អន្តរជាតិ
ជប៉ុន កំពុងរៀបចំបើកការិយាល័យអង្គការណាតូនៅក្រុងតូក្យូ
10, May 2023 , 8:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រោយរបាយការណ៍របស់កាសែត Nikkei Asia ចេញផ្សាយពីការបើកការិយាល័យ សម្ព័ន្ធយោធាណាតូនៅទឹកដីជប៉ុន អគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាមេរិក លោក Koji Tomita នាថ្ងៃទី៩ ខែឧសភា បានបញ្ជាក់បន្ថែមថា ជប៉ុនកំពុងតែធ្វើការលើការបើកការិយាល័យទំនាក់ទំនងនេះនៅទីក្រុងតូក្យូ។ យ៉ាងណាមិញ សម្ព័ន្ធយោធាណាតូផ្ទាល់នៅតែមិនទាន់លើកឡើងថាយ៉ាងណាឡើយ។

 
ក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្លឹបសារព័ត៌មានជាតិនៅទីក្រុងវ៉ាស៊ីនតោនលោក Koji Tomita អគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាមេរិក ត្រូវបានចោទសួរពីសំណួរទាក់ទងនឹងឯកសាររបស់កាសែត Nikkei Asia ក្នុងខែនេះ ដែលបង្ហាញថា ជប៉ុននឹងធ្វើជាទីតាំងសម្រាប់ការបើកការិយាល័យសម្ព័ន្ធណាតូជាលើកដំបូង ដើម្បីសម្របសម្រួលការបឹក្សាក្នុងតំបន់។
 
«ចំណុច​ដែល​អ្នក​បាន​លើក​ឡើង​ ជា​ចំណុច​មួយ​ដែល​យើង​កំពុង​ធ្វើ​ ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​របស់​យើង។ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​បាន​ឮ​ការ​បញ្ជាក់​ចុង​ក្រោយ​ណា​មួយ​អំពី​រឿង​នោះ​ទេ ប៉ុន្តែ​យើង​កំពុង​ធ្វើ​ការ​ក្នុង​ទិស​ដៅ​នោះ»។ លោក Tomita ឆ្លើយតបបែបនេះទៅកាន់សំណួរអ្នកសារព័ត៌មាន។
ចំណែកសម្ព័ន្ធយោធាណាតូមិនបានបញ្ជាក់ពីរបាយការណ៍របស់កាសែត Nikkei Asia ឡើយ ខណៈធ្លាប់និយាយថាខ្លួននឹងមិនចែករំលែកព័ត៌មានលម្អិតនៃការពិភាក្សាដែលកំពុងបន្តរបស់ រដ្ឋសមាជិកនោះទេ។
 
Tomita ដែលកំពុងធ្វើសេចក្តីសង្ខេបនៃកិច្ចប្រជុំកំពូល G7 ដែលជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៅ ទីក្រុងហ៊ីរ៉ូស៊ីម៉ា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា បាននិយាយថា កិច្ចប្រជុំនឹងស្វែងរកការ តម្រឹមកាន់តែជិតស្និទ្ធនៃវិធីសាស្រ្តរបស់ប្លុកមួយនេះចំពោះការប្រឈមជាមួយចិន។
 
គួរបញ្ជាក់ថា Nikkei Asia អះអាងពីការបើកការិយាល័យទំនាក់ទំនងនៅឆ្នាំក្រោយ ហើយ នឹងអនុញ្ញាតឱ្យមានការពិភាក្សារវាងណាតូជាមួយដៃគូសន្តិសុខដូចជា កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ជាដើមលើបញ្ហាប្រឈមភូមិសាស្ត្រនយោបាយពីចិន និងរុស្ស៊ីជាសំខាន់។
 
ក្រុងប៉េកាំងកាលពីសប្ដាហ៍មុនបានជំរុញឱ្យប្រទេសក្នុងតំបន់អាស៊ីមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលសម្ព័ន្ធយោធាណាតូពង្រីកវត្តមានក្នុងតំបន់មួយនេះ ហើយរិះគន់ថា ការជ្រៀតជ្រែកក្នុងកិច្ចការតំបន់ ការប៉ុនប៉ងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់របស់សម្ព័ន្ធយោធាណាតូ នឹងជំរុញឱ្យមានការប្រឈមមុខដាក់គ្នា៕
 

Tag:
 ណាតូ
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com