កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សុខ លឹមហេង៖ ខ្ញុំបានសម្រេចក្តីស្រមៃ យកមេដាយមាសស៊ីហ្គេម ជូនជាតិ
06, May 2023 , 12:04 pm        
រូបភាព
កីឡាករ សុខ លឹមហេង បានយកឈ្នះមេដាយមាស លើការប្រកួតអុកចត្រង្គ ក្នុងវិញ្ញាសាប្រកួត៥នាទី នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ នាព្រឹកថ្ងៃទី៦ ឧសភា។ សុខ លឹមហេង បានយកឈ្នះកីឡាករវៀតណាម Quang Trung Nguyen នាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅព្រឹកនេះ។



«សម្រាប់ខ្ញុំ មានអារម្មណ៍ថា សប្បាយចិត្តខ្លាំងណាស់ ដែលបាននាំយកមោទនភាពជូនជាតិ ហើយគឺជាក្តីប្រាថ្នារបស់ខ្ញុំ ដែលនាំយកកម្ពុជា ទៅឆាកអន្តរជាតិ»។ នេះជាការលើកឡើងរបស់ សុខ លឹមហេង ដែលនិយាយទាំងក្តីរំភើបក្ដុកក្ដួល ក្នុងការសម្រេចបានលទ្ធផលជូនជាតិនេះ។
 

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ សុខ លឹមហេង មានអារម្មណ៍ភ័យបន្តិចដែរ ដោយបារម្ភថា មិនអាចធ្វើបានល្អ សម្រាប់ជាតិ។ ប៉ុន្តែក្រោយបានយកឈ្នះនៅក្ដារទី១មក សុខ លឹមហេង កាន់តែជំនឿចិត្តយកឈ្នះមេដាយមាសកាន់តែខ្លាំងថែមទៀត។ 
 
សុខ លឹមហេង បានយកឈ្នះកីឡាករវៀតណាម Quang Trung Nguyen ទាំងពីរក្ដារ ដោយការប្រើយុទ្ធសាស្រ្តសម្លាប់ក្បួនគូបដិបក្ខ បានដោយជោគជ័យ ពោលគឺមិនដល់៥នាទីឡើយ។
 
មុនឡើងមកជួបគ្នាជាមួយវៀតណាមនេះ កីឡាករ សុខ លឹមហេង ក៏បានទម្លាក់កីឡាករវៀតណាមម្នាក់ទៀត Nam Thang Haong នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។

ដោយឡែកកីឡាករកម្ពុជា មួយរូបទៀត គឺ នូ ចាន់ផានិត និងកីឡាករវៀតណាម  Nam Thang Haong បានមេដាយសំរិទ្ធ នាការប្រកួតអុកចត្រង្គ ៥នាទីនេះ។

Tag:
 (អុកចត្រង្គ
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com