ជាតិ
ក្រពើភ្នំ១ក្បាល ត្រូវបានប្រទះឃើញ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ
30, Apr 2023 , 3:09 pm        
រូបភាព
ដោយ៖ គិត បុប្ផា
ភ្នំពេញ៖ ប្រជាពលរដ្ឋ បានប្រទះឃើញក្រពើភ្នំដែលជាសត្វកម្របំផុតក្នុងពិភពលោក ១ក្បាល ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ។ មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានយកក្រពើភ្នំនោះទៅលែងនៅទីធម្មជាតិវិញក្រោយពិនិត្យឃើញថាក្រពើនោះជាក្រពើធម្មជាតិ។

យោងតាមក្រសួងបរិស្ថាន ក្រពើភ្នំ ១ក្បាល ត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតំបន់ឧទ្យានុរក្សនៃក្រសួងបរិស្ថានជួរភ្នំក្រវាញខាងត្បូង។ ក្រពើនេះមានទម្ងន់ ៣,៥គីឡូក្រាម ប្រវែង ១,១៥ម៉ែត្រ។ 
 
ប្រជាពលរដ្ឋ បានយកក្រពើខាងលើ មកប្រគល់ជូនមន្រ្ដីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។ មន្រ្តីឧទ្យានុរក្ស និងអង្គការ​ Fauna and Flora International បានយកក្រពើនោះ ទៅលែងនៅទីជម្រកធម្មជាតិវិញ ក្រោយពិនិត្យឃើញថាក្រពើនោះជាក្រពើធម្មជាតិ។ លើសពីនេះមន្រ្ដីនៃក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ពលរដ្ឋដែលយល់ពីតម្លៃសត្វកម្រលើពិភពលោក និងកំពុងមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជាផងដែរ។
  


គួរជម្រាបដែរថា តំបន់ជួរភ្នំក្រវាញ ក្នុងប្រទេសកម្ពុជា បានក្លាយជាទីជម្រកដ៏កក់ក្ដៅ សម្រាប់ការរស់រានរបស់ក្រពើភ្នំ ចាប់ពីតំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ រហូតដល់តំបន់ឆាយរាបនៃប្រព័ន្ធព្រែក កំពង់សោម ស្រុកស្រែអំបិល​ ខេត្តកោះកុង៕
 
 

Tag:
 បរិស្ថាន
  ក្រពើភ្នំ
© រក្សាសិទ្ធិដោយ thmeythmey.com