ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីផ្តាំ៖ អ្នកជ្រុលនិយម ពិបាកចូលស្រុកខ្មែរបន្តិចហើយ
01, May 2023 , 7:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
សម្តេច ហ៊ុន សែន ជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
អ្នកប្រឆាំងមួយក្រុមនៅក្រៅប្រទេស បានបើកកិច្ចប្រជុំតាមប្រព័ន្ធហ្ស៊ូម (zoom) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ហើយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងនៅក្នុងប្រទេសឯណេះ ក៏អាចដឹងអំពីកិច្ចប្រជុំនេះពីដើមរហូតដល់ចប់ផងដែរ។ សម្តេច បានបោះវីដេអូជាង២ម៉ោងអំពីកិច្ចប្រជុំនេះចូលទៅក្នុងក្រុមតេឡេក្រាមរបស់សម្តេច។



អ្វីដែលសម្តេចនាយករដ្ឋមន្រ្តី កត់សម្គាល់ខ្លាំងក្នុងកិច្ចប្រជុំនោះ គឺការនិយាយគ្នាពីរឿងបោះឆ្នោតនៅកម្ពុជា នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ តាមរយៈសំណេរដែលសរសេរចូលទៅក្នុងតេឡេក្រាមភ្ជាប់ជាមួយវីដេអូអំពីកិច្ចប្រជុំ សម្តេច បានទិតៀនអ្នកដែលស្ថិតក្នុងកិច្ចប្រជុំថា ពួកគេ ចង់បានប្រជាធិបតេយ្យ តែប្រឆាំងជាមួយការបោះឆ្នោត និងត្រៀមប្រកាសប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា ផ្តាំពួកគេថា៖«ពួកអ្នកមកលេងស្រុកលំបាកបន្តិចហើយ ព្រោះពួកអ្នកត្រូវបានចាត់ទុកថាជាក្រុមជ្រុលនិយមបំផ្លាញជាតិ»។ មេដឹកនាំកម្ពុជា ឆ្លៀតសួរពួកគេម៉ាត់ថា៖«តើចង់បំផ្លាញកម្ពុជាដល់ណាទៀត?» 
 
សម្តេចនាយករដ្ឋមន្រ្តី សំដៅទៅអ្នកប្រឆាំងទាំងនោះថា ពួកគេ រស់នៅក្រៅប្រទេស និងមានសញ្ជាតិបរទេស ដូច្នេះមិនស្គាល់សេចក្តីត្រូវការប្រជាជននៅក្នុងប្រទេសឡើយ។ បន្ថែមពីនេះ សម្តេច ប្រាប់ទៅពួកគេថា មនុស្សនៅជាមួយពួកគេ ក៏មានមនុស្សរបស់សម្តេចដែរ។ សម្តេច បន្តថា ពួកគេ មិនអាចលាក់បាំងកិច្ចប្រជុំរបស់ពួកគេបានឡើយ៕ 
 
 
 

Tag:
 ហ៊ុន សែន
  អ្នកក្រៅស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com