ជាតិ
ទោះជីវភាពខ្សត់ខ្សោយ កញ្ញា ពើយ ស្រីអូន សង្វាតសិក្សារហូតបានអាហារូបករណ៍ទៅ​អា​ម៉េ​រិក
02, May 2023 , 8:59 am        
រូបភាព
កញ្ញា ពើយ​ ស្រីអូន និងមិត្តរួមថ្នាក់ ក្នុងបន្ទប់ពិសោធន៍នៅសាលា JPA។ រូបភាពពី៖ កញ្ញា ពើយ ស្រីអូន
កញ្ញា ពើយ​ ស្រីអូន និងមិត្តរួមថ្នាក់ ក្នុងបន្ទប់ពិសោធន៍នៅសាលា JPA។ រូបភាពពី៖ កញ្ញា ពើយ ស្រីអូន
ភ្នំពេញ៖ ​កញ្ញា ពើយ ស្រីអូន មានក្តីស្រមៃ​ទៅសិក្សានៅក្រៅប្រទេសតាំងពីក្មេងមកម្ល៉េះ។ វាគឺជា​ក្តី​ស្រ​មៃ ដែលស្រីអូនមិនដែលបោះបង់នោះឡើយ បើទោះជា​នាង​រស់នៅទីជនបទ ហើយ​ស្ថាន​ភាពគ្រួសារនាង​ខ្សត់ខ្សោយក៏ដោយ។ ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន ស្រី​​​អូន ដឹងយ៉ាងប្រាកដថា មានតែការប្រឹងប្រែងសិក្សាមួយមុខគត់ ដែលនឹងយឹត​យោង​វាសនា​​នាង ឱ្យបានហោះទៅសិក្សានៅបរទេស។ ពើយ ស្រីអូន បានសង្វាតរៀន​សូត្រស្ទើរ​ឥត​​សម្រាក ​​​ទាំងខេមរភាសា​ និងភាសាអង់គ្លេស រហូតប្រឡងបានពិន្ទុ IELTS 8.0  និងបានជាប់​ជ័យ​លាភី​អា​ហា​​​រូបករណ៍ SHE CAN ។ នាង នឹងត្រូវចេញ​​ដំណើរ​ទៅ​សិក្សា​​​នៅសហរដ្ឋអាម៉េរិក នាខែសីហា ឆ្នាំ២០២៣ខាងមុខ ​ដើម្បីសិក្សាជំនាញជីវវិទ្យាម៉ូលេគុល នៅ​មហាវិទ្យា​ល័យ Claremont McKenna ក្នុងរដ្ឋ California។

 
ស្រីអូន គឺជាបេក្ខភាពជ័យ​លាភីម្នាក់ នៃ​អា​ហា​​​រូបករណ៍SHE CAN ក្នុងចំណោមសិស្ស៨នាក់ ដែលនឹងត្រូវចេញ​​ដំណើរ​ទៅ​សិក្សា​​​នៅសហរដ្ឋអាម៉េរិក នាខែសីហា ឆ្នាំ២០២៣ខាងមុខនេះ​។ យុវតីរូបនេះ នឹងសិក្សា​ជំនាញ ជីវវិទ្យាម៉ូលេគុល នៅ​មហាវិទ្យា​ល័យ Claremont McKenna ក្នុងរដ្ឋCalifornia។ 
 

កញ្ញា ពើយ ស្រីអូន និងឪពុកម្តាុយ អំឡុងពេលបញ្ចប់ការសិក្សាវិទ្យាល័យនៅអង្គការJPA។ រូបភាពពី៖ កញ្ញា ពើយ ស្រីអូន 

យុវតី ពើយ ស្រីអូន មានក្តីស្រមៃទៅសិក្សានៅក្រៅប្រទេសតាំងពីកុមារភាពម្ល៉េះ បើទោះជានឹងបានដឹងថាវាជាការស្រមើស្រមៃដែលពិបាកនឹងកើតឡើងក៏ដោយ។ ​​ ស្រីអូន មិនដែលបោះបង់ចោលមហិច្ឆតាក៏ខ្ពស់របស់ខ្លួនឡើយ។ ផ្ទុយទៅវិញ យុវតី ពើយ ស្រីអូន មានដែលមានឪម្តាយជាអាជីវករលក់បន្លែនៅ​ផ្សារពួក ស្រុកពួក ខេត្តសៀមរាប បានឱហាតសិក្សាមិនហ៊ានប្រហែស ដើម្បីធ្វើឱ្យក្តីសុបិន​របស់ខ្លួនក្លាយជាការពិត។ 
 
