ជាតិ
សាសនា / ធម៌
កុំច្រឡំរវាងវិសាខបូជា និងមាឃបូជា
04, May 2023 , 12:59 pm        
រូបភាព
ប្រជាពុទ្ធបរិស័ទ ទៅចូលរួមពិធីបុណ្យវិសាខបូជានៅវត្តគល់ទទឹង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់វត្តគល់ទទឹង
ប្រជាពុទ្ធបរិស័ទ ទៅចូលរួមពិធីបុណ្យវិសាខបូជានៅវត្តគល់ទទឹង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់វត្តគល់ទទឹង
វិសាខបូជា និងមាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ហើយប្រទេសកម្ពុជា ដែលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែងប្រារព្ធពិធីបុណ្យទាំង២នេះ ជារៀងរាល់ឆ្នាំ។ យ៉ាងណាក៏ដោយ មានប្រជាជនខ្មែរខ្លះ ដោយមានទាំងយុវជនផងដែរ អាចនឹងមិនទាន់យល់ច្បាស់ ឬអាចនឹងយល់ច្រឡំពីអត្ថន័យរវាងពិធីបុណ្យទាំង២នេះ។

 
វិសាខបូជា 
 
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេស៣យ៉ាងដែរ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ គឺការប្រសូត ការត្រាស់ដឹង និង ការចូលព្រះនិព្វាន។ ព្រះពុទ្ធ ប្រសូត ត្រាស់ដឹង និង ចូលព្រះនិព្វាន សុទ្ធតែនៅក្នុងថ្ងៃ១៥ ពេញបូណ៌មី ខែវិសាខ ដោយខុសតែឆ្នាំប៉ុណ្ណោះ។ ថ្ងៃនេះ ជាថ្ងៃព្រហស្បតិ៍ ១៥​កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព​.​ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ គឺថ្ងៃបុណ្យវិសាខបូជា។ 
 
ព្រះអង្គ ទ្រង់ប្រសូត ក្នុងព្រៃលុម្ពិនី នៅថ្ងៃសុក្រ «ពេញបូណ៌មី ខែវិសាខ» មុនគ្រិស្តសករាជ៦២៣ឆ្នាំ។ ពេលព្រះអង្គ ប្រសូតចាកឧទរព្រះមាតាភ្លាម ភាពអស្ចារ្យ ក៏កើតឡើង គឺព្រះអង្គ បានយាង៧ជំហាន ដោយមានផ្កាឈូកទ្រព្រះបាទ ហើយព្រះអង្គ បានលើកដៃចង្អុលទៅទិសខាងលើ រួចបន្លឺឡើងនូវវាចាថា៖«[....] អាត្មាអញ ជាបុគ្គលប្រសើរផុតគេក្នុងលោក [….] ។ [….] ជាតិនេះ ជាកំណើតចុងក្រោយរបស់អាត្មាអញ អាត្មាអញ លែងកើតទៀតហើយ»។ 
 
នៅពេលមានព្រះជន្ម២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានលួចយាងទៅសាងផ្នួស។ ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ «ពេញបូណ៌មី ខែវិសាខ» នាវេលាទៀបភ្លឺ។ ការត្រាស់ដឹង មានន័យថា ការដឹងអ្វីៗគ្រប់យ៉ាង ក្នុងធម្មជាតិ ឬការដឹងអ្វីៗគ្រប់យ៉ាងនៅក្នុងលោក។ ការត្រាស់ដឹងជាភាសាបាលី ហៅថា សព្វញ្ញុតញ្ញាណ។
 
ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ (អានថា សិត-ធ័ត) ដែលជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទន៍។ ពេលត្រាស់ដឹងជាព្រះពុទ្ធ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ ព្រះសមណគោតម ព្រះជិនស្រី ព្រះសក្យមុនី ព្រះបរមគ្រូ និង ព្រះសាស្តា ជាដើម។
 
