អន្តរជាតិ
UN: សង្គ្រាមស៊ូដង់ បានធ្វើឱ្យប្រជាជនភៀសខ្លួនកើនដល់ជាង ៧០ម៉ឺននាក់
10, May 2023 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អង្គការសហប្រជាជាតិ (UN) នាថ្ងៃទី៩ ខែឧសភា បានលើកឡើងថា សង្គ្រាមរវាងកងទ័ព ស៊ូដង់កំពុងមានផលវិបាកកាន់តែខ្លាំងឡើងសម្រាប់ជនស៊ីវិល ខណៈចំនួនប្រជាជនដែល ត្រូវបង្ខំចិត្តបានចាកចេញពីផ្ទះ បានកើនឡើងទ្វេដងក្នុងរយៈពេលត្រឹមមួយសប្ដាហ៍។

 
តាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុករបស់ UN មនុស្សជាង ៧០ ម៉ឺននាក់ ឥឡូវនេះត្រូវបានផ្លាស់ទីលំនៅក្នុងស្រុក ក្រោយការប្រយុទ្ធចាប់តាំងពីថ្ងៃទី១៥ ខែមេសាមក។
 
«កាលពីថ្ងៃទី៩ ខែឧសភាសប្ដាហ៍មុនតួលេខមានចំនួន ៣៤ ពាន់នាក់ប៉ុណ្ណោះ»។ អ្នកនាំពាក្យ ទីភ្នាក់ងារ UN លោក Paul Dillon បានលើកឡើងបែបនេះពីទីក្រុងហ្សឺណែវដោយចង់បញ្ជាក់ ពីចំនួនមនុស្សចំណាកស្រុកកាលពីអាទិត្យមុន។
 
ចំនួនប្រជាជនឆ្លងកាត់ព្រំដែនមានការកើនឡើង ដើម្បីគេចចេញពីជម្លោះរវាងកងកម្លាំងដែល ស្មោះត្រង់នឹងអតីតប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នស៊ូដង់លោក Abdel Fattah al-Burhan និងអនុប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នស៊ូដង់លោក Mohamed Hamdan Daglo ដែលបញ្ជាកងកម្លាំងគាំទ្រយោធាប៉ារ៉ា (RSF)។
 
ការប្រយុទ្ធគ្នាបានប្រមូលផ្តុំនៅក្នុងរដ្ឋធានីខាទុំ ប៉ុន្តែតំបន់ផ្សេងទៀត ជាពិសេសតំបន់ Darfur ភាគខាងលិចជាប់ព្រំដែនឆាដ ក៏មានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរផងដែរ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់ UN បាននិយាយកាលពីថ្ងៃទី៨ ខែឧសភាថា ជនជាតិ ស៊ូដង់ចំនួន ១៥ពាន់នាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ ខណៈអ្នកដែលបន្សល់ទុក នៅតំបន់សង្រ្គាមប្រឈមមុខនឹងការខ្វះខាតទឹក ភ្លើង អាហារ និងការថែទាំវេជ្ជសាស្រ្ត ស្រ​បពេលដែលប្រហែលមួយភាគបីនៃចំនួនប្រជាជនត្រូវការជំនួយមនុស្សធម៌សូម្បីតែមុន ពេលការប្រយុទ្ធបានចាប់ផ្តើមក៏ដោយ។
 
ការជម្លៀសដែលដឹកនាំដោយបរទេសតាមរយៈផ្លូវគោក សមុទ្រ និងផ្លូវអាកាស បានបង្ហាញ ពីការចាកចេញរាប់ពាន់នាក់ទៀត ដែលភាគច្រើនឆ្លងកាត់កំពង់ផែស៊ូដង់តាមសមុទ្រក្រហម ដែលរហូតមកដល់ពេលនេះតំបន់នេះនៅតែមានសន្តិភាពនៅឡើយ៕
 

Tag:
 ស៊ូដង់
© រក្សាសិទ្ធិដោយ thmeythmey.com