អន្តរជាតិ
លោក Lula ប្រធានាធិបតី​ប្រេស៊ីល​ទទួល​ស្គាល់​ទីតាំង​អភិរក្ស​ជនជាតិ​ដើម​៦​កន្លែង
03, May 2023 , 8:29 am        
រូបភាព
រូបឯកសារ៖ ប្រធានាធិបតី​ប្រេស៊ីល​លោក Luiz Inacio Lula da Silva ថ្លែង​ក្នុង​រដ្ឋធានី​ប្រាស៊ីលីយ៉ា ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​ប្រេស៊ីល​លោក Luiz Inacio Lula da Silva ថ្លែង​ក្នុង​រដ្ឋធានី​ប្រាស៊ីលីយ៉ា ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ដោយ: VOA
លោក ​Lula​ បាន​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​ផ្លូវការ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រមូល​ផ្តុំ​៥​ថ្ងៃ​របស់​ជនជាតិ​ដើម​មក​ពី​ទូទាំង​ប្រទេស​ដែល​គេ​ហៅ​ថា​ ជា​ជំរំ​ដី​ធ្លី​សេរី​ The Free Land Camp ​នៅ​ក្នុង​រដ្ឋធានី​ប្រាស៊ីលីយ៉ា។​



ការ​ទទួល​ស្គាល់​ដីធ្លី​ទាំង​នេះ​ជា​ការ​បំពេញ​តាម​ការ​សន្យា​ដែល​លោក​បាន​ធ្វើ​ដើម្បី​បញ្ឈប់​ការ​កាប់​ព្រៃ​ឈើភាគច្រើន​ក្នុង​តំបន់​ Amazon នៅ​ពេល​លោក​ Bolsonaro ​កាន់​តំណែង។ ​អតីត​ប្រធានាធិបតីរូប​នេះ​ដែល​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​កសិឧស្សាហ​កម្ម​ និង​ឧស្សាហ​កម្ម​ឈើ​បាន​តាំងចិត្ត​ថា​មិន​ផ្តល់​«ដី​សូម្បី​មួយ​ស.ម. ​ថែម​ទៀត»​ឱ្យ​ជនជាតិ​ដើម​ទេ។​
 
ទស្សនា​វដ្តី​វិទ្យាសាស្ត្រ​ធម្មជាតិ​រាយ​ការណ៍​ថា នៅ​ពេល​លោក ​Bolsonaro ​កាន់​តំណែង ការ​កាប់​ព្រៃ​ឈើ​បាន​កើន​ឡើង​១២៩%​ នៅ​ក្នុង​តំបន់​ Amazon “biome,” ​មាន​ន័យ​ថា​ ​សហគមន៍​ជីវសាស្ត្រ​នៃ​ប្រទេស​ប្រេស៊ីល។​
 
ពួក​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ថា ព្រៃ​ស្រោង ​Amazon​ ជា​ទ្រនាប់​សំខាន់​មួយ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ពីព្រោះ​ព្រៃ​ស្រោង​ធំៗ​ស្រូប​យក​សារធាតុ​កាបោន​ឌីអុកស៊ីត​ច្រើន​គួរ​សមជា​រៀង​រាល់ឆ្នាំ។ តំបន់​ចំនួន​ពីរ​ក្នុង​ចំណោម​តំបន់​ជនជាតិ​ដើម​ទាំង​៦​កន្លែង​ដែល​ត្រូវ​កំណត់​កាល​ពី​ថ្ងៃ​សុក្រ​ទី​២៨​ ខែមេសា​ ជា​តំបន់​អភិរក្ស​នោះ ​មាន​ទំហំ​ប្រមាណ​១​សែន​ ៦​ម៉ឺន ​១​ពាន់ ​៥​រយ​ ហិកតា។​
 
កន្លែង​អភិរក្ស​ជនជាតិ​ដើម​ពីរ​ទៀត​ស្ថិត​ក្នុង​ប៉ែក​ឦសាន​ប្រទេស ហើយមួយ​ទៀត​នៅ​ខាង​ត្បូង​និង​មួយ​ទៀត​នៅ​ផ្នែក​កណ្តាល​ប្រទេស។​ ផ្ទៃ​ដី​ទាំង​នេះ​ស្ថិតនៅ​ក្រោម​យុត្តាធិការ​របស់​រដ្ឋាភិបាល​សហ​ព័ន្ធ ប៉ុន្តែ​ការ​កំណត់​នេះ​ផ្តល់​ឱ្យ​ជនជាតិ​ដើម​នូវ​សិទ្ធិ​ប្រើ​ដី​ទាំង​នេះ​តាម​របៀប​ប្រពៃណី​របស់​ពួកគេ។​
 
នៅ​ថ្ងៃ​ទី​មួយ​នៃ​ការ​កាន់​តំណែង​របស់​លោក​កាលពី​ខែ​មករា លោក​ប្រធានាធិបតី ​Lula​ បាន​បង្កើត​ក្រសួង​ជនជាតិ​ដើម​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​ប្រេស៊ីល៕​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com