អន្តរជាតិ
រដ្ឋមន្ត្រី G7 បង្ហាញជំហរតែមួយលើតម្រូវការបង្កើតបញ្ញត្តិការពារហានិភ័យពីបញ្ញាសិប្បនិម្មិត
01, May 2023 , 8:29 am        
រូបភាព
រដ្ឋមន្ត្រីឌីជីថលនៃបណ្ដាប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង​​​ ៧ (G7) នាថ្ងៃទី៣០ ខែមេសា ឯកភាពគ្នាលើភាពចាំបាច់ដែលរដ្ឋជាសមាជិកគួរអនុម័តបទប្បញ្ញត្តិការពារហានិភ័យពីបញ្ញា​សិប្បនិមិ្មត​ (AI)។

 
រដ្ឋមន្ត្រីផ្នែកបច្ចេកវិទ្យានៃក្រុមប្រទេស G7 រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអាមេរិក ព្រមទាំងសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុង Takasaki នៅភាគពាយព្យ​​ទីក្រុង​តូក្យូ​។
 
រដ្ឋមន្ត្រី G7 បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយនៅចុងបញ្ចប់នៃ​កិច្ចប្រជុំរយៈពេលពីរថ្ងៃថា បទប្បញ្ញត្តិសម្រាប់វិស័យ AI ក៏គួរតែរក្សាបរិយាកាសបើកចំហ និងអនុញ្ញាតឱ្យមានការអភិវឌ្ឍបច្ចេកវិទ្យា AI បន្តទៀត និងផ្អែកលើតម្លៃប្រជាធិបតេយ្យ។ ខណៈទទូលស្គាល់លក្ខខណ្ឌខុសគ្នានៅតាមសមាជិករៀងៗខ្លួនលើបញ្ហានេះ រដ្ឋមន្រ្តី G7 ក៏បានកំណត់​ចំណុច​សំខាន់​លើរបៀបដែលប្រទេសធំៗគ្រប់គ្រង AI ចំពេលមានការព្រួយបារម្ភអំពី​ឯកជនភាព និង​សុវត្ថិភាព។
 
«ពួកយើងគ្រោងនឹងរៀបចំការពិភាក្សា G7 នាពេលអនាគតលើ AI ជំនាន់ថ្មីដែលអាចរួមបញ្ចូល​ប្រធាន​បទដូចជា អភិបាលកិច្ច របៀបការពារកម្មសិទ្ធិបញ្ញា ការរក្សាសិទ្ធិ លើកកម្ពស់តម្លាភាព ដោះស្រាយ​ព័ត៌មានមិនពិត»។ រដ្ឋមន្ត្រី G7 បញ្ជាក់​បែបនេះក្នុង​សេចក្ដីថ្លែងការណ៏ដដែលផងដែរ។
 
ការជជែកនេះ ធ្វើឡើយបន្ទាប់ពីសមាជិកសភា EU កាលពីថ្ងៃទី២៧ ខែមេសា បានឈានដល់កិច្ច​ព្រម​ព្រៀងបឋមលើសេចក្តីព្រាងច្បាប់ថ្មីនៃច្បាប់ AI នាពេលខាងមុខដែលមានចែងពីវិធានការការ​ពារ​ការ​រក្សាសិទ្ធិសម្រាប់ AI ជំនាន់បន្ទាប់៕
 

Tag:
 G7
© រក្សាសិទ្ធិដោយ thmeythmey.com