​នៅអំឡុងរង់ចាំការចាកចេញទៅសិក្សានៅសហរដ្ឋអាម៉េរិក ​យុវតីរូបនេះ កំពុងធ្វើជាជំនួយការគ្រូបង្រៀននៅសាលា Jay Pritzker Academy (JPA) ​ជាសាលាអង្គការ​ ដែលនាងរៀនតាំងពីថ្នាក់ទី១ ​រហូត​​ថ្នាក់​ទី​១២​។ សម្រាប់ ស្រីអូន នាងពិតជាមានសំណាងដែល​មានសា​លាអង្គការមួយនេះនៅក្បែរផ្ទះ ហើយជាទីបណ្តុះបណ្តាលឱ្យខ្លួនមានចំណេះដឹងទូទៅ និងភាសាអង់គ្លេស និងមានសមត្ថភាពក្រសោបបានអាហារូបករណ៍ទៅសិក្សានៅអាម៉េរិ​ក​។
ក្មេងស្រីម្នាក់ ដែលមិនចង់ឃើញម្តាយលំបាក
 
ទោះសាលាមិនឆ្ងាយពីផ្ទះ តែម្តាយស្រីអូន មិនបណ្តោយឱ្យកូនដើរទៅរៀនម្នាក់ឯងឡើយ ដោយស៊ូឆ្លៀតពេលពីការរកស៊ី ដើម្បីជូនកូនទៅសាលា រហូតដល់កូនអាចជិះកង់ទៅរៀន ខ្លួនឯង។ ម្តាយស្រីអូន ជាអ្នកលក់បន្លែនៅផ្សារពួក ហើយជារឿយៗ ស្រីអូន បានឆ្លៀត​ពេល​ទៅជួយលក់ម្តាយ។ ការណ៍នេះបានធ្វើឱ្យ ស្រីអូ​ន ដឹងថាម្តាយរបស់ខ្លួនលំបាកយ៉ាង​​ណា ដែលត្រូវក្រោកទៅលក់បន្លែម៉ោង១ ឬ២យប់ ដើម្បីមានលទ្ធភាពផ្គត់ផ្គង់ការរៀន សូត្ររបស់ខ្លួន និងគ្រួសារ។  
 
«ដោយសារគាត់ងើបទៅម៉ោង ១ឬ២យប់ អ៊ីចឹងគាត់មិនងាយឱ្យពួកខ្ញុំទៅទេ។ លុះត្រា​ថ្ងៃ​ណា​គាត់លំបាកខ្លាំង ទើបគាត់ដាច់ចិត្តឱ្យពួកខ្ញុំទៅជួយ។ ដល់ពេលខ្ញុំទៅ ទើបដឹងថាគាត់​ពិបាក​ប៉ុនណា គាត់ធ្វើការអត់ងងុយ ហើយប្រើកម្លាំងខ្លាំងទៀត។ អ៊ីចឹងហើយបានខ្ញុំខំរៀន ដើម្បីជួយគាត់នៅពេលអនាគត»។ ស្រីអូន បានប្រាប់អ្នកសារព័ត៌មានថ្មីៗ​តាមទូរសព្ទ​ដូច្នេះ​។ 
 
នាមជាកូន ពិតជាមិនសប្បាយចិត្តឡើយពេលឃើញម្តាយហត់នឿយយ៉ាងខ្លាំង ដើម្បីកូនៗ​មានអាហារបរិភោគគ្រប់គ្រាន់ មានសម្លៀកបំពាក់ស្អាតៗ និងទទួលបានការអប់រំល្អ។ ស្រីអូន មានកូនចិត្តមួយថា នឹងខំរៀនដើម្បីជួយគ្រួសារឱ្យមានជីវភាពល្អប្រសើរ ហើយមិន ចង់ឱ្យម្តាយ​​ធ្វើការហូរញើស អត់ងងុយបែបនេះទៀតឡើយ។ 
 
