អន្តរជាតិ
ការនាំចេញរបស់កូរ៉េខាងត្បូងធ្លាក់ចុះខ្លាំង៧ខែជាប់គ្នា ស្របពេលការលក់បន្តទៅចិនធ្លាក់​ចុះ​រហ័ស
01, May 2023 , 12:26 pm        
រូបភាព
ការនាំចេញរបស់កូរ៉េខាងត្បូងបានបន្តធ្លាក់ចុះក្នុង៧ខែជាប់គ្នាបើគិតត្រឹមខែមេសាដែលនេះជា​ការ​ធ្លាក់​ចុះដ៏យូរបំផុតក្នុងរយៈពេល៣ឆ្នាំ។ កត្តាដែលជំរុញឱ្យមានបញ្ហានេះ គឺ​ការធ្លាក់ចុះ​ការ​លក់​បន្ត​ទៅ​ចិន និងសម្ពាធពីការធ្លាក់ចុះតម្រូវការពិភពលោក។

 
ចិន ជាទីផ្សារដ៏សំខាន់សម្រាប់ទំនិញ ជាពិសេសបន្ទះឈីបកូរ៉េខាងត្បូង។ ទោះមហាអំណាចនេះ​បាន​បើកសេដ្ឋកិច្ចឡើងវិញកាលពីខែធ្នូ ឆ្នាំ២០២២ ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ចិន ​នៅតែ​មាន​ការធ្លាក់ចុះដែលបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច។
 
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានបង្ហាញនាថ្ងៃទី១ ខែឧសភាថា ការនាំចេញទៅ​ក្រៅ​ប្រទេសបានធ្លាក់ចុះ១៤,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម៤៩,៦២ពាន់លានដុល្លារ​ក្នុង​ខែមេសា​ ឆ្នាំ២០២២។ វាជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេល៣ឆ្នាំ។​
 
ជាមួយគ្នានេះ ការវិភាគទិន្នន័យបានបង្ហាញថា ការនាំចេញទៅកាន់ចិនបានធ្លាក់ចុះ២៦,៥ភាគរយ ដែលជាការធ្លាក់ចុះ១១ខែជាប់គ្នា ខណៈដែលការនាំចេញទៅកាន់អាមេរិកបានធ្លាក់ចុះ៤,៤ភាគរយ។ ​ប៉ុន្តែការនាំចេញទៅកាន់សហភាពអឺរ៉ុបបានកើនឡើង៩,៩ភាគរយ ។
 
បើគិតតាមផលិតផល ការនាំចេញបន្ទះឈីបបានធ្លាក់ចុះ៤១ភាគរយ ឯផលិតផលប្រេងបានធ្លាក់ចុះ ២៧,៣ភាគរយ ប៉ុន្តែការនាំចេញរថយន្តបានកើនឡើង៤០,៣ភាគរយ។ 
 
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការធ្លាក់ចុះនេះគឺដោយសា​រ​តែ​ការ​ពន្យារ​ពេលនៃការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចពិភពលោក និងភាពទន់ខ្សោយនៅក្នុង​ឧស្សាហកម្ម​បន្ទះ​ឈីបខណៈពេលថ្ងៃធ្វើការក៏តិចជាងមុន។
 
ជាលទ្ធផល កូរ៉េខាងត្បូងបានប្រកាសឱនភាពពាណិជ្ជកម្មចំនួន២,៦២ពាន់លានដុល្លារក្នុងខែមេសា ដែលជាខែទី១៤ ប្រទេសជួបបញ្ហាឱនភាពពាណិជ្ជកម្មជាប់ៗគ្នាបែបនេះ៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com