ជាតិ
សេដ្ឋកិច្ច
សភាពាណិជ្ជកម្មកម្ពុជា បើកការិយាល័យតំណាង២ នៅប្រទេសអូស្ត្រាលី ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជា ទៅចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី
× ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា (CCC) នៅទីក្រុងចំនួន ២ ក្នុងប្រទេសអូស្ត្រាលី នឹងបើកដំណើរការចាប់ពីចុងប្តាហ៍នេះ។ ការបង្កើតការិយាល័យនេះ ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា ជឿជាក់ថា វានឹងជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែសកម្មជាងមុន។
រដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៣១មីនា ឆ្នាំ២០២៣។ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្នុងទីក្រុងមែលប៊ន មានសមាជិកជ្រើសតាំងចំនួន១៥រូប ដែលជ្រើសតាំងតាមរយៈការបោះឆ្នោត និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីដនី មានសមាជិកជ្រើសតាំងចំនួន១១រូប។
រដ្ឋាភិបាលបានបញ្ជាក់ថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាទាំង ២ គឺមិនប្រើប្រាស់ថវិកាជាតិឡើយ។
បន្ទាប់ពីមានសម្រេចរបស់រដ្ឋាភិបាល លោក លឹម ហេង ដែលអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជា ទៅចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី ៦ និងថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា កម្មវិធីបោះឆ្នោតនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា និងភាគីពាក់ព័ន្ធ។
នាឱកាសនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងពិភាក្សាការងារជាមួយក្រុមហ៊ុន និងសហគ្រាសមួយក្នុងប្រទេសអូស្ត្រាលី និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាស្វែងយល់ពីស្ថានភាពធុរកិច្ច និងវិនិយោគ និងពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិស័យឯកជនប្រទេសទាំងពីរ។
សូមជម្រាបថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី កើនដល់ជាង ៥២៣លានដុល្លារ។ ទំហំនេះមានកំណើន៦០,៩ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ការមានចេញរបស់កម្ពុជា មាន៣៧៩លានដុល្លារ ខណៈនាំចូលមាន ប្រមាណ១៤៤លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com