មានសំណាងសិក្សានៅសាលាអង្គការ JPA ដែលផ្តល់ការសិក្សាឥតគិតថ្លៃ តាមស្តង់ដា​អាម៉េរិក ស្រីអូន បានខ្មីឃ្មាតរៀនសូត្ររហូតក្លាយជាសិស្សឆ្នើមម្នាក់។ ដ្បិតចំនួនសិស្សត្រូវ​បានកំណត់ សាលាតែងប្រឡងជម្រុះសិស្សរៀងរាល់ឆ្នាំ ដោយសិស្សណាមានសមត្ថភាព និងមានលំដាប់ពិន្ទុល្អ ទើបអាចបន្តសិក្សានៅទីនេះបាន។ 
 
«សិស្ស ១០០ ឬ២០០នាក់ ដាក់ពាក្យគេយ​កតែ ៥០ ឬ៦០នាក់ទេ ដោយសារ​ជាសាលា​អង្គការ​។ យើងរៀននៅសាលាអង្គការ ពេលយើងរៀននៅហ្នឹង គេគិតយើងជាសិស្ស អាហា​រូបករណ៍។ សិស្សនៅទីនេះ គេយកតែសិស្សឆ្នើម ហើយមានចំណេះដឹងល្អ ហើយគេ​ជម្រុះរៀងរាល់ឆ្នាំ»។ ស្រីអូន បានពន្យល់បានដូច្នេះ អំពីការសិក្សានៅសាលា JPA។ 
 
រយៈពេល១២ឆ្នាំ ជាមួយការសិក្សាទាំងភាសាខ្មែរ និងបរទេស រួមទាំងការប្រឡង​ជម្រុះរាល់ឆ្នាំផង ស្រីអូន បានបញ្ចប់ការសិក្សានៅសាលា JPA ដោយជោគជ័យ និង​ទទួលបាននិទ្ទេស B លើការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២។ ជាមួយគ្នានោះ ស្រីអូន ក៏មិនភ្លេចក្តីស្រមៃដែលឱបទុកក្នុងចិត្តឡើយ ដោយបានឆ្លៀត​ពេល​ពីការសិក្សា ទៅដាក់ពាក្យប្រឡងអាហារូបករណ៍ SHE CAN។ 
 
សមរភូមិអាហារូបករណ៍ 
 
ខណៈសិស្សានុសិស្សឯទៀតខំប្រឹងរៀនដើម្បីទទួលបាននិទ្ទេសសញ្ញាបត្រទុតិយភូមិល្អ ស្រី​អូន ត្រូវខំប្រឹងទ្វេដង ដ្បិតត្រូវប្រឡងអាហារូបករណ៍មួយទៀត។ ទន្ទឹមនោះ បេក្ខភាព​ដែល​ចូលរួមប្រឡង សុទ្ធពូកែទាំងចំណេះដឹងទូទៅ និងភាសាបរទេស ដែលជាកត្តាទាម​ទារ​ឱ្យកូនអ្នកស្រុកពួករូបនេះ ត្រូវឃ្មាតខ្មីទាំងយប់ទាំងថ្ងៃ។ 
 
ស្រីអូន បានរម្លឹកថា៖ « ខ្ញុំនៅស្រុកស្រែ មានផ្ទះឈើ ហើយកាមេរ៉ាខ្ញុំអត់​សូវច្បាល់​ល្អដូច​ពួក​គាត់ ដូច្នេះពួកគាត់ភ្ញាក់ផ្អើលពេលលឺខ្ញុំនិយាយ ហើយឃើញសមត្ថភាពរបស់ខ្ញុំ។ ពេល​ជួប​​គាត់​នៅភ្នំពេញ គាត់ថា មិននឹកស្មានថាខ្ញុំមានសមត្ថភាព ខុសជីវភាពរបស់ខ្ញុំ»។ 
 
