្ឋភាពទូទៅនៃទីផ្សារដឹកជញ្ជូនទំនិញក្នុងតំបន់ នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលរួមបញ្ចូលលើទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនិញបច្ចុប្បន្ន ស្របតាមក្របខ័ណ្ឌគោលនយោបាយបែបផែននៃការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម។ លើសពីនេះ អ្នកចូលរួមក៏អាចស្វែងយល់អំពីផែនការយុទ្ធសាស្ត្រដឹកជញ្ជូនជាតិ និងតំបន់ ដែលមានស្រាប់ ក៏ដូចជាគំនិតផ្តួចផ្តើមលើកកម្ពស់ការតភ្ជាប់អន្តរជាតិផងដែរ។


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
 
«ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈនេះយើងកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 (CIT-MP)»។ នេះបើតាមការបញ្ជាក់លោក ស៊ុន ចាន់ថុល នៅក្នុងព្រឹត្តិការណ៍សម្ពោធគម្រោងការតភ្ជាប់ក្នុងតំបន់អាស៊ី។
 
លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលកំពុងមានការចាប់អារម្មណ៍ខ្ពស់ ក៏ដូចជាការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ ទាំងជំហានទី១ ទី២ និងទី៣ ដែលនឹងត្រូវប្រកាសបើកការដ្ឋានជាផ្លូវការនាថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច។ 
 
រដ្ឋមន្រ្តីសាធារណការរូបនេះ បន្ថែមថា គម្រោងពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ ដោយរំពឹងថានឹងមានសមត្ថភាពអាចទទួលការផ្ទេរ និងផ្ទុកទំនិញអឺរ៉ុប បាន៩០ភាគរយ។
 
បើតាមលោក ស៊ុន ចាន់ថុល គម្រោងសិក្សាសមិទ្ធិលទ្ធភាព ត្រូវបានអនុវត្តជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការតភ្ជាប់ និងប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស។ ក្នុងនោះរួមមាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅថ្ងៃទី០៧ មិថុនា ២០២៣, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងសិក្សា ហើយគ្រោងបញ្ចប់នៅបំណាច់ខែឧសភា, គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ខណៈរដ្ឋាភិបាលជំរុញឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនកិច្ចការនេះ ជាពិសេសស្វែងរកដៃគូវិនិយោគ។ បច្ចុប្បន្ន ក៏មានគម្រោងផ្លូវថ្នល់ជាច្រើន ដែលកំពុងធ្វើឱ្យប្រសើរឡើងទៀតដែរ៕ 
 

Tag:
 ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com