ជាតិ
ព្រះមហា ពិន សែម ទទួលបានគោរមងារ «សម្តេច»
01, May 2023 , 7:03 pm        
រូបភាព
តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រ ទ្រង់បានប្រគេនគោរមងារជា «សម្តេចព្រះព្រហ្មរតនមុនី» ដល់ព្រះមហា ពិន សែម ជាព្រះភិក្ខុមួយអង្គ ដែលទទួលបានការគោរពក្នុងសង្គមសង្ឃ ព្រមទាំងទទួលបានការគោរពពីគ្រហស្ថផង។ ព្រះរាជក្រឹត្យស្តីពីការប្រគេនគោរមងារ «សម្តេច» ដល់ព្រះមហា ពិន សែម បានចេញនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។

 
កាលពីចុងខែមេសា ឆ្នាំ២០២៣ គណៈសង្ឃនាយក បានធ្វើលិខិតចម្រើនពរទៅសម្តេច ហ៊ុន សែន ដើម្បីសុំសម្តេចនាយករដ្ឋមន្រ្តី ពិនិត្យពីការប្រគេនគោរមងារ «សម្តេច » ដល់ព្រះមហា ពិន សែន ដែលបច្ចុប្បន្ន ជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាម។ ក្នុងលិខិតរបស់គណៈសង្ឃនាយក បានលើកពីគុណសម្បត្តិធំៗរបស់ព្រះមហា ពិន សែម ថា ព្រះមហា ពិន សែម ពោរពេញទៅដោយគុណធម៌ និងប្រឹងប្រែងបំពេញការងារទាំងក្នុងវិស័យពុទ្ធចក្រ ទាំងក្នុងវិស័យអាណាចក្រ។ 
 
ជាមួយគ្នានេះ គណៈសង្ឃនាយក ថែមទាំងចម្រើនពរដល់សម្តេចនាយករដ្ឋមន្រ្តីថា ព្រះមហា ពិន សែម មានព្រះជន្មច្រើនព្រះវស្សា។ បច្ចុប្បន្ន ព្រះមហា ពិន សែម មានព្រះជន្មជាង៨០ព្រះវស្សា ហើយជារាជគណៈថ្នាក់ទោ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com