បន្ទាប់ពីត្រាស់ដឹង ព្រះបរមគ្រូនៃយើង បានចំណាយពេលអស់៤៥ព្រះវស្សា ក្នុងយាងសម្តែងធម៌និងប្រោសសត្វលោក។ ដល់ព្រះជន្ម៨០ព្រះវស្សា ព្រះជិនស្រី ទ្រង់ក៏ចូលព្រះនិព្វាន នៅថ្ងៃអង្គារ «ពេញបូណ៌មី ខែវិសាខ»។ ព្រះនិព្វាន គឺជាទីស្ថាននៃបរមសុខ។ គ្មានសេចក្តីសុខណា ស្មើនឹងការដល់ព្រះនិព្វានឡើយ ហើយក្នុងព្រះពុទ្ធសាសនា ព្រះនិព្វាន គឺជាគោលដៅធំបំផុត សម្រាប់សត្វលោក។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានចូលព្រះនិព្វាន (រលត់សង្ខារ) អស់រយៈពេល២៥៦៦ឆ្នាំហើយ។   
 
មាឃបូជា
 
ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់៣យ៉ាងដែរ ដែលរួមមាន ទី១ ការធ្វើចតុរង្គសន្និបាត ទី២ ព្រះពុទ្ធ សម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និងទី៣ ព្រះពុទ្ធ ដាក់អាយុសង្ខារ។ ព្រឹត្តិការណ៍ទាំង៣នេះ កើតក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ដូចគ្នា។ ពិធីបុណ្យមាឃបូជា បានកន្លងផុតទៅហើយ គឺនៅថ្ងៃ១៥ ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ 
 
ចតុរង្គសន្និបាត មានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គឬហេតុ៤យ៉ាង។ អង្គឬហេតុទាំង៤ ដែលកើតឡើងក្នុងថ្ងៃជួបជុំនោះ គឺទី១ ជាថ្ងៃឧបោសថ ដែលមានព្រះចន្ទពេញវង់ល្អ ទី២ ជាថ្ងៃ ដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទី៣ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាព្រះអរហន្ត និងទី៤ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាឯហិភិក្ខុ។ ឯហិភិក្ខុ គឺសំដៅលើជនណាម្នាក់ ដែលគ្រាន់តែចូលទៅស្តាប់ធម៌របស់ព្រះពុទ្ធ ហើយក៏ក្លាយជាភិក្ខុដូចគេដែរ។ ចតុរង្គសន្និបាតនេះ មានតែម្តងប៉ុណ្ណោះក្នុងសម័យព្រះពុទ្ធ។
 
រីឯ ការសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ។ ឱវាទបាតិមោក្ខ មានដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នា ជាដើម។  
 
ក្រោយសម្តែងឱវាទបាតិមោក្ខរួចហើយ ព្រះពុទ្ធ ក៏ប្រកាសតែងតាំងភិក្ខុ២អង្គ ជាអគ្គសាវ័កកំពូលលើសភិក្ខុទាំងឡាយ។ ភិក្ខុទាំង២អង្គនោះគឺ ព្រះសារីបុត្ត ជាអគ្គសាវ័កស្តាំ ដែលមានបញ្ញាលើសគេ និងព្រះមហាមោគ្គល្លាន ជាអគ្គសាវ័កឆ្វេង ដែលមានឫទ្ធិលើសគេ។
 
ចំណែក ការដាក់អាយុសង្ខារ គឺព្រះពុទ្ធ កំណត់ថា ៣ខែទៅមុខទៀត ព្រះអង្គ នឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការចាប់បដិសន្ធិជាថ្មីឡើយ។ រយៈពេល៣ខែក្រោយ ព្រះអង្គ ក៏ចូលព្រះនិព្វាន ក្នុងព្រះជន្ម៨០ព្រះវស្សា។
 
សូមចាំថា មិនមែនតែកម្ពុជាទេ ប្រទេសដទៃទៀត ដែលកាន់ព្រះពុទ្ធសាសនា ដូចជាស្រីលង្កា មីយ៉ាន់ម៉ា ថៃ ជាដើម ក៏ប្រារព្ធពិធីបុណ្យវិសាខបូជា និងពិធីបុណ្យមាឃបូជាដែរ៕  
 

Tag:
 វិសាខបូជា
  មាឃបូជា
© រក្សាសិទ្ធិដោយ thmeythmey.com