អន្តរជាតិ
ឥណ្ឌូណេស៊ី និងសិង្ហបុរីថ្កោលទោសការវាយប្រហារលើមន្ត្រីអាស៊ាននៅមីយ៉ាន់ម៉ា
09, May 2023 , 12:23 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី (ខាងឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង។ រូបភាព AFP
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី (ខាងឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង។ រូបភាព AFP
ឥណ្ឌូណេស៊ី និងសិង្ហបុរី នៅថ្ងៃទី៨ ខែឧសភា បានថ្កោលទោសការវាយប្រហារប្រឆាំងនឹងក្បួន ធ្វើដំណើររួមមានទាំងមន្ត្រីអាស៊ាន ដែលបានដឹកជញ្ជូនជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។ ប្រទេសទាំងពីរក៏បានទទូចឱ្យមានការបញ្ចប់ហិង្សាក្នុងប្រទេសដែលមានជម្លោះអូសបន្លាយ ពីរឆ្នាំជាងមកនេះផង។


 
តាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី លោក​ Teuku Faizasyah ហេតុការណ៍បាញ់ប្រហារលើមន្ត្រីអាស៊ាន បានកើតឡើងនៅទីប្រជុំជន Hsi Hseng ក្នុងរដ្ឋភាគខាងលិច Shan  ហើយការធ្វើដំណើរតាមឡាននោះ មានទាំងមន្ត្រីមជ្ឈមណ្ឌលជំនួយមនុស្សធម៌អាស៊ាន។ អ្នកនៅពីក្រោយចំពោះសកម្មភាពនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នោះឡើយ។
 
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរីបាននិយាយថា បុគ្គលិកពីរនាក់នៃស្ថានទូតសិង្ហ បុរីក្នុងទីក្រុងយាំងហ្គោនដែលជាផ្នែកនៃក្បួនរថយន្តមានសុវត្ថិភាពធម្មតា ហើយបានត្រឡប់ទៅទីក្រុងវិញហើយ។ 
 
«មានតែការសន្ទនាបែបស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់នៅមីយ៉ាន់ម៉ា ប៉ុណ្ណោះ ដែលអាចសម្រួលដល់ដំណោះស្រាយដោយសន្តិវិធីដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា»។ ក្រសួងការបរទេសសិង្ហបុរីបានលើកឡើងបែបនេះ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញនៅថ្ងៃទី៨ ខែឧសភា។ 
 
ប្រធានាធិបតីឥណ្ឌូណាស៊ី លោក ចូកូ វីដូដូ មិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលលោក ហៅថា ការបាញ់ប្រហារនោះទេ ប៉ុន្តែបាននិយាយថា វានឹងមិនរារាំងកិច្ចខិតខំរបស់ឥណ្ឌូណេស៊ី និងអាស៊ានក្នុងការជំរុញសន្តិភាពនៅមីយ៉ាន់ម៉ានោះឡើយ។ យ៉ាងណាមិញ លោកនៅតែ ទទូចឱ្យមីយ៉ាន់ម៉ាឈប់ប្រើប្រាស់កម្លាំង និងអំពើហិង្សាពីព្រោះជនរងគ្រោះគឺជាប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយស្ថានភាពនេះនឹងមិនធ្វើឱ្យមានអ្នកចាញ់ ឬឈ្នះនោះទេ។
 
លោកវីដូដូបានបន្តថា ឥណ្ឌូណេស៊ីលើកទឹកចិត្តរាល់ភាគីពាក់ព័ន្ធចូលរួមលើតុសន្ទនា ដើម្បីស្វែង រកដំណោះស្រាយផងដែរ។
 
រដ្ឋាភិបាលរួបរួមជាតិស្រមោលរបស់មីយ៉ាន់ម៉ាដែលជាសម្ព័ន្ធមិត្តជាមួយកងជីវពលប្រឆាំង របបយោធាកងកម្លាំងការពារប្រជាជន (PDF) អះអាងថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះទេ ហើយក៏មិនបានអធិប្បាយអ្វីបន្ថែមចំពោះបញ្ហានេះឡើយ។ អ្នក​នាំ​ពាក្យ​​យោធា​មីយ៉ាន់ម៉ា ក៏មិន​បាន​ឆ្លើយ​តបថាយ៉ាងណាដែរ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបាននិយាយកាលពីសប្តាហ៍មុនថា បានចូល រួមដោយស្ងាត់ៗជាច្រើនខែជាមួយរបបយោធាមីយ៉ាន់ម៉ា រដ្ឋាភិបាលស្រមោល និងក្រុមជន ជាតិភាគតិចប្រដាប់អាវុធ ដើម្បីព្យាយាមចាប់ផ្តើមដំណើរការសន្តិភាព។ ឥណ្ឌូណេស៊ីដែលជា ប្រធានអាស៊ានឆ្នាំនេះរំពឹងថានឹងអាចដោះស្រាយបញ្ហាចាក់ស្រេះនេះបានមួយកំរិតបន្ថែម ទៀត៕
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
  ឥណ្ឌូណេស៊ី
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com