កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រោយបានមេដាយប្រាក់ កម្ពុជា នឹងបង្កើតលីគបាល់ទះអាជីព ដោយមានកូតាកីឡាករបរទេសចូលរួម
09, May 2023 , 11:26 am        
រូបភាព
អគ្គលខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ ចាត់ទុកថា ការដណ្ដើមបានមេដាយប្រាក់នេះ ជាការបំបែកកំណត់ត្រា ក្នុងប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់ក្រុមជម្រើសជាតិបាល់ទះ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះ។ ក្រុមជម្រើសជាតិកម្ពុជា ចាញ់ក្រុមឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-០សិត នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី៨  ឧសភា។



លោក អាំង សិរីពិសិដ្ឋ ពេញចិត្តចំពោះលទ្ធផលនេះ ព្រោះវាបង្ហាញពីសមត្ថភាពលេងរបស់ក្រុមបាល់ទះកម្ពុជា មួយកម្រិតថែមទៀត។ មូលហេតុដែលលោក ពិសិដ្ឋ ពេញចិត្តចំពោះលទ្ធផលកម្ពុជា ដែលសម្រាប់បានមេដាយប្រាក់នេះ ដោយសារលោកដឹងថា កម្រិតលេងរបស់ឥណ្ឌូណេស៊ី ខ្ពស់ជាងកម្ពុជា ទាំងបច្ចេកទេស និងសមត្ថភាព។ បើតាមលោក ពិសិដ្ឋ ក្រុមឥណ្ឌូណេស៊ី មានកម្រិតលេងខ្ពស់បែបនេះ ដោយសារពួកគេ មានកីឡាករលេងក្នុងលីគអាជីពក្នុងស្រុក និងក្រៅស្រុកច្រើន។
 

ឃើញចំណុចនេះហើយ កម្ពុជា គ្រោងនឹងបង្កើតលីគបាល់ទះអាជីព ដោយមានកូតាកីឡាករបរទេសយ៉ាងតិច២នាក់ចូលរួមប្រកួតនៅតាមក្លិបនីមួយៗផងដែរ ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទះកម្ពុជា ឱ្យឈានដល់កម្រិតខ្ពស់ថែមទៀត។ ជាពិសេសសម្រេចបានលទ្ធផលមេដាយមាស ដែលជាគោលដៅធំរបស់កម្ពុជា ក៏ដូចជាសហព័ន្ធបាល់ទះ។ នេះបើតាមលោក ពិសិដ្ឋ។
 
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជារូបនេះ បានបញ្ជាក់ថា៖ «យើងក៏មានចេតនា ក្នុងការបង្កើតលីគ(បាល់ទះ)ដែរ។ មូលហេតុអ្វីបានយើងត្រូវមានវីដេអូប្រកួត (Video Challenge) ព្រោះយើងចង់ប្រែក្លាយលីគនៅប្រទេសកម្ពុជាឱ្យទៅអាជីព (Professional ) ។ ហើយក្នុងករណីយើងមានលីគអាជីព ខ្ញុំជឿជាក់ថា បណ្ដាក្លិបរៀងៗខ្លួន អាចលើកកម្ពស់ (Promote) ធនធានកីឡាករសម្រាប់ក្លិបរបស់ពួកគាត់ហើយ»។
 
ក្រៅពីគម្រោងបង្កើតលីគនេះ សហព័ន្ធបាល់ទះកម្ពុជា ក៏នឹងរៀបចំឱ្យមានការប្រកួតក្នុងស្រុកឱ្យបានច្រើន ដើម្បីសម្រេចតាមផែនការអភិវឌ្ឍវិស័យបាល់ទះកម្ពុជា។ តាមរយៈសកម្មភាព និងផែនការទាំងនេះ លោក ពិសិដ្ឋ ជឿជាក់ថា កម្ពុជា នឹងអាចដណ្ដើមមេដាយមាស នៅក្នុងស៊ីហ្គេមឆ្នាំ២០២៥ ប្រទេសថៃ៕

Tag:
 អាំង សិរីពិសិដ្ឋ
  បាល់ទះ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com