អន្តរជាតិ
EU គ្រោងដាក់ទណ្ឌកម្មក្រុមហ៊ុនចិនដែលផ្តល់ជំនួយដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន
08, May 2023 , 8:59 pm        
រូបភាព
សហភាពអឺរ៉ុប (EU) គ្រោងដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនដែលត្រូវបានជឿជាក់ថា​បាន​លក់​ឧបករណ៍​ដែលអាចប្រើក្នុងអាវុធដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ បើតាមកាសែត Financial Times ក្រុមហ៊ុនចិនចំនួនប្រាំពីរត្រូវ​បាន​ចុះបញ្ជីនៅក្នុងកញ្ចប់ទណ្ឌកម្មថ្មី​ដែលនឹងត្រូវ​​ពិភាក្សា​ដោយ​រដ្ឋ​សមាជិក EU ក្នុងសប្តាហ៍នេះ។

 
យោងតាមឯកសារខាងលើដដែល បញ្ជីទណ្ឌកម្មរួមមានក្រុមហ៊ុនចិនដីគោកចំនួនពីរគឺ 3HC Semiconductors និង King-Pai Technology រួមជាមួយនឹងក្រុមហ៊ុនចំនួនប្រាំរបស់ហុងកុង។
ក្រុមហ៊ុន King-Pai Technology ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអាមេរិករួចហើយ ដោយសារក្រុមហ៊ុននេះ ជាអ្នកផ្គត់ផ្គង់សម្រាប់អង្គភាពជាច្រើននៅក្នុង​ឧស្សាហកម្ម​យោធា​របស់​រុស្ស៊ី។
 
ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយអ៊ុយក្រែនកាលពី ១៤ ខែមុន EU បានអនុម័តកញ្ចប់ ទណ្ឌកម្មចំនួន១០ ប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនរុស្ស៊ីដោយធ្វើឱ្យមានការលំបាកផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ី។
 
ការវាយប្រយុទ្ធនៅបន្តនៅអ៊ុយក្រែន ខណៈដែលរុស្ស៊ីក៏ប្រឹងច្បាមត្រួតត្រាទឹកដីអ៊ុយក្រែនបន្ថែម។ រុស្ស៊ី ក៏ប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទថ្មី Kinzhal ។ ប៉ុន្តែអ៊ុយក្រែនអះអាងថា ខ្លួន​បាន​បាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេងនោះដោយប្រើប្រព័ន្ធការពារដែនអាកាស Patriot ដែល​ទើបទទួលបានពីអាមេរិក៕
 

Tag:
 EU
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com