ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន ដាក់ដំណើការ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង» ជាផ្លូវការ 
រូបភាពពី៖ ក្រសួងបរិស្ថាន
×![]()
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យដំណើរការ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង» ជាផ្លូវការ ដើម្បី រក្សាទុក គ្រប់គ្រង និងវិភាគទិន្នន័យ។ ការដាក់ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង»នេះ មានការចូលរួមដៃគូអភិវឌ្ឍន៍ មន្ទីរបរិស្ថាន រាជធានី-ខេត្ត២៥ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល។
បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន គោលបំណងនៃការបង្កើត «ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង» ដើម្បីរក្សាទុក គ្រប់គ្រង និងវិភាគទិន្នន័យ និងការជួយពង្រឹងដល់ការរៀបចំផែនការ ការសម្រេចចិត្ត ការតាមដាន និងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ នៅកម្ពុជា។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ រូបភាព៖ ក្រសួងបរិស្ថាន
«ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង ជាឧបករណ៍ដ៏ពិសិដ្ឋ ជំនួយដល់ការសម្រេចចិត្តអោយបានត្រឹមត្រូវ និងរៀបចំគោលនយោបាយ ប្រកបដោយភាពជាក់ស្តែង ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ សម្បត្តិធម្មជាតិ និងការរស់នៅដោយចីរភាព»។ នេះជាការលើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ជាមួយគ្នានេះ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង» មានចំណុចសំខាន់ៗចំនួន៤ គឺ ផ្នែកទិន្នន័យ ជាថ្នាក់ឌីជីថល អនុញ្ញាតឱ្យអ្នកប្រើប្រាសរក្សាទុក ទាញយក ទិន្នន័យផ្សេងៗ មកធ្វើការវិភាគ និងផលិតផែនទីតាមតម្រូវការ។
ចំណុចទី២ ជាផ្នែកគាំទ្រសេចក្តីសម្រេចចិត្ត មានដូចជា GIS Zonation Model សម្រាប់គាំទ្រ និងពន្លឿនការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងប្រព័ន្ធតាមដានធនធានព្រៃឈើ និងភ្លើងឆេះ ព្រៃ និងប្រព័ន្ធផ្សេងៗ។
ចំណុចទី៣ នៃ«ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង» គឺការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការគ្រប់គ្រងប្រើប្រាស់ ប្រមូល វិភាគ និងចែករំលែកទិន្នន័យ ក្នុងប្រព័ន្ធទិន្នន័យបរិស្ថានស្រុកយើង។ ចំណុចចុងក្រោយ គឺការចូលរួម និងកិច្ចសហប្រតិបត្តិរវាង ក្រសួង ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ស្ថាប័នអប់រំ និងស្រាវជ្រាវវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com