អន្តរជាតិ
IMF មើល​ឃើញ​ភាព​មិន​ប្រាកដ​ប្រជា​លើ​គោល​នយោបាយ​រូបិយ​វត្ថុ​​ជប៉ុន
07, May 2023 , 10:00 am        
រូបភាព
រូបភាព AFP
រូបភាព AFP
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៤ ខែឧសភា បានព្រមានពីភាពមិនប្រាកដប្រជាជុំវិញ ទិសដៅនៃគោលនយោបាយរូបិយវត្ថុរបស់ជប៉ុន ដោយនិយាយថាការផ្លាស់ប្តូរដែលអាចកើតមានពីអត្រាការប្រាក់ទាបបំផុតអាចជះឥទ្ធិពលយ៉ាងសំខាន់លើទីផ្សារហិរញ្ញវត្ថុពិភពលោក។

 
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅទីក្រុង Incheon ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Krishna Srinivasan បានចង្អុលបង្ហាញពីហានិភ័យជុំវិញ ទស្សនវិស័យសេដ្ឋកិច្ចរបស់អាស៊ី រួមទាំងពីការចុះខ្សោយនៃការនាំចេញទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។ ការថយចុះផលិតភាពនៅចិន និង ការបែកបាក់នៃពាណិជ្ជកម្មពិភពលោកក៏ជាបញ្ហាចោទផងដែរ។
 
«(វា) មានភាពមិនច្បាស់លាស់ជុំវិញទិសដៅនៃគោលនយោបាយរូបិយវត្ថុនៅជប៉ុន ចំពេល មានការកើនឡើងនៃអតិផរណា»។ លោក Srinivasan ថ្លែងបែបនេះ រួចបន្តថា ការផ្លាស់ប្តូរ គោលនយោបាយរូបិយវត្ថុរបស់ជប៉ុនដែលនាំឱ្យមានការកើនឡើងបន្ថែមទៀតនៃបំណុល របស់រដ្ឋាភិបាលអាចមានការរីករាលដាលបញ្ហាជាសកលតាមរយៈអ្នកវិនិយោគជប៉ុនធំៗ ដែលមានសកម្មភាពនៅក្រៅប្រទេស។
 
លោកបានបន្ថែមថា ការធ្វើសមតុល្យផលប័ត្រឡើងវិញនៃវិនិយោគិនទាំងនេះ អាចបង្កឱ្យមានការកើនឡើងនៃទិន្នផលសកលដែលបណ្តាលឱ្យមានលំហូរចេញផលប័ត្រសម្រាប់ប្រទេសមួយចំនួន។
 
ស្របពេលជាមួយគ្នានេះ IMF រំពឹងថាសេដ្ឋកិច្ចចិននឹងជួបប្រទះនឹងការធ្លាក់ចុះនៃផលិតភាព និងការវិនិយោគដែលនឹងកាត់បន្ថយកំណើនទាបជាង ៤ ភាគរយនៅឆ្នាំ ២០២៨ ។
 
លោក Srinivasan បាននិយាយថា ការងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ចិនបន្ទាប់ពីការ បើកប្រទេសឡើងវិញពីការទប់ស្កាត់ជំងឺរាតត្បាតទំនងជានឹង​ធ្វើឱ្យការនាំចេញឡើងវិញនៅ ក្នុងប្រទេសអាស៊ីមួយចំនួនរួមទាំងកូរ៉េខាងត្បូងផងដែរ។ ខណៈពេលដែលអតិផរណាកំពុង មានកម្រិតមធ្យមនៅកូរ៉េខាងត្បូងលើតម្លៃថាមពល អតិផរណាស្នូលដែលមិនរាប់បញ្ចូល ថ្លៃម្ហូបអាហារ និងថាមពលមិនទាន់ធ្លាក់ចុះខ្លាំងនោះឡើយ។
 
IMF ក៏បញ្ជាក់ថា សេដ្ឋកិច្ចពិភពលោកបំបែកចូលទៅក្នុងប្លុកពាណិជ្ជកម្មនីមួយៗបង្កើត ជាហានិភ័យដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអាស៊ីដែលពឹងផ្អែកលើការនាំចេញ៕

Tag:
 (IMF
  ជប៉ុន)
© រក្សាសិទ្ធិដោយ thmeythmey.com