ជាតិ
សេដ្ឋកិច្ច
រដ្ឋ ប្រើថវិកា ១០០លានដុល្លារ ដើម្បីស្ថាបនាផ្លូវ ៣៧ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ
30, Apr 2023 , 7:39 pm        
រូបភាព
ពិធីប្រគល់ទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ពិធីប្រគល់ទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែ និងការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ត្រូវបានចំណាយថវិកា ១០០លានដុល្លារអាម៉េរិក។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងពិធីប្រគល់ទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

លោក គួច ចំរើន បានមានប្រសាសន៍ថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២បានសាងសង់រួច ដោយស្ថានីយទី១ អាចចម្រុះទឹកស្អុយបាន ៥២០០ម៉ែត្រគូប និងស្ថានីទី២ អាចផលិតទឹកស្អាតបាន ៧២០០ម៉ែត្រគូប និងស្ថានីទី៣ កំពុងដំណើរការសាងសង់ ដែលអាចផលិតទឹកស្អាតបាន ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែតុលាខាងមុខនេះ។
 
អភិបាលខេត្តរូបនេះ បានបន្តថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ រួមទាំងរបាយការណ៍ឯកសារដែលបានកត់ត្រាពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ នៃការស្ថាបនារួចរាល់ បានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដាក់ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការទូទាត់លើការចំណាយជូនមកក្រុមហ៊ុនស្ថាបនា នៅក្នុងខេត្តព្រះសីហនុ។
 
លោក គួច ចំរើន បានបញ្ជាក់ថា៖ « រដ្ឋាភិបាលបានដាក់ចេញនៅកញ្ចប់ថវិកាចំនួន ១០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍ និងស្ថាបនាផ្លូវ ៣៧ខ្សែក្នុងក្រុងព្រះសីហនុ»។
 
បើតាមលោក លី រស្មី រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្សែ នៅខេត្តព្រះសីហនុ មានប្រវែងសរុប ៨៤ ០៦៦គីឡូម៉ែត្រ ក្នុងនោះមានផ្លូវមហាវិថីចំនួន ៣ខ្សែ,ផ្លូវវិថីចំនួន ១៥ខ្សែ និងអនុវិថី ១៩ខ្សែ។ ការស្ថាបនានោះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com