ជាតិ
សង្គមជាតិ
ចាប់បុរសម្នាក់ ដែលបន្លំជាអាវុធហត្ថ និងហ៊ានលើកស្លាកអាវុធហត្ថនៅផ្ទះថែមទៀត
10, May 2023 , 2:05 pm        
រូបភាព
បុរស ដែលក្លែងបន្លំជាអាវុធហត្ថ និងលើកស្លាកអាវុធហត្ថនៅផ្ទះ ត្រូវចាប់ខ្លួន។ រូបពី ហ្វេសប៊ុកកងរាជអាវុធហត្ថរាជធានីភ្នំពេញ
បុរស ដែលក្លែងបន្លំជាអាវុធហត្ថ និងលើកស្លាកអាវុធហត្ថនៅផ្ទះ ត្រូវចាប់ខ្លួន។ រូបពី ហ្វេសប៊ុកកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ដោយ:
មានករណីដ៏ប្លែក១ គឺបុរស២នាក់ បានក្លែងបន្លំជាកងរាជអាវុធហត្ថ  ជំរិតទារប្រាក់ពលរដ្ឋ ហើយថែមទាំងហ៊ានលើកស្លាកថា «មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ» នៅនឹងផ្ទះរបស់់ពួកគេទៀតផង។ ជាបឋម ជនសង្ស័យម្នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនយកទៅអនុវត្តតាមច្បាប់ ខណម្នាក់ទៀតបានរត់គេចខ្លួន។

 
បើតាមការចុះផ្សាយរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង២នាក់ បានក្លែងបន្លំជាសមត្ថកិច្ច ហើយឃាត់ប្រជាពលរដ្ឋតាមផ្លូវឆែករកគ្រឿងញៀន និងគំរាមកំហែងជំរិតទារប្រាក់ពីពលរដ្ឋ។ លើសពីនេះ ពួកគេ ក៏បានលើកស្លាក «មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ» នៅផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្រុម៧ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញផងដែរ​។
 
ជនសង្ស័យម្នាក់ ត្រូវបានកងរាជអាវុធហត្ថភ្នំពេញឃាត់ខ្លួន ឯម្នាក់ទៀត បានរត់គេចខ្លួន។ ក្រោយពេលសាកសួរ ជនស្ស័យ ដែលត្រូវចាប់ខ្លួន បានសារភាពថា រូបគេពិតជាបានក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ និងយោធា ដើម្បីធ្វើសកម្មភាពឃាត់ប្រជាពលរដ្ឋតាមផ្លូវឆែករកគ្រឿងញៀន និងគំរាមកំហែងជំរិតទារប្រាក់ពិតប្រាកដមែន។ នេះបើតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
 
ជនសង្ស័យ ដែលត្រូវចាប់ខ្លួននេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។ ចំណែកជនសង្ស័យម្នាក់ទៀត សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវឃាត់ខ្លួនយកមកដាក់ទោសតាមផ្លូវច្បាប់៕
 

Tag:
 ក្លែងបន្លំជាសមត្ថកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com