អន្តរជាតិ
ជប៉ុននិងកូរ៉េខាងត្បូង បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុលើកដំបូងក្នុងរយៈពេល៧ឆ្នាំ
02, May 2023 , 9:29 pm        
រូបភាព
ជប៉ុននិងកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុទ្វេភាគីជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ​នាថ្ងៃ​ទី២ ខែឧសភា ដែលជាសញ្ញាបង្ហាញពីការពង្រឹងទំនាក់ទំនងឡើងវិញរវាងអ្នកជិតខាងទាំង២ ស្របពេលប្រឈមមុខបញ្ហារួមគ្នាជាច្រើនដូចជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះ​កំណើនសេដ្ឋកិច្ចជាដើម។

 
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Shunichi Suzuki បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ​នៃ​រដ្ឋមន្ត្រីហិរញ្ញវត្ថុជាមួយសមភាគីកូរ៉េខាងត្បូងថា ប្រទេសទាំងពីរបានយល់ព្រមបន្តកិច្ចសន្ទនា​ផ្នែក​ហិរញ្ញវត្ថុជាទៀងទាត់ក្នុងពេលវេលាសមស្របមួយ។ កិច្ចសន្ទនានេះទំនងជានឹងធ្វើឡើងជាប្រចាំឆ្នាំផងដែរ។
 
«ជប៉ុននិងកូរ៉េខាងត្បូងជាអ្នកជិតខាងដ៏សំខាន់ដែលត្រូវតែសហការគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈម​នានាជុំវិញពិភពលោក និងសេដ្ឋកិច្ច ក៏ដូចជាសហគមន៍ក្នុងតំបន់ និងអន្តរជាតិ »។ លោក Suzuki បានថ្លែងបែបនេះចំពោះមុខរដ្ឋមន្ត្រីហិរញ្ញវត្ថុ​កូរ៉េខាងត្បូង Choo Kyung-ho។ 
 
ចំពោះបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ លោក Suzuki បញ្ជាក់ថា ប្រទេសទាំង២ កំពុងជួបប្រទះ បញ្ហាជាច្រើនដូចជាការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការលុកលុយរបស់រុស្ស៊ីនៅ​អ៊ុយក្រែនជាដើម។ បើតាមលោក Suzuki ជប៉ុនមើលឃើញថារឿងរ៉ាវទាំងនេះមិនអាចទទួលយកបាន ហើយជាអ្វីដែលប្រទេសទាំងពីរត្រូវតែដោះស្រាយជាមួយគ្នា។
 
ចំពោះលោក Choo វិញបាននិយាយថា ជប៉ុន និងកូរ៉េខាងត្បូងអាចពង្រឹងភាពជាដៃគូឯកជន និង​រដ្ឋាភិបាលនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជាបន្ទះឈីប និងថ្ម។ នៅក្នុងកិច្ច ប្រជុំដែល​ធ្វើ​ឡើងនៅក្រៅកិច្ចប្រជុំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅកូរ៉េខាងត្បូង លោក Choo ក៏​ជំរុញ​ជប៉ុន​ឱ្យឆាប់បញ្ចូលកូរ៉េខាងត្បូងក្នុងបញ្ជីព័ណ៌សនៃបណ្តាប្រទេសដែលមានស្ថានភាព​ពាណិជ្ជកម្មសលឿនវិញ។
 
បើតាមក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបញ្ជាក់ លោក Choo ក៏រំពឹងទៅបំពេញទស្សនកិច្ច​នៅ​ជប៉ុន​នៅ​ឆ្នាំនេះសម្រាប់កិច្ចប្រជុំមួយផ្សេងទៀតជាមួយសមភាគីជប៉ុន។ 
 
គួរបញ្ជាក់ថា ការសន្ទនាប្រចាំឆ្នាំជាទៀងទាត់រវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសទាំងពីរត្រូវបានផ្អាក​ចាប់​តាំងពីឆ្នាំ២០១៦ ដោយសារតែជម្លោះជុំវិញប្រវត្តិសាស្ត្រសម័យសង្គ្រាម។ ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះព្រោះត្រូវប្រឈមមុខ​នឹងការ​បាញ់​មីស៊ីលញឹកញាប់របស់កូរ៉េខាងជើង និងតួនាទីចិននៅលើឆាកពិភពលោក៕
 

Tag:
 ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com