អន្តរជាតិ
កូរ៉េខាងត្បូង សម្លាប់គោក្របីរាប់រយក្បាលក្រោយផ្ទុះឡើងជំងឺពងបែកមាត់និងជើង
11, May 2023 , 9:59 pm        
រូបភាព
អាជ្ញាធរកូរ៉េខាងត្បូង បានបញ្ជាឱ្យសម្លាប់គោក្របីរាប់រយក្បាល និងដាក់ចេញនូវវិធានការការពារ សុវត្ថិភាព បន្ទាប់ពីមានការបញ្ជាក់ពីករណីជំងឺពងបែកមាត់ និងជើងនៅក្នុងកសិដ្ឋានក្នុងខេត្តភាគ កណ្តាលប្រទេស។

 
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ការផ្ទុះឡើងនៃជំងឺពងបែកមាត់ និងជើង លើសត្វគោក្របីនេះ ជាករណីត្រូវបានបញ្ជាក់ជាលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ២០១៩ មក។ ក្រសួងកសិកម្មកូរ៉េខាងត្បូង បញ្ជាក់ថា ការឆ្លងបច្ចុប្បន្នបានកើតឡើងនៅក្នុងកសិដ្ឋាន​ចំនួនបី​នៅ​ទីក្រុង Cheongju ក្នុងខេត្ត Chungcheong ខាងជើង ដែលស្ថិតនៅភាគខាងត្បូងរដ្ឋធានីសេអ៊ូល។
 
«ស្ថាប័នពាក់ព័ន្ធ និងរដ្ឋាភិបាលមូលដ្ឋាន ស្នើឱ្យខិតខំអស់ពីកម្លាំងកាយចិត្តលើវិធានការ​បង្ការ ដើម្បី​បញ្ឈប់ការរីករាលដាលនៃជំងឺពងបែកមាត់ និងជើង»។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម Kim In-joong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែល។
 
ជំងឺ​ពងបែក​មាត់​ និងជើងគឺ​អាច​ឆ្លង​បាន​យ៉ាង​ងាយស្រួល ហើយ​បង្ក​ឱ្យ​មាន​ដំបៅ និង​ខ្វិន​ចំពោះ​គោ ក្របី ចៀម ពពែ និង​សត្វ​មាន​ក្រចកជើងពីរ​ផ្សេង​ទៀត ប៉ុន្តែ​មិន​ប៉ះពាល់​មនុស្ស​ឡើយ ។
 
ក្នុងសេចក្ដីថ្លែងការណ៍ដដែល ក្រសួងកសិកម្មកសិកម្មកូរ៉េខាងត្បូង អះអាងដែរថា មន្ត្រីក្រុមមួយ​ត្រូវ​បានបញ្ជូនទៅកាន់តំបន់នេះដើម្បីស៊ើបអង្កេតការផ្ទុះឡើង និងដើម្បីសម្លាប់មេរោគលើ​កសិដ្ឋាន​ក្នុង​តំបន់ជុំវិញ។ ក្រោមវិធានការដែលដាក់ចេញ អាជ្ញាធរគ្រោងសម្លាប់សត្វគោក្របីប្រហែល៣៦០ក្បាល​ទៀត។
 
បន្ថែមពីនេះ ការចាក់វ៉ាក់សាំង និងការធ្វើតេស្តនៃជំងឺពងបែកលើជើង និងមាត់ក៏ត្រូវបានធ្វើ ឡើងនៅក្នុងកសិដ្ឋានចិញ្ចឹមគោក្របីនៅក្នុង និងនៅជិតទីក្រុង Cheongju ផងដែរ៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com