អន្តរជាតិ
រុស្ស៊ី​«ប្រឹងប្រែង​ពិសេស»​ដើម្បី​ពង្រឹង​ព្រំដែន​ភាគ​ខាង​ជើង​តំបន់ Crimea
02, May 2023 , 7:29 pm        
រូបភាព
រូបភាព​ពី​ផ្កាយរណប​នៃ​កាំភ្លើងធំ​រុស្ស៊ី​ដែល​បាន​ដាក់ពង្រាយ​បន្ថែម​តាម​បណ្តោយ​ឆ្នេរ​នៅ​ភូមិ Vitino ក្នុង​តំបន់ Crimea កាលពី​ថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០២៣។ (2023 Maxar Technologies/Handout via REUTERS)
រូបភាព​ពី​ផ្កាយរណប​នៃ​កាំភ្លើងធំ​រុស្ស៊ី​ដែល​បាន​ដាក់ពង្រាយ​បន្ថែម​តាម​បណ្តោយ​ឆ្នេរ​នៅ​ភូមិ Vitino ក្នុង​តំបន់ Crimea កាលពី​ថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០២៣។ (2023 Maxar Technologies/Handout via REUTERS)
ដោយ: VOA
ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្នុង​របាយការណ៍​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ថា៖ «រុស្ស៊ី​បាន​កសាង​ប្រព័ន្ធ​កិច្ច​ការពារ​យោធា​ដ៏​ទូលំទូលាយ​បំផុត​មួយ​ចំនួន​ដែល​គេ​មិន​ដែល​ឃើញ​នៅ​លើ​ពិភពលោក​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ»។

 
របាយការណ៍​ដែល​បង្ហោះ​នៅ​លើ Twitter នេះ​បាន​លើកឡើង​ថា មាន​រូបភាព​ដែល​បង្ហាញ​ថា​ រុស្ស៊ី «បាន​ធ្វើ​កិច្ច​ប្រឹងប្រែង​ពិសេស» ដើម្បី​ពង្រឹង​ព្រំដែន​ភាគ​ខាង​ជើង​នៃ​តំបន់ Crimea «ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តំបន់​ការពារ​ច្រើន​ជាន់​នៅ​ជិត​ភូមិ Medvedevka ផង​ដែរ»។
 
បន្ថែម​ពី​លើ​នេះ​ទៀត បើ​យោង​តាម​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​នេះ រុស្ស៊ី​បាន​ជីក​«លេណដ្ឋាន​រាប់​រយ​គីឡូម៉ែត្រ​នៅ​ខាង​ក្នុង​ដែនដី​រុស្ស៊ី​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​នៅ​ក្នុង​តំបន់ Belgorod និង​តំបន់ Kursk ផង​ដែរ»។
 
របាយការណ៍​នេះ​បាន​លើកឡើង​ទៀត​ថា លេណដ្ឋាន​ទាំង​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ រុស្ស៊ី​បារម្ភ​ថា​អ៊ុយក្រែន​អាច​សម្រេច​បាន​នូវ​«ការ​វាយ​សម្រុក​ចូល​បាន​ដ៏​សំខាន់​មួយ»។ ប៉ុន្តែ ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​បញ្ជាក់​ថា កិច្ចការ​មួយ​ចំនួន​«ទំនងជា​ត្រូវ​បាន​បញ្ជា​ដោយ​មេបញ្ជាការ​មូលដ្ឋាន​និង​មេដឹកនាំ​ស៊ីវិល​ក្នុង​គោល​បំណង​ដើម្បី​គាំទ្រ​ការ​លើកឡើង​ផ្លូវការ​របស់​ខ្លួន​ដែល​ថា​រុស្ស៊ី​រង​«ការ​គំរាម» ​ពី​អ៊ុយក្រែន​និង​អង្គការ​អូតង់ (NATO)»។
 
ថ្ងៃ​អាទិត្យ​ម្សិលមិញ​ គឺ​ជា​ទិវា​វិជ្ជាជីវៈ​របស់​ឆ្មាំ​ល្បាត​ព្រំដែន​នៅ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ។ លោក​ថ្លែង​ដូច្នេះ​ថា៖ «ឆ្មាំ​ល្បាត​ព្រំដែន​ គឺ​ជា​អ្នក​ដែល​ប្រឈម​ដំបូង​គេ​បង្អស់​ជាមួយ​នឹង​ពួក​ឈ្លានពាន​នៅ​ភាគ​ខាង​កើត។ ពួកគេ​ការពារ​ព្រំដែន​បាន​យ៉ាង​តឹងរ៉ឹង»។
 
ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​បាន​សម្លាប់​កុមារ​យ៉ាង​តិច ៤៧៧ ​នាក់​និង​ធ្វើ​ឱ្យ​កុមារ​ជិត ១.០០០ ​នាក់​ទៀត​រង​របួស តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ជាង​មួយ​ឆ្នាំ​មុន​មក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បង្ហោះ​នៅ​លើ Telegram។
 
ការ​ស្លាប់​និង​របួស​ភាគ​ច្រើន​ត្រូវ​បាន​កត់ត្រា​ថា​បាន​កើតឡើង​នៅ​ក្នុង​តំបន់ Donetsk និង​តំបន់ Kharkiv ដោយ​នៅ​តំបន់ Donetsk កុមារ ៤៥២ នាក់​ត្រូវ​បាន​សម្លាប់​ ឬ​ក៏​រង​របួស ហើយ​នៅ​តំបន់ Kharkiv កុមារ ២៧៥ នាក់​ត្រូវ​បាន​សម្លាប់ ​ឬ​ក៏​រង​របួស៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com