អន្តរជាតិ
មន្ត្រីណាតូ៖ ទ័ពរុស្ស៊ីច្រើនតែប្រើអាវុធហួសសម័យ ឯទ័ពនិងអាវុធអ៊ុយក្រែនតិចតែមានគុណភាព
11, May 2023 , 8:59 pm        
រូបភាព
មន្ត្រីយោធាជាន់ខ្ពស់របស់សម្ព័ន្ធយោធាណាតូ បាននិយាយនៅថ្ងៃទី១០ ខែឧសភាថា សង្គ្រាមនៅ​អ៊ុយក្រែន នឹងក្លាយជាសមរភូមិរវាងកងទ័ពរុស្ស៊ីមួយចំនួនធំដែលបានទទួលការបណ្តុះបណ្តាល​មិន​សូវល្អ និងឧបករណ៍ហួសសម័យ ជាមួយកម្លាំងអ៊ុយក្រែនតូចជាងតែមានអាវុធ និងការហ្វឹកហ្វឺន​ពី​លោកខាងលិចកាន់តែប្រសើរ។

 
នៅក្រោយកិច្ចប្រជុំរបស់ប្រមុខយោធានៃរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូនៅទីក្រុងព្រុចសែល ប្រធាន​គណៈកម្មាធិការយោធាសម្ព័ន្ធណាតូឧត្តមនាវីឯក Rob Bauer បានថ្លែង​ប្រាប់​អ្នកសារព័ត៌មានថា រុស្ស៊ី​ឥឡូវនេះកំពុងដាក់ពង្រាយរថក្រោះស៊េរីចាស់ T-54 ដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវរចនា​ឡើង​ប៉ុន្មាន​ឆ្នាំ​ក្រោយសង្គ្រាមលោកលើកទីពីរ។
 
«ប៉ុន្តែ​បញ្ហា​គឺ​ពួកគេ​នៅ​មាន​ T-54 ច្រើន​។​ ដូច្នេះ​បើ​និយាយ​ពីចំនួនតួ​លេខ​ បរិមាណ​ វា​ជា​បញ្ហា​»។ លោក Bauer កត់សម្គាល់បែបនេះរួចបន្តថា អ្វី​ដែល​នឹង​ឃើញ​នៅ​ពេលនេះ​គឺ​​រុស្សី​នឹង​ផ្តោត​ទៅ​លើ​បរិមាណ ​ចំនួន​ទាហាន​កាន់​តែ​ច្រើន និង​ការ​កៀរគរ​មនុស្ស​ដែលមិន​សូវ​បាន​ហ្វឹកហ្វឺន​ល្អជាមួយ​សម្ភារៈ​យោធា​ចាស់ៗ ប៉ុន្តែក្នុងចំនួនដ៏ច្រើន។ 
 
ចំពោះអ៊ុយក្រែនវិញ លោក Bauer អះអាងថា ផ្ដោតលើគុណភាពជាមួយនឹងប្រព័ន្ធអាវុធលោក ខាងលិច និងព្រមទាំងការបណ្តុះបណ្តាលពីលោកខាងលិចផងដែរ។ ការណ៍នេះធ្វើឱ្យមានភាព​ខុស​គ្នា​ខ្លាំងរវាងកងកម្លាំងយោធាទាំងសងខាង។
 
បើតាម​លោក Bauer ប្រមុខយោធារដ្ឋសមាជិកណាតូក៏បានបញ្ជាក់ឡើងវិញអំពីការគាំទ្រ​ដោយ​មិន​ឈប់ឈរចំពោះមុខតំណាងអ៊ុយក្រែននៅក្នុងកិច្ចប្រជុំនេះ ហើយសម្ព័ន្ធណាតូ​នឹង​បន្តគាំទ្រ​អ៊ុយក្រែន​ដរាបណាអ៊ុយក្រែននៅតែត្រូវការ។
 
រុស្ស៊ី និងអ៊ុយក្រែនអាចនឹងមានការប្រឈមមុខដាក់គ្នាបន្ថែមទៀតក្នុងខែឧសភានេះខណៈដែល ក្រុង​កៀវបានព្រមានថា ខ្លួននឹងបង្កើនការវាយលុកក្នុងខែនេះស្របពេល​ទទួលបាន​ជំនួយ​យោធា​បន្ថែម​ពី​សម្ព័ន្ធមិត្ត៕
 

Tag:
 ណាតូ
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com