អន្តរជាតិ
UN អនុញ្ញាតឱ្យមន្រ្តីតាលីបង់ជួបរដ្ឋមន្ត្រីប៉ាគីស្ថាននិងចិននៅសប្ដាហ៍ក្រោយ
02, May 2023 , 11:24 am        
រូបភាព
គណៈកម្មាធិការទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នាថ្ងៃទី១ ខែឧសភា ផ្ដល់ការអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសនៃរដ្ឋបាលតាលីបង់​ Amir Khan Muttaqi ធ្វើដំណើរ​ទៅ​ប៉ាគីស្ថាននៅសប្ដាហ៍ក្រោយដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន និងចិន។



ជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមតាលីបង់ លោក Amir Khan Muttaqi រងបម្រាមធ្វើដំណើរការ​បង្កក​ទ្រព្យរបស់ក្រុមប្រឹក្សាសន្តិសុខ។ យ៉ាងណាមិញនាថ្ងៃទី១ ខែឧសភា ក្រុមប្រឹក្សា​សន្តិសុខ​បាន​អនុញ្ញាត​ឱ្យរដ្ឋមន្ត្រីរូបនេះធ្វើដំណើរចាកចេញពីប្រទេសទៅប៉ាគីស្ថាន។
 
​បើ​យោង​តាម​លិខិត​ផ្ញើ​ទៅ​កាន់​គណៈកម្មាធិការ​ដាក់​ទណ្ឌកម្ម​​នៃក្រុមប្រឹក្សា​សន្តិសុខ​ដែល​មាន​សមាជិ​ក​ចំនួន១៥ប្រទេស​ តំណាងប៉ាគីស្ថានប្រចាំនៅ UN បានស្នើសុំការលើកលែងសម្រាប់ លោក Muttaqi ដែលត្រូវការធ្វើដំណើរចន្លោះថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែ​ឧសភា​សម្រាប់​កិច្ចប្រជុំជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន និងចិន។
 
យ៉ាងណាមិញ លិខិតខាងលើ មិន​បានបង្ហាញពីប្រធានបទដែលត្រូវពិភាក្សាឡើយ។ លើសពីនោះ ប៉ាគីស្ថាននឹងរ៉ាប់រងរាល់ការចំណាយដែលទាក់ទងនឹងការធ្វើដំណើររបស់លោក Muttaqi ។
 
កន្លង ចិន និងប៉ាគីស្ថានបានប្រកាសស្វាគមន៍អាហ្វហ្កានីស្ថានដឹកនាំដោយតាលីបង់ចូលទៅ​​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលមានតម្លៃរាប់ពាន់​លាន​ដុល្លារ និង​ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្រវាត់និងផ្លូវ។ អាហ្វហ្កានីស្ថាន ក៏ជាផ្លូវឆ្លងកាត់ដ៏​សំខាន់​មួយ​រវាង​អាស៊ី​ខាងត្បូង និងអាស៊ីកណ្តាល ហើយព្រមទាំងមានធនធានរ៉ែរាប់ពាន់លានដុល្លារដែលមិ​ន​ទាន់​បាន​ប្រើ​ប្រាស់។ 
 
ទន្ទឹមនេះ អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានចាប់ផ្តើមកិច្ចប្រជុំ​ក្នុង​ទីក្រុង​ដូហា​ជាមួយនឹងបេសកជនពិសេបញ្ហាសសម្រាប់អាហ្វហ្កានីស្ថានមកពីប្រទេសផ្សេងៗជាមួយគោលបំណងបង្ហាញការយល់ដឹងរួមគ្នាក្នុងចំណោមសហគមន៍អន្តរជាតិអំពីទំនាក់ទំនងខាងមុខជាមួយ​​តាលីបង់។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ UN លោក Stephane Dujarric។
 
បើតាមលោក Dujarric កិច្ចប្រជុំបិទទ្វារនេះពិភាក្សាអំពីបញ្ហាសំខាន់ៗដូចជាសិទ្ធិមនុស្ស ជាពិសេស​សិទ្ធិស្ត្រី និងកុមារី រួមទាំងអភិបាលកិច្ច ការប្រឆាំងភេរវកម្ម និងការជួញដូរគ្រឿងញៀន។
 

Tag:
 UN
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com