ជាតិ
សេដ្ឋកិច្ច
កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងពង្រីកសមត្ថភាព ដើម្បីបំពេញតាមតម្រូវការ
30, Apr 2023 , 11:09 am        
រូបភាព
ដោយ:
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកទ្វារមួយដែលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ព្រមទាំងទាក់ទាញអ្នកវិនិយោគទុនមកកម្ពុជាឱ្យកាន់តែច្រើន។ បើនៅទីនោះ​តូចចង្អៀត នាវា ឬកប៉ាល មិនអាចចូលចតបានទេ ហើយអ្នកវិនិយោគទុនក៏ប្រហែលពួកគេមិនចាប់អារម្មណ៍នោះដែរ។ នេះបើតាមលោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុ ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២៥ មេសា លោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្ន រដ្ឋបាលខេត្តព្រះសីហនុ កំពុងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីអាចអនុញ្ញាតឱ្យនាវា និងកាប៉ាល់ធនធំ ចូលចតបាន។ កំពង់ផែដែលពង្រីកនោះ មាន ៣ទីតាំង ដោយទី១ មានជម្រៅទឹក ១៤,៥ម៉ែត្រ,ទី២ មានជម្រៅទឹក ១៦,៥ម៉ែត្រ និងទី៣ មានជម្រៅទឹក ១៧,៥ម៉ែត្រ។
 
បើតាមលោក លូ គឹមឈន់ នៅឆ្នាំ២០២៤ នឹងផ្លាស់ប្ដូរធ្វើកំពង់ផែទំនិញរាយ ទៅជាផែចំណត ដែលធ្វើឱ្យទំនិញកើនឡើង ៣៥ភាគរយ។ នៅឆ្នាំ២០២៦ កំពង់ផែទី១ ដែលមានជម្រៅ ទឹក ១៤,៥ម៉ែត្រ នឹងធ្វើរួចរាល់មានទីធ្លាទូលាយ ហើយអាចអនុញ្ញាតឱ្យនាវា ៩៣ភាគរយ នៅក្នុងតំបន់អាចចូលចតបាន ដែលធ្វើឱ្យសេវាផែ្នកដឹកជញ្ជូនតាមសមុទ្រជាមធ្យមចុះតម្លៃប្រហែល ២០០ដុល្លារ ក្នុងមួយកុងតឺន័រ។ 
 
នៅឆ្នាំ២០២៨ កំពង់ផែដែលមានជម្រៅទឹក ១៦,៥ម៉ែត្រ នឹងធ្វើផែនោះរួចរាល់ ហើយទំនិញដែលដឹកជញ្ជូនទៅមកនៅក្នុងពិភពលោក ជាពិសេសការដឹកជញ្ជូនទៅមកពីអាម៉េរិក អ៊ឺរ៉ុប និងអាស៊ី គឺអាចបើកបរបានដោយគ្មានឧបសគ្គពីរឿងជម្រៅទឹកទៀតនោះទេ។ លោក លូ គឹមឈន់ លើកឡើងបែបនេះ រួចបន្តថា ក្រោយពេលដែលពង្រីកធ្វើផែនោះរួចហើយ តម្លៃដឹកជញ្ជូននៅតាមផ្លូវសមុទ្រ នឹងមានការធ្លាក់ចុះ ហើយនឹងធ្វើឱ្យបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងបន្ថែមទៀត។ នៅឆ្នាំ២០២៩ កំពង់ផែជម្រៅទឹក ១៧,៥ម៉ែត្រ នឹងធ្វើហើយមួយទៀត ពេលនោះកាប៉ាល់ក្នុងពិភពលោកអាចចូលចតបាននៅទីនោះទាំងអស់ផងដែរ។ 
 
អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុរូបនេះ បានសង្កត់ធ្ងន់ថា ៖«កំពង់ផែសំខាន់ណាស់សម្រាប់ប្រទេសជាតិ និយាយឱ្យចំទៅកំពង់ផែបានផលចំណេញតិចតួច​ តែសេដ្ឋកិច្ចជាតិកើនឡើង ព្រមទាំងទាក់ទាញអ្នកវិនិយោគទុនដែរ! កំពង់ផែជាខ្លោងទ្វារសេដ្ឋកិច្ច ហើយវាដូចបំពង់ក ដូចស្រមុះអញ្ចឹង បើទីនោះស្ទះ ឬដុះសាច់ច្រមុះហើយទៅមិនរួចទេ»។
 
លោក លូ គឹមឈន់ បានបន្តថា ចាប់ពីឆ្នាំ២០២៦តទៅ កម្ពុជានឹងមានកំពង់ផែអាចឱ្យនាវាចូលចត ប្រហាក់ប្រហែលកំផែប្រទេសនៅជុំវិញ ហើយនៅឆ្នាំ២០២៨-២០២៩ កម្ពុជា នឹងមានកំពង់ផែធំដូចប្រទេសនៅជុំវិញកម្ពុជាផងដែរ។ ការធ្វើកំពង់ផែអ្វីដែលសំខាន់នោះ គឺត្រូវមានភាពទទួលខុសត្រូវច្បាស់លាស់ រៀបចំកាលបរិច្ឆទត្រឹមត្រូវ ធានាមិនឱ្យទំនិញរបស់ភ្ញៀវបាក់បែកនោះឡើយ៕
 
 
 
 
 

Tag:
 កំពង់ផែស្វយ័តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com