អន្តរជាតិ
អាមេរិក សន្យាជួយអ្នកសារព័ត៌មានទូទាំងពិភពលោកប្រឆាំងការគំរាមផ្នែកច្បាប់
03, May 2023 , 10:15 am        
រូបភាព
អាមេរិក នាថ្ងៃទី២ ខែឧសភាបានចាប់ផ្ដើមបើកកម្មវិធីមួយដើម្បីជួយការពារអ្នកសារព័ត៌មានជុំវិញ ពិភពលោកពីការគំរាមកំហែងផ្នែកច្បាប់ដែលមានបំណងបិទសំឡេងរិះគន់អ្នកសារព័ត៌មាន។

 
ប្រធានទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លោកស្រី Samantha Power បាន​ប្រកាសដំណើរការកម្មវិធី Reporters Shield ក្នុងព្រឹត្តិការណ៍មួយដើម្បីប្រារព្ធទិវាសេរីភាព​សារព័ត៌មានពិភពលោកនៅអង្គការសហប្រជាជាតិ (UN) ។ កម្មវិធី Reporters Shield ជាការការពារ​របាយការណ៍ស៊ើបអង្កេតជុំវិញពិភពលោកពីការគំរាមកំហែងផ្នែក​ច្បាប់ដែលមានបំណងបំបិទសំឡេង រិះគន់។
 
«​ស្ថាប័នផ្សព្វផ្សាយឯករាជ្យ​ជា​ច្រើន​មិន​មាន​លទ្ធភាពតតាំងនឹងពាក្យបណ្ដឹងនោះទេ ដូច្នេះ​ពួក​គេ​ត្រូវ​បាន​អូសចេញ​ពី​អាជីព ឬ​ពួក​គេ​ព្យាយាម​​រឹតត្បិតខ្លួន​ឯង​ដើម្បី​ជៀសវាង​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពីអ្នក​ដែល​អាចកំណត់​គោលដៅលើ​ពួក​គេ»។ លោកស្រី Power បានលើកឡើងបែបនេះរួចបន្តថា មេ​ដឹកនាំ​ពុក​រលួយ​ដឹង​រឿង​ទាំង​អស់​នេះ ដែល​ជា​មូល​ហេតុ​ដែល​ពួក​គេ​ប្រើ​ច្បាប់​កាន់​តែ​ច្រើន។
 
ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងធ្វើការជាមួយសភាអាម៉េរិកផ្ទាល់ដើម្បីផ្តល់ប្រាក់រហូតដល់៩ លានដុល្លារសម្រាប់កម្មវិធី Reporters Shield ដែលនឹងត្រូវគ្រប់គ្រងរួមគ្នាដោយគម្រោងរាយការណ៍​អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយជាមួយមជ្ឈមណ្ឌល Cyrus R. Vance សម្រាប់​យុត្តិធម៌​អន្តរជាតិ។ 
 
Reporters Shield នឹងក្លាយជាកម្មវិធីដែលបញ្ចូលសមាជិកភាពថ្មី ហើយស្ថាប័នដែលចូលរួមនឹងបង់ថ្លៃប្រចាំឆ្នាំដោយផ្អែកលើកត្តានានាដូចជាទីតាំង និងចំនួនរឿងដែលពួកគេផលិតក្នុងមួយឆ្នាំ។
 
បន្ថែមពីនេះ លោកស្រី Power បានសង្កត់ធ្ងន់អំពីតម្រូវការការពារដ៏រឹងមាំការបណ្តុះ​បណ្តាល​អំពី​របៀបជៀសវាងការប្តឹងផ្តល់ ធនធានសម្រាប់ជួលមេធាវី និងការបង់ថ្លៃផ្លូវច្បាប់ ដើម្បីគួបផ្សំជាមួយច្បាប់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
 
ទិវាសេរីភាពសារព័ត៌មានពិភពលោកប្រារព្ធឡើងរៀងរាល់ថ្ងៃទី៣ ខែឧសភា ហើយប្រធាន​បទ​សម្រាប់​ទិវាឆ្នាំនេះគឺ «ការកំណត់អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិជាអ្នកដឹកនាំ​សម្រាប់​សិទ្ធិម​នុស្សផ្សេងទៀត»។ ប្រធានបទនេះចង់បង្ហាញពីធាតុផ្សំនៃសេរីភាពក្នុងការបញ្ចេញមតិ​ដោយ​មិនមា​ន​ការគំរាមកំហែង និងការពារសិទ្ធិមនុស្សទាំងអស់ផ្សេងទៀតផងដែរ៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com