ត្រឹមជាក្មេងស្រីតូចមួយ ដែលស្វះស្វែងកាប់ឆ្ការផ្លូវទៅកាន់គោលដៅ ស្រីអូន ត្រូវឆ្លងកាត់​ការ​ប្រឡងជាច្រើនដំណាក់កាល។ ទោះខំប្រឹងច្រើនលើស្រាវជ្រាវតាមអ៊ឺនធឺណិត តែ​ស្រី​អូន នៅតែមានចន្លោះប្រហោងក្នុងការឆ្លើយសំណួរមួយចំនួន។ ជាពិសេសការឆ្លើយ​សំ​ណួរ​ជាភាសាអង់គ្លេសរាប់រយពាក្យ ដែលពាក់ព័ន្ធនឹងការស្គាល់ពីខ្លួនឯង រួមទាំង​គោល​​ដៅអនាគត។ វាជាសំណាងធំមួយ ដែលបានរៀនអង់គ្លេសតាំងពីក្មេង ប៉ុន្តែការលំបាក គឺស្រីអូន មិនសូវបានស្វែងយល់ និងស្គាល់ខ្លួនឯងមិនច្បាស់។ 
 
យុវជនវ័យ១៨ឆ្នាំរូបនេះ បានលើកឡើងដូច្នេះ៖«វាពិបាក គេឱ្យនិយាយពីខ្លួនឯង តែអត់ដឹង​ត្រូវចាប់ផ្តើមពីត្រង់ណា។ យើងអត់ភ័យទេ តែគេឱ្យយើងនិយាយ ២០០ ទៅ៣០០ពាក្យ ហើយ​អត់ដឹងថាត្រូវគួរដាក់ពាក្យសំខាន់ណា ដោយសារអត់សូវមានអ្នក ដែលយើងអាច​សិក្សាបាន អ៊ីចឹងរៀងលំបាកច្រើន ហើយ៥សំណួរ ត្រូវសរសេរជាសំណេរច្រើន»។ 
 
ទោះជាមានឧបសគ្គបន្តិចក្តី តែកូនអ្នកស្រុកពួករូបនេះ នៅតែអាចជម្នះបានជាមួយ​លទ្ធផល​ដ៏សែនរំភើប និងនឹកស្មានមិនដល់សម្រាប់គ្រួសារទាំងមូល។ កញ្ញា ពើយ ស្រីអូន ត្រូវ​បានជ្រើសរើសជាបេក្ខភាពជ័យលាភីអារូបករណ៍ម្នាក់ ក្នុងចំណោមសិស្ស៨នាក់។ ស្រីអូន សឹងមិនជឿថាអាចធ្វើបាន ដ្បិតខ្លួនជាសិស្សនៅតំបន់ដាច់ស្រយាល ជីវភាព​លំបាក ហើយសម្លឹងមើលទៅបេក្ខភាពឯទៀតសុទ្ធមានសមត្ថភាពខ្លាំងៗ និងជីវភាពធូរធារ​។ 
 
កញ្ញាមានមោទកភាពចំពោះខ្លួនឯងជាខ្លាំង ដែលអាចដើរដល់ចំណុចនេះ និងរីករាយ​បំផុត​នៅពេលឃើញស្នាមញញឹមរបស់ម្តាយ ចំពោះលទ្ធផលនេះ។ ពិតណាស់ ភាព​ជោគជ័យ​របស់កូន គឺជាក្តីសុខរបស់ម្តាយឪពុកគ្រប់រូប។ ការលះបង់មិនអសារបង់ ព្រោះកូនៗបាន​ដល់​ទីល្អ​ប្រសើរមួយ និងមានភាពថ្កុំថ្កើង។ 
 
«គាត់ថា គាត់ជឿជាក់លើខ្ញុំ។ គាត់ថា គាត់ហត់ខ្លាំងដែររាល់ថ្ងៃ ប៉ុន្តែពេលឃើញ​កូនខិត​ខំ​បានជាប់ គាត់ថាជាការតបស្នងមួយហើយ គាត់អត់ហត់ទៀតទេ។ តាំងពីដើមមក គាត់មិន​​ដែលនឹកស្មានថាមានថ្ងៃនេះទេ»។ ស្រីអូន និយាយទាំងអួលដើមក ដោយសារសេចក្តី​រំភើប ពេលរម្លឹកពីពាក្យសម្តីអ្នកម្តាយ។ 
 
