កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រធានក្រុមបាល់ទះ ណារ៉ូ ថា កម្ពុជា បានធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ាន លែងហ៊ានមើលស្រាល
09, May 2023 , 2:47 pm        
រូបភាព
ដ្បិតក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានត្រឹមមេដាយប្រាក់ក្តី ប៉ុន្តែកម្ពុជា បានធ្វើឱ្យប្រទេសក្នុងតំបន់ លែងហ៊ានមើលស្រាល និងមើលងាយដូចមុន។ នេះជាសម្តីប្រធានក្រុមជម្រើសជាតិបាល់ទះកម្ពុជា សួន ចាន់ណារ៉ូ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្រោយចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលកម្ពុជា ចាញ់ឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-០សិត នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី៨ ឧសភា។

 
សួន ចាន់ណារ៉ូ ទទួលយកលទ្ធផល ដែលកម្ពុជា សម្រេចបានត្រឹមមេដាយប្រាក់នេះ។ នោះក៏ព្រោះតែ ណារ៉ូ មើលឃើញថា កម្រិតលេងរបស់កីឡាករឥណ្ឌូណេស៊ីល្អជាងគេកម្ពុជា ជាពិសេសលើការការពារ , ការទទួល និងវាយសេវាចេញ (Service) ហើយស្មាត់របស់គេ គឺវាយចេញមួយៗ ចំគោលដៅច្បាស់តែម្ដង។
 
ទោះបីកម្ពុជា មិនអាចសម្រេចបានមេដាយមាសក្តី ប៉ុន្តែកម្ពុជា បានធ្វើឱ្យប្រទេសក្នុងតំបន់ លែងហ៊ានមើលងាយ និងមើលស្រាលដូចមុនទៀត។ នេះបើតាមប្រធានក្រុមបាល់ទះកម្ពុជា ដែលបានបន្ថែមថា កាលពីឆ្នាំ២០១៥ , ២០១៧ និង២០១៩ ប្រទេសក្នុងតំបន់ ចង់ប្រកួតជាមួយកម្ពុជាណាស់ ដោយសារពួកគេងាយស្រួលយកឈ្នះ។ តែពេលនេះ មិនដូចមុនឡើយ។
 

តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ សួន ចាន់ណារ៉ូ បានបញ្ជាក់ដូច្នេះថា៖«យុវសម័យ ២០២៣នេះ គេឃើញកម្ពុជា គេនឹងរអាលគេចកម្ពុជា ព្រោះកម្ពុជា មិនដូចកម្ពុជា ពីមុនឱ្យគេវាយ ទាត់(ឈ្នះ) ដោយសេរីដូចមុនទេ នៅក្នុងវិស័យបាល់ទះ»។
 
បើតាម ណារ៉ូ ដែលមានរហស្សនាម «ក្មេងតូច» រូបនេះ ក្រោយកម្ពុជា បានបង្ហាញភាពលេចធ្លោជាបន្តបន្ទាប់ នាការប្រកួតស៊ីហ្គេម ២ឆ្នាំចុងក្រោយនេះ គឺមានក្លិបបរទេសនៅក្នុងតំបន់ បានទាក់ទងកីឡាករកម្ពុជា ទៅលេងនៅក្នុងក្លិបពួកគេ។ 
 
«ខ្ញុំគ្រាន់តែបង្ហើបបន្តិចទេថា ចប់ស៊ីហ្គេម កីឡាករយើងនឹងមានតម្លៃខ្លួនទៅលេងក្រៅប្រទេសដូចជា ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី »។ នេះជាការបង្ហើបព័ត៌មានពីកីឡាករ សួន ចាន់ណារ៉ូ ដែលបានបន្ថែមថា ក្លិបបាល់ទះនៅប្រទេសថៃ បានទាក់ទងមករូបលោក និងខាងសហព័ន្ធបាល់ទះកម្ពុជា ដើម្បីនាំកីឡាករកម្ពុជាទៅលេងនៅលីគថៃ៕

Tag:
 គួន មុំ
  បាល់ទះ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com