អន្តរជាតិ
គោល​នយោបាយ​សមុទ្រ​របស់​ជប៉ុន​ប្តេជ្ញា​បន្តឹង​សន្តិសុខ​ជាង​មុន​ ស្រប​ពេល​មាន​ការ​គំរាមកំហែង​ពី​ចិន
30, Apr 2023 , 10:39 pm        
រូបភាព
ដោយ: VOA
ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​អនុម័ត​គោលនយោបាយ​ថ្មី​មួយ​ដែល​មាន​រយៈពេល​៥​ឆ្នាំ​ ស្តី​ពី​មហាសមុទ្រ ​ដែល​នឹង​អំពាវនាវ​ឱ្យមាន​វិធានការ​សន្តិសុខ​ដែន​សមុទ្រ​កាន់​តែ​ខ្លាំង​ជាង​មុន​ ដែល​ក្នុង​នោះ​រួមទាំង​ការ​ជំរុញ​សមត្ថភាព​ឆ្មាំ​សមុទ្រ​ និង​កិច្ច​សហ​ប្រតិបត្តិការជាមួយក្រុម​យោធា​ជប៉ុន​ ​ស្រប​ពេល​ដែលប្រទេស​ចិនកំពុង​បង្កើនសកម្មភាព​ដ៏​គឃ្លើន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់។​ នេះ​បើ​យោង​លើ​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។​

ផែនការ​ជា​មូលដ្ឋាន​ថ្មី​ស្តីពី​នយោបាយ​មហាសមុទ្រ​នេះ​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​របស់លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ Fumio Kishida​ នោះ​ ក៏​បាន​និយាយ​ផង​ដែរ​ថា​ ជប៉ុន​ត្រូវ​ជំរុញ​ការអភិវឌ្ឍ​គ្រឿងយន្តប្រើ​ក្រោម​ទឹក​ស្វយ័តរបស់​ខ្លួន​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​មនុស្សយន្ត​ដែលអាច​បញ្ជា​ពី​ចម្ងាយ​ ដើម្បី​ជំរុញ​សមត្ថភាព​ស៊ើបការណ៍​របស់​ខ្លួនឱ្យ​កាន់​តែ​ខ្លាំង​ឡើងថែម​ទៀត។​ ​
 
គោលនយោបាយថ្មី​របស់​ជប៉ុននេះ​ ក៏​បាន​លើក​ឡើង​ពី​ការ​គំរាមកំហែង​មួយ​ចំនួន​ ​ដូច​ជា​ នាវា​ឆ្មាំ​សមុទ្រ​ចិន​ បាន​ជ្រៀតជ្រែក​ចូល​ជា​ញឹកញាប់មក​ក្នុង​ដែន​ទឹក​ជប៉ុន​ ការ​ធ្វើ​សកម្មភាព​គ្មាន​ការ​អនុញ្ញាត​កាន់​តែ​ច្រើន​ឡើង​នៃ​ទូក​ស៊ើបការណ៍​បរទេស​ មក​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ជប៉ុន​ ការធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ចិន​និង​រុស្ស៊ី​កាន់​តែ​កើន​ឡើង​ច្រើន​ ក៏​ដូច​ជា​ការ​បាញ់​មីស៊ីល​ជា​ច្រើនលើក​ច្រើន​សារ​របស់ប្រទេស​កូរ៉េខាងជា​ដើម​ផង​ដែរ។​
 
នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ​Kishida ​បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​គោលនយោបាយ​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖​ «ស្ថានភាព​តឹងតែង​នៅ​ក្នុង​មហាសមុទ្រជុំវិញ​ប្រទេស​ជប៉ុន​កំពុង​មាន​ការ​កើន​ឡើង។​ ​វា​ដល់​ពេលវេលា​ហើយ​សម្រាប់​យើង​ ដើម្បី​បញ្ចូល​នូវ​ឧត្តមភាព​របស់​យើង​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​ ការ​សិក្សា​ និងរដ្ឋាភិបាល​ សម្រាប់​កំណែ​ទម្រង់​គោលនយោបាយ​មហាសមុទ្រ​ ឬក៏​ហៅ​ម្យ៉ាង​ទៀត​ថា​ ជា​ការ​ផ្លាស់​ប្តូរ​គោលការណ៍​មហាសមុទ្រ»។ ​
 
គោល​នយោបាយ​មហាសមុទ្រ​ថ្មី​របស់​ជប៉ុន​នៅ​ពេល​នេះ​ ដើរ​ទន្ទឹម​គ្នា​នឹង​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី​មួយរបស់​ជប៉ុន​ ដែល​រដ្ឋាភិបាល​លោក Kishida ​បាន​អនុម័ត​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​កន្លង​ទៅ​ ដែល​ជា​ការ​ងាក​ចេញ​ដ៏​ខ្លាំងពី​គោលការណ៍​ស្វ័យ​ការពារ​តែ​ប៉ុណ្ណោះ​ ដែល​ប្រទេស​នេះ​ធ្លាប់អនុវត្ត​ក្នុង​ពេល​កន្លង​ទៅ​ នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់​ខ្លួន​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​មក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com