ស្រីអូន ជឿជាក់ថា ចំណេះដឹងពិតជាអាចនាំមនុស្សហោះហើរទៅកាន់ក្តីស្រមៃ ព្រោះបើ​គ្មាន​​​ចំណេះដឹង កញ្ញាក៏មិនអាចមានឱកាសទៅសិក្សានៅក្រៅប្រទេស និងទទួលបានបទ​ពិសោធន៍ថ្មីឡើយ។ ចំណេះវិជ្ជា ប្រៀបបាននឹងស្លាបដ៏រឹងមាំសម្រាប់កញ្ញា ពើយ ស្រីអូន ដើម្បីឆ្ពោះទៅកាន់កន្លែងដែលប៉ងប្រាថ្នា។ កូនស្រីទី២រូបនេះ អរគុណចំពោះ​ឪពុក​ម្តាយ​យ៉ាងខ្លាំង ដែលយល់ពីតម្លៃនៃចំណេះដឹង និងផ្តល់ឱកាសឱ្យខ្លួនបានសិក្សាសាលាល្អ។​
 
«សម្រាប់ខ្ញុំ ចំណេះដឹងពិតជាមានតម្លៃ ហើយខ្ញុំមកដល់ចំណុចនេះក៏ដោយ​សារ​ចំណេះ​​ដឹងដែរ។ ចំណេះបានយកខ្ញុំទៅឆ្ងាយ បានទៅប្រទេសផ្សេងៗបានបទពិសោធន៍ និង​ទទួល​បានចំណេះដឹងកាន់ច្រើន។ ទាំងនេះហើយ ដែលវាជាស្ពានជួយឱ្យខ្ញុំទទួលបាន​អាហា​រូបករណ៍»។​
 
ស្រីអូន នឹងបន្តការសិក្សានៅ Claremont McKenna ដែលស្ថិតក្នុងរដ្ឋ California សហ​រដ្ឋអាម៉េរិក។ ព្រោះមានចំណូលចិត្តច្រើនទៅលើផ្នែកវិជ្ជសាស្រ្ត និងការស្រាវជ្រាវ យុវតី​រូប​នេះ នឹងចាប់យកជំនាញ ជីវៈវិទ្យា ម៉ូលេគុល។ ទោះជំនាញនេះ ហាក់មាន​ទីផ្សារ​ចង្អៀត​នៅ​​កម្ពុជា ប៉ុន្តែស្រីអូន ប្តេជ្ញាក្រេបយកចំណេះដឹងពីក្រៅប្រទេស​មកជួយ​ដល់ប្រទេស​កំណើត​។
 
«ប្រសិនបើខ្ញុំរៀនខាងនេះ ខ្ញុំអាចស្រាវជ្រាវគ្រប់យ៉ាងតាំងពីថ្នាំ បច្ចេ​កវិទ្យាក្នុងការជួយ​ព្យា​បាល​ជំងឺ ដូចជាមហារីក ឬក៏ជំងឺផ្សេងៗ។ ណាមួយខ្ញុំឃើញថា ប្រទេសកម្ពុជានៅមាន​កម្រិត​នៅឡើយខាងផ្នែកនេះ អ៊ីចឹងខ្ញុំចង់ជំរុញឱ្យវិទ្យាសាស្រ្ត ​នៃការស្រាវជ្រាវ​នៅកម្ពុជា​ឱ្យកាន់តែទៅមុខ។ ខ្ញុំប្តេជ្ញាចិត្តថាចង់មកវិញ ចង់មកជួយអ្នកដែលគាត់មិនបាន​ទទួល​ឱកាស​ទាំងនេះ ហើយខ្ញុំមិនឈប់ត្រឹមហ្នឹងទេ ខ្ញុំនឹងខិតខំដើម្បីខ្លួនឯង និងគ្រួសារ​ឱ្យ​កាន់​តែប្រសើរជាងណឹង»។ កញ្ញា ពើយ ស្រីអូន និស្សិតអាហារូបករណ៍ SHE CAN បានលើក​ឡើង​ដូច្នេះពីការចាប់យកជំនាញរៀននៅមហាវិទ្យា៕
 
 

Tag:
 ជីវព័ត៌មាន
  លំបាក
  ជីវភាព
 សង្វាត
  ក្តីស្រមៃ
  សហរដ្ឋអាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com