ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប មិនទទួលយកលោក រ៉ុង ឈុន ជាបេក្ខជនតំណាងរាស្រ្ត ព្រោះនៅជាប់ទោស
09, May 2023 , 11:03 am        
រូបភាព
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន និយាយក្នុងវេទិកាគណបក្សភ្លើងទៀន នាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន និយាយក្នុងវេទិកាគណបក្សភ្លើងទៀន នាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសរសេរលិខិតជូនទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដើម្បីជម្រាបពីចំណុចខ្វះខាតមួយចំនួន ហើយត្រូវកែប្រែចំណុចខ្វះខាតទាំងនោះ ទើបអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតបាន។



ក្នុងចំណោមបញ្ហារបស់គណបក្សភ្លើងទៀន ដែលគ.ជ.ប រកឃើញ មានបញ្ហា១ ជាប់ទាក់ទងនឹងលោក រ៉ុង ឈុន ដែលជាអនុប្រធានគណបក្សជំទាស់លេចធ្លោមួយនេះ។ តាមរយៈលិខិត ដែលធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ លោក ទេព នីថា ប្រាប់លោក ទាវ វណ្ណុល ថា លោក រ៉ុង ឈុន ត្រូវតុលាការកាត់ទោសពីបទមជ្ឈិម ហើយរហូតមកដល់ពេលនេះ នៅមិនទាន់មាននីតិសម្បទាឡើងវិញនោះទេ។ 
 
ដូច្នេះ អគ្គលេខាធិការគ.ជ.ប ក៏ជម្រាបប្រធានគណបក្សភ្លើងទៀន ថា គណបក្សភ្លើងទៀន ត្រូវដាក់បេក្ខជនថ្មី ជំនួសលោក រ៉ុង ឈុន។ ក្នុងបញ្ជីបេក្ខជនតំណាងរាស្រ្ត លោក រ៉ុង ឈុន ឈរជាបេក្ខជនតំណាងរាស្រ្តនៅខេត្តកណ្តាល ហើយឈ្មោះលោកស្ថិតនៅលេខរៀងទី១។ 
 
នៅមានបញ្ហា២ទៀត ដែលគ.ជ.ប តម្រូវឲ្យគណបក្សភ្លើងទៀន កែតម្រូវ។ ទី១ គ.ជ.ប ទាមទារសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សភ្លើងទៀននៅក្រសួងមហាផ្ទៃចំនួន១ច្បាប់ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ទី២ គ.ជ.ប ទាមទារបង្កាន់ដៃបង់ប្រាក់១៥លានរៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ។ 
 
សូមជម្រាបថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានទៅចុះឈ្មោះគណបក្ស និងដាក់បញ្ជីបេក្ខជនតំណាងរាស្រ្ត នៅគ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ មានគណបក្សទាំងអស់២០ ដែលបានចុះឈ្មោះចូលប្រកួត ដោយក្នុងនោះ មាន១១គណបក្សហើយ ដែលត្រូវគ.ជ.ប ទទួលស្គាល់ជាផ្លូវការឲ្យចូលរួមប្រកួត ខណៈគណបក្សភ្លើងទៀន និង៨គណបក្សទៀត កំពុងស្ថិតក្នុងការពិនិត្យរបស់គ.ជ.ប៕   
 

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com