ជាតិ
៥ឆ្នាំនេះ ខេត្តកែប ទទួលបានទេសចរជាង៦លាននាក់
13, May 2023 , 8:19 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ខេត្តកែប ជាខេត្តពោរពេញដោយតំបន់ទេសចរណ៍ និងតំបន់សេដ្ឋកិច្ច។ ៥ឆ្នាំមកនេះ ខេត្តជាប់មាត់សមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរចំនួន ៦ ៧០៤ ០៣៤នាក់ ក្នុងនោះមានទេសចរជាតិ  ៦ ៥៥១ ២៣១នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ១៥២ ៨០៤នាក់ ។


លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បាននិយាយថា ខេត្តកែបមានសក្ដានុពលពីធម្មជាតិ បានទាក់ទាញទេសចរជាច្រើនឱ្យទៅកម្សាន្តក្នុងខេត្តនេះ កែប គឺជាខេត្តមានសក្តានុពលយ៉ាងច្រើនសម្បូរបែបដល់ទៅ៣៨កន្លែង ដែលមានឆ្នេរកែប, តំបន់សក្តានុពលកោះ, បាតសមុទ្រ ក៏ដូចជាសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងកសិ-ទេសចរណ៍ជាច្រើនទៀត។ 
 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកែប នៅថ្ងៃទី១១ ខែឧសភា។ 
  

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ រូបភាពពី៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
 
 លោក ពិសិដ្ឋ បានបន្ថែមថា តំបន់ទេសចរណ៍តាមឆ្នេរ និងកោះដែលមានអំណោយផលពីធម្មជាតិ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន រួមមាន ឆ្នេរលិចទឹក, កោះទន្សាយ, ឆ្នេរអង្កោល, ភ្នំវល្លិ៍,  ឧទ្យានកែប, ឆ្នេរ​លេង​ទឹក, ព្រៃ​កោងកាង, វាល​លំហែ​ជ្រោយ​ដូង, ផ្សារ​ក្តាម, ឆ្នេរ​អង្កោល និងកោះ​អាចម៍សេះជាដើម។ 
 
ទឹកដីកែបនេះ មានកូនភ្នំតូចៗ ដែលសម្បូរទៅដោយព្រៃឈើ ស្ថិតនៅដាច់ៗពីគ្នា។ លើសពីនេះ  នៅបាតសមុទ្រមានផ្កាថ្ម សារាយ និងសត្វសមុទ្រជាច្រើន។ អភិបាលខេត្តកែបរូបនេះ បានបន្ថែមថា កោះមួយចំនួនទៀតក្នុងខេត្ត កំពុងអភិវឌ្ឍន៍ ទៅជាតំបន់សក្តានុពល។ 
 
សូមជម្រាបដែរថា រដ្ឋបាលខេត្តកែប ក៏កំពុងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរ។ ក្រៅពីនេះ ខេត្តកែប មានបន្ទប់ស្នាក់នៅប្រមាណ ១៥០០បន្ទប់ផងដែរ៕
 

Tag:
 ទេសចរណ៍
 ខេត្តកែប
© រក្សាសិទ្ធិដោយ thmeythmey.com